ក្រុមហ៊ុនដីឡូតិ៍ សម្បត្តិរតនៈវិសាល ខេត្តកំពង់ឆ្នាំង រងការចោទប្រកាន់ ពីពលរដ្ឋថា មិនគោរពកិច្ចសន្យា!!!

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រមាណ៤៧គ្រួសារ មកពីបណ្តាខេត្តផ្សេងៗបានប្រមូលផ្តុំគ្នា នៅមុខស្នាក់ការក្រុមហ៊ុនដីឡូតិ៍មួយកន្លែងដែលមានទីតាំងនៅភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីស្នេីឲ្យលោក ជុង ហៃយ៉េន ហៅ ហេង ម្ចាស់ក្រុមហ៊ុនដីឡូតិ៍ សម្បត្តិរតនៈ វិសាល ខេត្តកំពង់ឆ្នាំង ទទួលខុសត្រូវ លើកិច្ចសន្យារបស់ខ្លួន នេះជាការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលបានទិញដីឡូត៍ខាងលើនេះ។

ប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន សម្បត្តិរតនៈវិសាល ទាំងនោះបានលើកឡើងថាពួកគាត់បានមកទិញដីឡូតិ៍ពីលោក ជុង ហៃយ៉េន ជាអគ្គនាយក ក្រុមហ៊ុនសម្បត្តិរតនៈវិសាល ជាច្រើនឆ្នាំមកហើយ ខ្លះក៏បានបង់ប្រាក់ឲ្យទៅខាងក្រុមហ៊ុនគ្រប់ចំនួន ខ្លះទៀតក៏ នៅខ្វះបន្តិចបន្តួច ប៉ុន្តែមកទល់ពេលនេះក្រុមហ៊ុនមិនទាន់បានកាត់ប្លង់កម្មសិទ្ធិឲ្យគាត់នៅឡើយទេ។

ដោយសារតែការអស់ជំនឿលេីការសន្យាម្ដងហើយម្ដងទៀតរបស់អគ្គនាយកក្រុមហ៊ុនសម្បត្តិរតនៈវិសាល  អតិថិជនទាំងអស់ក៍បានដាក់ពាក្យបណ្ដឹងចូលមកសាលាឃុំជ្រៃបាក់ ដើម្បីស្នើសុំជួយអន្តរាគមន៍ ហេីយនៅថ្ងៃទី  ៣០ខែមិថុនាឆ្នាំ២០២៣ លោក ជុង ហៃយ៉េន អគ្គនាយកក្រុមហ៊ុន បានអញ្ជើញមកធ្វើកិច្ចសន្យានៅចំពោះមុខអាជ្ញាធរឃុំ ដោយនៅក្នុងខ្លឹមសារបានឯកភាពគ្នា ដូចនៅខាងក្រោមនេះ
ឯកភាពក្នុងការធ្វើប្លង់បំបែកក្បាលដី(ប្លង់រឹង)ដោយប្រើរយះពេលពី៦ខែដល់ ១២ខែ ដោយគិតចាប់ពីថ្ងៃ០១ខែកក្កដាឆ្នាំ២០២៣តទៅ ប្រសិនបើរយះពេលខាងលើនៅតែមិនអាចបំបែកក្បាលដី (ប្លង់រឹង)បានទេលោក ជុង ហៃយ៉េនជាម្ចាស់ដីត្រូវ សងសំណង១គុណ២ដងនៃប្រាក់ដែលអតិថិជនបានបង់កន្លងមក តែប្រសិនបើចេញប័ណ្ណបំបែកក្បាលដីរួចហើយ ក្រុមហ៊ុនជូនដំណឹងទៅ អតិថិជនក្នុងរយះពេល០៦ខែមិនមកទទួលប័ណ្ណ និងមិនបង់ប្រាក់ដាច់ទេ ត្រូវសងមកលោកជុង ហៃយ៉េនស្មើនិងប្រាក់ដែលនៅសល់គុណនឹង០២ដងដែរ។

បើយោងតាមបញ្ជីឈ្មោះប្រជាពលរដ្ឋជាអតិថិជនចំនួន ៤៧នាក់ដែលបានទិញដីឡូតិ៍របស់ក្រុមហ៊ុនសម្បត្តិរតនៈវិសាលស្ថិតនៅក្នុងភូមិព្រៃពួចឃុំជ្រៃបាក់ស្រុកលាប្អៀរខេត្តកំពង់ឆ្នាំងក្នុងអំឡុងពេល២ទៅ៣ឆ្នាំកន្លងមកនេះគិតជាទឹកប្រាក់ប្រហែលជាង ៧០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

បើទោះជាមានការលើកឡើងរបស់អតិថិជនបែបនេះក្តីលោកជុង ហៃយ៉េន អគ្គនាយកដីឡូតិ៍ក្រុមហ៊ុនរតនៈវិសាលបានឲ្យដឹងតាមទូរស័ព្ទថា គាត់បានធ្វើកិច្ចសន្យាជាមួយគ្នានៅសាលាឃុំ និងសាលាស្រុករួចហើយ ត្រៀមនឹងជួបគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះដើម្បីរៀបចំកាត់ប្លង់រឹងជូនពួកគាត់ហើយ ក្នុងនោះគាត់បញ្ជាក់បន្ថែមថា រឿងនេះមានអ្នកខ្លះបង់លុយគ្រប់អ្នកខ្លះបង់លុយមិនទាន់គ្រប់ តែគាត់មិនពិន័យតាមកិច្ចសន្យានោះទេ ព្រោះគាត់យល់ថាជាវិបត្តិសេដ្ឋកិច្ចដូចគ្នា។

ទោះជាមានការបកស្រាយពីអគ្គនាយកក្រុមហ៊ុនសម្បត្តិរតនៈវិសាលយ៉ាងណាក្តីប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុនមួយនេះនៅតែទទូចស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយពន្លឿននៃការដោះស្រាយជូនពួកគាត់ដោយការអនុគ្រោះព្រោះថាពួកគាត់មិនមានជំនឿទៅលើក្រុមហ៊ុនមួយនេះទៀតឡើយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *