សាលាវេសហ្គេតអន្តរជាតិ ខេត្តសៀមរាបបើកបង្ហាញ ពិព័រណ៍អប់រំ នៃស្នាដៃសិស្សា នុសិស្សប្រមាណជិត ៥០គម្រោងប្រចាំឆ្នាំសិក្សា ២០២៣.២០២៤

សៀមរាប៖ នៅព្រឹកថ្ងៃទី១៣ខែ កក្កដា ឆ្នាំ២០២៤នេះសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបបានបើកបង្ហាញពិព័រណ៍អប់រំនៃស្នាដៃសិស្សានុសិស្សប្រមាណជិត៥០ស្តង់ប្រចាំឆ្នាំសិក្សា២០២៣.២០២៤នៅផ្សារហេរីថេកវ៉កក្រុងសៀមរាបក្រោមវត្តមានចូលរួមពីសំណាក់លោក អ៊ឹង គឹមលាងអភិបាលរងខេត្តសៀមរាប និងអស់លោក លោកស្រីតំណាង ប្រធានមន្ទីរ អង្គភាព អង្គការ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងមាតាបិតាអ្នកអាណាព្យាបាលសិស្សជាច្រើននាក់បានចូលរួមផងដែរ។លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិបានមានប្រសាសន៍ថាដោយយសារមើលឃើញនូវតម្រូវការជាក់ស្តែង ដែលសិស្សានុសិស្សត្រូវសិក្សាទ្រឹស្តីភ្ជាប់ជាមួយនឹងការអនុវត្ត គណៈ គ្រប់គ្រងសាលាបានផ្តួចផ្តើមគំនិតជាមួយលោកគ្រូ អ្នកគ្រូ ទាំងខ្មែរ និងបរទេសដើម្បីរៀបចំ និងបំផុសអោយសិស្សានុសិស្សបានបង្កើតកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ដោយមានទាំងផ្នែកវិទ្យាសាស្ត្រ ផ្នែកសង្គមសាស្ត្រ ផ្នែកអក្សរសាស្ត្រ ផ្នែកសិល្បៈ និងផ្នែកស្ថាបត្យកម្មហើយនេះគឺជាឆ្នាំទី១០និងមានស្តង់ចំនួនសរុប៤៦ស្តង់ឬគម្រោង ។ លោក រ័ត្នរស្មី បានបន្តថាការបើកបង្ហាញពិព័រណ៍អប់រំនៃស្នាដៃសិស្សានុសិស្សនាពេលនេះគឺ ក្នុងបំណងបំផុសស្មារតីសិស្សឱ្យរក្សាសាមគ្គីគ្នាជាធ្លុងមួយ មានគំនិតស្រាវជ្រាវឆ្នៃប្រឌិត បង្កើតស្នាដៃ ចេះធ្វើការងារជាក្រុម និងចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមកផងដែរ។ ហើយកម្មវិធីនេះ នឹងផ្តល់ជ័យលាភី ដល់ក្រុមសិស្ស ១៨ក្រុមដែលត្រូវបានជ្រើសរើសនិងឆ្លងកាត់គណៈ កម្មការវាយតំលៃចំនួន៥រូបទាំងខ្មែរ និងបរទេស។លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិ លើកឡើងថាបន្ថែមថាពិព័រណ៍ស្នាដៃសិស្សនេះ ពិតជាបានបង្ហាញអត្ថន័យ និងអត្ថរសដ៏មានសារៈប្រយោជន៍ដល់ ប្អូនៗ ជាពិសេសគឺបង្ហាញពីការសាមគ្គីគ្នាជាធ្លុងមួយ និងគំនិតស្រាវជ្រាវឆ្នៃប្រឌិតដើម្បីបង្កើតបានជាគំរោង។យោងតាមកាលានុវត្តភាពពិភពលោក ក៏ដូចជាក្នុងតំបន់ ជាពិសេសក្រោមការកំណែទម្រង់ស៊ី ជម្រៅរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលផ្តោតទៅលើការសិក្សាទ្រឹស្ដីដោយភ្ជាប់ជាមួយនឹងការអនុវត្តហើយក៏ស្របគ្នាជាមួយនឹងចក្ខុវិស័យរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ បានខិតខំរួមកំលាំងគ្នាក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព ទាំងទ្រឹស្តី និង ទាំងការអនុវត្ត ផ្ទាល់ ជាសក្ខីភាពនៅពេលនេះសិស្សានុសិស្សចាប់ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ទាំងកម្មវិធីភាសាខ្មែរ ភាសារអង់គ្លេស និងភាសាចិន នៃសាលាវេសហ្គេតអន្តរជាតិ ទាំង៣សាខានៅក្នុងក្រុងសៀមរាបបានចងស្នាដៃពិព័រណ៍អប់រំនេះឡើងដើម្បីអោយការសិក្សារបស់ប្អូនៗកាន់តែរីកចម្រើន និងមានបំណិនបង្កើតស្នាដៃពិព័រពណ៌ កាន់តែទទួលបាននូវចំនេះដឹងទូលំទូលាយ ពោលគឺប្អូនៗចេះទាំងទ្រឹស្តី ចេះទាំងការអនុវត្ត។ ក្នុងនោះដែរលោក អ៊ឹង គឹមលាង អភិបាលរងខេត្តបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ធនធានមនុស្សលើគ្រប់ផ្នែក ប្រកបដោយគុណភាព និងមានគុណធម៌ល្អប្រពៃ ដែលឆ្លើយតបទៅនឹងសំណូមពរ នៃការអភិវឌ្ឍ សង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើន ជឿនលឿន ដែលផ្អែកលើមូលដ្ឋានចំណេះដឹង លើគ្រប់វិស័យ រួមទាំងវិទ្យាសាស្រ្តបច្ចេកទេស និងចំណេះធ្វើ ហើយដើរស្របជាមួយនឹងការរីកចម្រើន នៃបណ្តាប្រទេសនៅក្នុងតំបន់ និងពិភពលោក។ លោកអភិបាលរងខេត្តបន្តថាចំពោះការសិក្សា សិស្សានុសិស្ស ដែលអាចនឹងទទួលបានលទ្ធផលល្អ និងជោគជ័យ ក្នុងការសិក្សារបស់ខ្លួន គឺអាស្រ័យដោយកត្តា ៥យ៉ាង ដែលមិនត្រូវមើលរំលងបាននោះគឺ កត្តាមាតាបិតា កត្តាសាលារៀន កត្តាខ្លួនឯង កត្តាគ្រូបង្រៀន និងកត្តា ដែលសំខាន់ជាពិសេសនោះគឺ កត្តាប្រទេសជាតិមានសុខសន្តិភាព។ លោក អភិបាលរងខេត្តបានថ្លែងកោតសរសើរដល់ចំពោះ គណៈគ្រប់គ្រង បុគ្គលិក សហការី នៃសាលាវេសហ្គេតអន្តរជាតិ ទាំង៣សាខា ដែលបានចំណាយពេលវេលា និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ទេរនូវចំណេះដឹង និងបទពិសោធន៍ល្អៗទៅឱ្យក្មួយៗសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹង ប្រកបដោយគុណភាព ដែលទាំងអស់នេះបានបញ្ជាក់ពីការផ្សារភ្ជាប់ រវាងកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការបម្រើសេវាសាធារណៈ និងប្រសិទ្ធភាព គុណភាព ស្តង់ដារអប់រំ ដែលអាចទទួលយកបានក្នុងស្ថានភាព នៃការរីកចម្រើនរបស់ពិភពលោក ដែលយើងរស់នៅ។ លោកអភិបាលរងខេត្តក៍បានបានធ្វើការកោតសរសើរចំពោះស្នាដៃក្មួយៗសិស្សនុសិស្សជា ពិសេសក្មួយៗតូចៗ ដែលបានព្យាយាមសហការគ្នានៅក្នុងស្រាវជ្រាវ និងស្វែងរកនូវគំនិតឆ្នៃប្រឌិត ក្នុងបង្កើតឧបករណ៍ និងសម្ភារៈប្រើប្រាស់ ជាច្រើនថ្មី ហើយមានសភាពប្លែកផងដែរ។លោកអ៊ឹង គឹមលាង ក៏បានមានប្រសាសន៍ផ្តាំផ្ញើរដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ត្រូវប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្តខិតខំគាំទ្រ និងបំពេញការងារស្របតាមតួនាទី និង ភារកិច្ច ធ្វើយ៉ាងណាឲ្យការងារអប់រំដល់សិស្សានុសិស្សមានគុណភាពល្អ សំដៅដល់ចរិភាពឲ្យបានល្អ សំដៅធានានូវគុណភាពស្តង់ដារខ្ពស់មានចីរភាព ប្រសិទ្ធភាព និងមានឧត្តមភាព ប្រកួត ប្រជែងនៅ ក្នុងតំបន់ និងពិភពលោកផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *