សៀមរាប៖ ក្លឹបម៉ូតូFriendly Bikers Cambodia និងElite Event និង សមាគមទេសចរណ៍កម្ពុជា បានរៀបចំព្រឹត្តិការណ៍ (Big Bike meeting Elite Night) បាននាំក្បួនម៉ូតូធំប្រមាណជា១៥០គ្រឿង មកជួបជុំគ្នានៅផប់ស្ទ្រីតក្រុងសៀមរាបកាលពីល្ងាចថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២៤ ដើម្បីចូលរួមជម្រុញចលនាទេសចរណ៍ក្នុងស្រុក និងផ្សព្វផ្សាយពីសក្តានុពល វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ស្របតាមគំនិតផ្តួចផ្តើម “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ព្រមទាំងចូលរួមគាំទ្រយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ ។ ព្រឹត្តិការណ៍នេះទទួលបានការរគាំទ្រពីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តសៀមរាប រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែក ក្នុងការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ខេត្តសៀមរាប តាមរយៈវិស័យកីឡាម៉ូតូធំ ស្របពេលដែលក្រសួងទេសចរណ៍ខិតខំប្រឹងប្រែងជម្រុញនិងបង្កើនគោលដៅទាក់ទាញទេសចរណ៍ទូទាំងប្រទេសក៏ដូចជាខេត្តសៀមរាប ស្របតាមផែនការមេ (អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥) ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា ខេត្តសៀមរាប ជាតំបន់គោលដៅទេសចរណ៍លំដាប់ពិភពលោក ហើយវិស័យទេសចរណ៍នៅកម្ពុជា គឺជាកត្តាជម្រុញដ៏សំខាន់មួយ ក្នុងចំណោមកត្តាជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបដូចជា ការស្ថាបនាផ្លូវទាំង៣៨ខ្សែ និងកែលម្អសោភ័ណភាពក្នុងក្រុង និងក្នុងតំបន់រមនីយដ្ឋានអង្គរ ការសាងសង់ព្រលានយន្តហោះថ្មី ការរៀបចំព្រឹត្តិការណ៍នានា សម្រាប់ទាក់ទាញភ្ញៀវទេសចរ អភិវឌ្ឍក្រុងសៀមរាបឲ្យក្លាយជាទីក្រុងឆ្លាតវៃ ពង្រីកទេសចរណ៍សហគមន៍ និង ពង្រឹងការផ្តល់សេវាទេសចរណ៍ប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ។
ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានប្រសាសន៍លើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់ ជាមួយនឹងស្នាមញញឹម និង ក្តីសង្ឃឹម រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវកម្មវិធីនយោបាយជាច្រើនចំណុចទៅតាមវិស័យ ក្នុងនោះទាក់ទងនឹងវិស័យទេសចរណ៍ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវចំណុចជាច្រើនដូចជា៖ជំរុញវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និង ធម្មជាតិដែលត្រូវបានចាត់ទុកជា “មាសបៃតង” ។ ឯកឧត្តមបានលើកពីកិច្ចខិតខំបន្តជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ ដូចជាផ្លូវ,ទឹកស្អាត, អគ្គិសនី, ព្រលានយន្តហោះ ប្រព័ន្ធទូរគមនាគមន៍ឲ្យបានល្អប្រសើរ និង ពង្រឹងសមត្ថភាព សិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍,ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ,ការលើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច និង ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបន្តជម្រុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និង រំហូរទេសចរអន្តរជាតិក្នុងការទស្សនាប្រទេសកម្ពុជា និង បន្តពង្រីកការអភិវឌ្ឍទេសចរណ៍នៅតាមគោលដៅនានាដូចជា សហគមន៍ទេសចរណ៍, អេកូទេសចរណ៍ និង កសិទេសចរណ៍ ក្រោមកិច្ចសហការជាមួយអន្តរស្ថាប័ន និង ភាគីពាក់ព័ន្ធឲ្យបានល្អប្រសើរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប