ពិធីសូត្រមន្ត ប្រោះព្រហ្មបើកហាងថ្មី នៃមជ្ឈមណ្ឌលតម្បាញសូត្រពួក ខេត្តសៀមរាប

សៀមរាប៖ នៅមជ្ឈមណ្ឌលតម្បាញសូត្រពួក ខេត្តសៀមរាប បានធ្វើការនិមន្តព្រះសង្ឃ សូត្រមន្តចម្រើនព្រះបរិត្យ ប្រោះព្រហ្ម សុំនូវសេចក្តីសុខ ក្នុងឱកាសបើកហាងថ្មី របស់មជ្ឈមណ្ឌលតម្បាញសូត្រពួក ឡើងវិញ ក្រោយបានអាក់ខានក្នុងរយៈពេលជួបនូវវិបត្តិជម្ងឺកូវិដ១៩ ។ ក្នុងពិធីនោះដែរដោយមានវត្តមានចូលរួមពីលោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បកម្មអង្គរ និងបុគ្គលិក សិប្បករ ចូលរួមផងដែរ នៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២៤។
ក្នុងពិធីសំណេះសំណាលជាមួយសិប្បករ មជ្ឈមណ្ឌលតម្បាញសូត្រពួក លោក កាយ ឡូត បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលតម្បាញសូត្រពួក បានបើកដំណើរការចាប់ពីឆ្នាំ១៩៩៤ ក្នុងរូបភាពតូច រហូតបានបង្កើតជាក្រុមហ៊ុនដែលមានលក្ខណៈសង្គម ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានវិវត្តចេញពីគម្រោងអប់រំមួយឈ្មោះថា ការដ្ឋានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា និង រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និង កម្មវិធីរបស់សហគមន៍អឺរ៉ុប ដែលផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារ និងផ្តល់ការងារដល់សិប្បករ ដែលបានទទួលការបណ្តុះបណ្តាលនឹងហ្វឹកហាត់រួច ។ ម៉្យាងវិញទៀត មជ្ឈមណ្ឌលតម្បាញសូត្រពួក បានទ្រទ្រង់ និង ថែរក្សាកេរ្ត៍ដំណែលវប្បធម៌ និង សិប្បកម្ម បុរាណរបស់ប្រទេសកម្ពុជា និង មានឥទ្ធិពលជាវិជ្ជាមានដល់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាលមូលដ្ឋានទៀតផង ។ លោកក៏បានបន្តទៀតថា នេះជាការជួបជុំគ្នាមួយនៃមហាគ្រួសារ នៃមជ្ឈមណ្ឌលតម្បាញសូត្រពួក របស់ក្រុមហ៊ុនសប្បករអង្គរ ក្រោយពេលជម្ងឺកូវិដ១៩ បានសាបសូន្យទៅ បានធ្វើឲ្យយើងធ្វើការប្រមូលផ្តុំដល់បុគ្គលិកបម្រើការងារ និង ក្រុមសិប្បករ ទាំងជំនាញចន្លាក់ឈើ ,ចន្លាក់ថ្ម និង ផ្នែកតម្បាញសូត្រ ចំនួន១៨០នាក់ ។ លោកបានបញ្ជាក់ថា នៅមុនកើតវិបត្តិ ជម្ងឺកូវិដ ១៩ នៅមជ្ឈមណ្ឌលតម្បាញសូត្រពួក មានសិប្បករ ប្រមាណជាង៤០០នាក់ ហើយដំណាក់កាលទី១ ជ្រើសរើសយក១៨០នាក់ នៅពេលមជ្ឈមណ្ឌលដំណើរការទៅល្អ និងបន្តប្រមូលផ្តុំសិប្បករចាស់ៗ យកមកបម្រើការងារឡើងវិញ ។
តាមការបញ្ជាក់របស់លោក ប៉ាវ អៀងឃ័ង នាយកសិប្បកម្មសូត្រ នៃមជ្ឈមណ្ឌលតម្បាញសូត្រពួក បានឲ្យដឹងថា មជ្ឈមណ្ឌលតម្បាញសូត្រពួក ត្រូវបានអាក់ខានដំណើរការក្នុងពេលពិភពលោកជួបនូវវិបត្តិជម្ងឺកូវិដ ១៩ ហើយក្រោយពេល វិបត្តិជម្ងឺកូវិដ១៩ វិនាសបាត់ទៅ មជ្ឈមណ្ឌលតម្បាញសូត្រពួក ក៏បានរៀបចំកែលម្អឡើងវិញ ដែលត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ដោយបានប្រមែប្រមូលសិប្បករចាស់ៗ ដែលមានជំនាញឲ្យត្រឡប់មកធ្វើការឡើងវិញ ចំនួន១៨០នាក់ ក្រោយពួកគេមួយចំនួនធំបានចាកចោលអាជីពនេះ។ លោកបានបន្តទៀតថា វិស័យសូត្រនេះរាជរដ្ឋាភិបាល ក៏បានពង្រឹង និង អភិរក្សនូវជំនាញរបស់ដូនតា ក្នុងការធ្វើផលិតសូត្រ ។ ម៉្យាងទៀត ជំនាញតម្បាញ់សូត្រនេះ គឺជាមរតករបស់ដូនតាខ្មែរយើង ដែលបានបន្សល់ទុក និងបានចារឹកនៅតាមប្រាង្គប្រាសាទ ដែលជាជំនាញរបស់ដូនតាខ្មែរយើងជាច្រើនសតវត្សមកហើយ ។ លោកបន្តទៀតថា នេះជាការបង្ហាញឲ្យឃើញពី ការបោះជំហានដ៏ធំដំបូង នៃការអភិវឌ្ឍន៍របស់ មជ្ឈមណ្ឌលតម្បាញសូត្រពួក ។ កត្តាសំខាន់នោះ លើការថែរក្សាកេរ្តិ៍ដំណែលវប្បធម៌និងសិល្បៈ ផ្នែកសិប្បកម្មចម្លាក់ និងតម្បាញសូត្រ ដែលជាមរតកដូនតាដ៏មានតម្លៃ ព្រមទាំងបានចូលរួមជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌និងសិល្បៈខ្មែរទៅក្នុងឆាកអន្តរជាតិ តាមរយៈការនាំភ្ញៀវអន្តរជាតិមកទស្សនាមជ្ឈមណ្ឌលតម្បាញសូត្រពួក ទៀតផង៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *