សៀមរាប៖ ដើមឈើចម្រុះចំនួន១.០០០ដើមត្រូវបានកាកបាទក្រហមកម្ពុជាយកមកដាំនៅ» ដាំតាមបណ្តោយវិថីព្រះនរោត្តមសីហមុនី ដែលស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាបខេត្តសៀមរាបដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា២០២៤ ក្រោមប្រធានបទ«ព្រៃឈើដើម្បីប្រជាជន និងការអភវិឌ្ឍដោយចីរភាព» នាព្រឹកថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីសំណាក់ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និង លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងលោក លោកស្រីក្នុងគណៈកម្មាធិការកាកបាទក្រហមកម្ពុជាមកពីសាខា ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សារាចូលរួមផងដែរ។ កាកបាទក្រហមកម្ពុជាធ្វើយុទ្ឋនាការដាំដើមឈើនេះឡើងគឺក្រោមគោលបំណងពង្រឹងតួនាទីស្នូលនិងសមត្ថភាពរបស់យុវជនក្នុងការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍និងលើកទឹកចិត្តឱ្យមានផ្នត់គំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗនិងរកដំណោះស្រាយបញ្ហាប្រឈមថ្មីជាសកល កាត់បន្ថយការប្រែប្រួលអាកាសធាតុនិងបរិស្ថាន ដោយដាំដើមឈើ១.០០០ដើមលើដីដែលសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។ម្យ៉ាងវិញទៀត គឺដើម្បីជំរុញនិងលើកទឹកចិត្តយុវជនចូលរួមផ្តល់សេវាកម្មមនុស្សធម៌ ស្របតាមវិស័យអាទិភាពទាំង៤នៃយុទ្ឋសាស្ត្រ ២០២១ -២០៣០របស់កក្រក និងសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ។
លោកជំទាវ ទុយ ជិ បានមានប្រសាសន៍ថា៖ឆ្នាំជាបន្តបន្ទាប់ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបានដាំបន្ថែមទៀតចំនួន៤៦០ដើម ដែលបច្ចុប្បន្នឧទ្យានសហស្សវត្យរ៍កាកបាទក្រហមកម្ពុជាក្នុងក្រុងសៀមរាប មានដើមឈើចំនួន២.៤៦០ដើមនិងមានអាយុកាល២៥ឆ្នាំហើយ។ ឧទ្យាននេះក៏ជាបន្ទុករបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលរាប់រងក្នុងការការពារ ជួសជុល និងថែទាំកូនឈើ ឱ្យលូតលាស់ដល់បច្ចុប្បន្ននេះផងដែរ។ ថ្លែងសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជាបានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗ ដែលបានអញ្ជើញមកចូលរួមក្នុងយុទ្ធនាការដាំដើមឈើនេះ និងបានថ្លែងអំណរគុណដល់អង្គភាពពាក់ព័ន្ធដែលបានសហការក្នុងយុទ្ធនាការដាំដើមឈើ ដើម្បីអបអរសាទរខួបលើកទី៧២ រុក្ខទិវា ៩ កក្កដា ២០២៤ ក្រោមប្រធានបទ៖ ព្រៃឈើ ដើម្បីប្រជាជន និងការ អភិវឌ្ឍដោយចិរភាព ។ឯកឧត្តម មានប្រសាសន៍ថា៖ការដាំដើមឈើ នៅក្នុងយុទ្ធនាការនេះ គឺអនុវត្តតាមផែនការដែលបានដាក់ពេញក្នុង សេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០២៣ កន្លងទៅ និងស្រមតាមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹង អាកាសធាតុ ខួប១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ផងដែរ។ហេតុនេះសូម ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោល នយោបាយ និងយុទ្ធសាស្ត្រជាច្រើនទាក់ទងនឹងការអភិរក្ស និងការគ្រប់គ្រងព្រៃឈើប្រកបដោយចិរភាព ធ្វើឱ្យកម្ពុជារក្សាបាននូវភាពគ្របដណ្តប់ផ្ទៃដីនៃព្រៃឈើខ្ពស់ជាងគេ នៅក្នុងចំណោមបណ្តា ប្រទេសនៅលើពិភពលោក ក្នុងកម្រិត ៤១%ហើយសកម្មភាពដាំដើមឈើនាពេលនេះក៏គឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការស្តារព្រៃឈើ ដើម្បីឈានទៅសម្រេចបាន អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដូចដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម ពិត ចំណាន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន គ្រប់ ជំនាន់ មានឆន្ទៈចូលរួមក្នុងបេសកកម្មរួមគ្នាដោះស្រាយបញ្ហាមនុស្សជាតិ និងបញ្ហាប្រឈមជាសកល ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ តាមរយៈសកម្មភាព រួមគ្នាថែរក្សា ការពារ ព្រៃឈើ និងបន្តចូលរួមដាំដើមឈើគ្រប់ប្រភេទ នៅលើដីទំនេរ តាមទីអារាម ភូមិដ្ឋាន សាលារៀន រមណីយដ្ឋាន និងទីកន្លែងផ្សេងៗទៀតឱ្យបានកាន់តែច្រើនតាមលទ្ធភាពដែលអាចដាំបាន និងយកអស់កម្លាំងកាយចិត្តរួមគ្នាក្នុងការអនុវត្តសកម្មភាពខាងលើនេះឱ្យសម្រេចជោគជ័យ ដែលនេះក៏ជាផ្នែកមួយនៃការបណ្តុះផ្នត់គំនិតយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់និងចូលរួមថែរក្សាបរិស្ថានបៃតង៕