អាជ្ញាធរខេត្តសៀមរាប ណែនាំប្រជាពលរដ្ឋនៅតាមដងផ្លូវស៊ីវុត្ថា សូមចូលរួមថែទាំ ស្រោចទឹកដាក់ជី ដើមឈើដែលមាននៅ មុខគេហដ្ឋានរបស់ខ្លួន ដែលអាជ្ញាធរខេត្តបានដាំ

សៀមរាប៖ នៅព្រឹកថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ ២០២៤នេះ លោក យន់ លីនណេ អភិបាលរងខេត្តសៀមរាបបាន ដឹកនាំក្រុមការងារចម្រុះ ដែលមានថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុងសៀមរាប អាជ្ញាធរសង្កាត់ស្វាយដង្គំ រួមជាមួយនិងសហភាពសហព័ន្ធយុវជនខេត្តសៀមរាបបានធ្វើការចុះពិនិត្យការដាំនិងការដាំជួសនូវកូនឈើនៅតាមដងផ្លូវស៊ីវត្ថាក្នុងសង្កាត់ស្ចាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
លោក យន់ លីនណេ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថាគម្រោងដែលបានដាំកូនឈើនេះគឺជាចលនាគម្រោងផែនការរបស់ឯកឧត្តមប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប គឺធ្វើការដាំដើមឈើនៅតាមខ្សែផ្លូវ ទូទាំងសង្កាត់ទាំង១២ក្នុងក្រុងសៀមរាបដែលគ្រោងនិងដាំគឺមានប្រមាណជាង២ម៉ឺនដើម។ លោកបន្តថាបច្ចុប្បន្ននេះគឺរដ្ឋបាលខេត្តប្រើសង្កាត់ចំនួន៤ដែលមានអទិភាពដាំដើមឈើមុនគេនោះគឺសង្កាត់ស្វាយដង្គំ សង្កាត់ស្លក្រាម សង្កាត់សាលាកំរើកនិងសង្កាត់គោកចក ហើយសង្កាត់ផ្សេងៗព្រមទាំងក្រុងស្រុកទាំងអស់ក្នុងខេត្តសៀមរាបគឺនឹងចាប់ផ្តើមធ្វើារដាំជាបន្តបន្ទាប់ផងដែរ។ លោក យន់ លីនណេ បានមានប្រសាសន៍បន្ថែមថាការដាំដើមឈើនៅតាមដងផ្លូវនេះគឺដើម្បីចូលរួមចំណែកលើកកម្ពស់សម្រស់ទីក្រុងសៀមរាបឱ្យមានភាពបៃតងទាក់ទាញភ្ញៀវទេសចរបានមួយកម្រិត ពិសេសកាត់បន្ថយកម្ដៅបានមួយកម្រិតនៅពេលដែលកូនឈើទាំងនោះលូតលាស់ឡើង ដែលធ្វើឱ្យទីក្រុងសៀមរាបមិនត្រឹមតែមានសម្រស់ស្រស់បំព្រងទេ ថែមទាំងធ្វើឱ្យទីក្រុងត្រជាក់ផងដែរ ។ លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងការដាំដើមឈើនោះទៀតសោត មិនត្រឹមតែមានដើមឈើប្រណិតទេ ថែមទាំងមានប្រភេទដើមដែលមានផ្កាដូចជា ដើមរំដួល ដើមត្របែកព្រៃ ឬដើមក្ងោកជាដើម ដែលអាចលូតលាស់ និងមានផ្កាទៅតាមរដូវកាល ដែលធ្វើឱ្យទីក្រុងមានភាពរស់រវើកគ្រប់រដូវកាល ។ ជាមួយគ្នានោះផងដែរ លោកអភិបាលរងខេត្ត ព្រមទាំងក្រុមការងារទាំងអស់ក៍ចុះធ្វើការណែនាំនិងពន្យល់ដល់បងប្អូនប្រជាពលរដ្ឋនិងបណ្តាក្រុមហ៊ុនទាំងអស់ដែលនៅអមសងខាងផ្លូវស៊ីវុត្ថា សូមចូលរួមថែទាំស្រោចទឹកដាក់ជីដើមឈើដែលមាននៅមុខគេហដ្ឋានឬក្រុមហ៊ុនរបស់ខ្លួនដែលអាជ្ញាធរខេត្តបានដាំគឺគេហដ្ឋាននីមួយៗមានតួនាទីចូលរួមថែរក្សាដើមឈើដែលមាននៅមុខគេហដ្ឋានរបស់ខ្លួន ដូចនេះហើយសូមឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាកូនដើមឈើដែលរដ្ឋបាលខេត្តបានដាំ គឺត្រូវថែរក្សា ក៏ដូចជាបន្សល់នូវដើមឈើមួយចំនួនដល់កូនចៅជំនាន់ក្រោយបានឃើញ និងបានស្គាល់ និងជាផ្នែកមួយក្នុងការលើកកម្ពស់សម្រស់ទីក្រុងសៀមរាបឱ្យមានភាពរស់រវើក និងកាន់តែស្រស់ស្អាតបន្ថែមទៀត ។ លោកអភិបាលរងខេត្តសៀមរាបក៏បានមានប្រសាសន៍ស្នើសុំនិងអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាការពារនូវសមិទ្ធផលទាំងអស់នេះហើយត្រូវចូលរួមថែរក្សាឱ្យបានជាប្រចាំ ដើម្បីធ្វើឲ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័ស និងឱ្យបានគង់វង្សបានល្អប្រសើរ ដើម្បីឱ្យខេត្តសៀមរាបមានភាពស្រស់បំព្រង ពិសេសចូលរួមអភិវឌ្ឍសមិទ្ធផលមួយចំនួនដែលខេត្តសៀមរាបកំពុងតែធ្វើផែនការបន្តទៀត ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *