អបអរសាទរបុណ្យ រុក្ខទិវា ៩ កក្កដា ២០២៤នេះ
កូនឈើទាល និង គគីរ ចំនួន ២ពាន់៥០០ដើម ត្រូវបានរដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រី រួមសហការជាមួយខ័ណ្ឌរដ្ឋបាលព្រៃឈើសៀមរាបដាំលើផ្ទៃដីចំនួន ២,៥ហិកតា កាលពីព្រឹកថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០២៤ នៅភូមិត្រពាំងថ្ម ឃុំ ឃុនរាម ស្រុកបន្ទាយស្រី ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ថាឬទិ្ធ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម ខូយ ឈីន សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ឺង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ គណៈប្រតិភូ អមដំណើរ អស់លោក លោកស្រីមកពីក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក សិស្សានុសិស្ស និងប្រជពលរដ្ឋ ប្រមាណជា ៤០០នាក់ចូលរួម ។
លោក អ៊ឺង គឹមលាង អភិបាលរងខេត្ត បានលើកឡើងថា ពិធីដាំកូនឈើ ប្រារឰនាថ្ងៃនេះ ពិតមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ចលនាបំផុសស្មារតីប្រជាពលរដ្ឋយើងឲ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមក្នុងការដាំដុះ និងការពារព្រៃឈើ ក៏ដូចជាការជួយផ្ដល់ផលប្រយោជន៍ឲ្យប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កបង្កើនផលកសិកម្ម បង្កើនសុខមាលភាពគ្រួសារ ព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ ។ លោកបានបន្តទៀតថា ការប្រារព្ធរុក្ខទិវា គឺជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ក្នុងការស្តារគម្របព្រៃឈើឡើងវិញឲ្យមានពណ៌បៃតង និងដេីម្បីរក្សាបាននូវការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈម និងជាកង្វល់រួមដ៏ធំមួយរបស់ពិភពលោក ដោយសារតែបណ្ដាប្រទេសជឿនលឿនជាច្រេីន បានបញ្ចេញឧស្ម័នពុល ឧស្ម័ន ផ្ទះកញ្ចក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះកម្ពុជា និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត បាននិងកំពុងរងគ្រោះយ៉ាងខ្លាំង និងបានធ្វេីឲ្យកំដៅនៅលើផែនដីកើនឡើង ។ ម្យ៉ាងទៀត ការដាំដើមឈើ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។ បុណ្យ«រុក្ខទិវា»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេសជាតិ ។ លោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំ និង អំពាវនាវដល់ជនរួមជាតិ ត្រូវរួមសាមគ្គីគា្ន បណ្ដុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើនិងបណ្ដុះឡើងវិញនូវ ទស្សនៈ សន្សំសំចៃក្នុងការប្រើប្រាស់ផលនិងអនុផលព្រៃឈើគ្រប់ប្រភេទ បណ្ដុះឡើងវិញនូវសា្មរតីគោរពច្បាប់ អនុវត្ដច្បាប់ ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រកម្ពុជាឲ្យទៅជានីតិរដ្ឋ ។ ចំពោះកូនឈើដែលបានដាំរួចហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង ប្រជារាស្ដ្រនៅនឹងកន្លែង មេត្ដាសកម្មចូលរួម ថែរក្សាឲ្យបានម៉ត់ចត់ជាប្រចាំ ដើម្បីធ្វើឲ្យកូនឈើទាំងនោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ ពីព្រោះថា ព្រៃឈើជាអាយុជីវិតនៃយើងគ្រប់ៗគ្នា ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប