សៀមរាប៖ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង២៤លានដុល្លារ ពីការលក់ប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ,ប្រាសាទកោះកែរ រមនីយដ្ឋានធម្មជាតិបឹងទន្លេសាប ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលទទួលបានពីគ្រឹះស្ថានអង្គរ ។
រយៈពេល៦ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេសទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និង ប្រាសាទកោះកែរ មានចំនួន ៥២១ពាន់ ៩៥០នាក់ កើន៣៥.៣០% និងទទួលបានចំណូល ២៤លាន៣៥៧ពាន់៦៩៥ដុល្លារអាមេរិក កើនឡើង៣៦.២៤% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ។ រយៈពេល៦ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១លាន៤៣ពាន់ ៩០០ដុល្លារអាមេរិក ពីចំណែកនៃការលក់ប័ណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល ៣៧លាន១៩៨ពាន់៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប