ខេត្តស្វាយរៀង៖ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជេីញចូលរួមពិធីប្រកាសទទួលស្គាល់សមាសភាព អនុប្រធាននិងសមាជិក សមាជិកា គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌី វិជ្ជា អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ស.ស.យ.ក.ខេត្ត ឯកឧត្តមសាកលវិទ្យាធិការ រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ខេត្ត សរុបប្រមាណ ៤៣៥រូប។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជេីញជាធិបតីក្នុងពិធីដ៏មានអត្ថន័យនៅថ្ងៃនេះនិងសូមសម្តែងនូវការកោតសសេី និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយុវជន យុវនារី នៃ ស ស យ ក ខេត្ត ទាំងមូល ឲ្យកាន់តែខិតខំប្រឹងប្រែងកសាងស្នាដៃថ្មីៗបន្ថែមទៀត ក្នុងការអនុវត្តកិច្ចការស្នូលរបស់ខ្លួន ក្នុងបេសកកម្មបម្រេីអោយផលប្រយោជន៍សង្គម ប្រកបដោយប្រសិទ្ធភាព និងគុណផលការងារ ដេីម្បីបុព្វហេតុ នៃការរីកចម្រេីន និងការអភិវឌ្ឍន៍សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។
ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធាន ស.ស.យ.ក. ខេត្តស្វាយរៀង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តមប្រធាន ដែលបង្ហាញពីការយកចិត្តទុកខ្ពស់ចំពោះសមាជិក សមាជិកាទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមបានរាយការណ៍អំពីសមិទ្ធផលសម្រេចបាននាពេលកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក.ខេត្តស្វាយរៀង ប្រកបដោយឆន្ទៈ និងស្មារតី ជាពិសេសការងារចែករំលែកចំណេះដឹងយុវជន ពង្រឹងភាពជាអ្នកដឹកនាំ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជនអោយក្លាយខ្លួនជាអ្នកបន្តវេនយ៉ាងពិតប្រាកដក្នុងការអភិវឌ្ឍសង្គមជាតិរួមទាំងផែនការសកម្មភាពទៅអនាគតរបស់ ស.ស.យ.ក. ខេត្តស្វាយរៀង។
ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកជាមួយសមាជិក សមាជិកា ស.ស.យ.ក. ដោយរំឭកអំពីបុព្វហេតុ ប្រវត្តិនៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្វីដែលសមាជិក សមាជិកា គ្រប់រូបត្រូវប្រកាន់ខ្ជាប់ក្នុងការចូលរួមជួយសង្គម ក៏ដូចជាការចងចាំនៅប្រវត្តិសាស្រ្តដែលជាមេរៀនមិនអាចខ្វះបាន ជាពិសេសតម្លៃនៃសុខសន្តិភាព។ ផ្សារភ្ជាប់ជាមួយនឹងការលើកឡើងខាងលើ ឯកឧត្តមបានគូសបញ្ជាក់ទៅកាន់អង្គពិធីអំពីសកម្មភាពចំបងក្នុងនាមយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះគឺប្រជាជាតិ និងប្រជាជន ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា «រាល់ការប្រមាថព្រះមហាក្សត្រក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជន និងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន»។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តស្វាយរៀងទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាបន្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ននេះ៕គឹមសេង