អភិបាលខេត្តកំពង់ចាម បញ្ជាកម្លាំងអាវុធហត្ថខេត្ត ឱ្យចុះអន្តរាគមន៍ ការដេញថ្លៃគម្រោងមូលនិធិឃុំ ដើម្បីទប់ស្កាត់ ភាពអាណាធិបតេយ្យ

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាដល់កម្លាំង កងរាជអាវុធហត្ថខេត្តឱ្យចុះអន្តរាគមន៍ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ដើម្បីទប់ស្កាត់​ អាណាធិបតេយ្យ បន្ទាប់ពីមានអ្នកទទួលការមួយចំនួន បានបង្កការអុកឡុកក្នុងអំឡុងពេលដំណើរ ការដាក់ដេញថ្លៃ​គម្រោងនាពេលកន្លងមក ថ្លែងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងរបាយការណ៍ ស្តីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណា ត្រូវឱ្យការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីតម្លាភាព និងជៀសវាងជាដាច់ខាត នូវភាព អនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការ អនុវត្តនីតិវិធីនៃការដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកលុយទឹកតែ ពោលគឺត្រូវលុបបំបាត់នូវភាពអសកម្ម ទាំងឡាយ ដើម្បីធ្វើការពង្រីកសមិទ្ធផលក្នុងមូលដ្ឋានខេត្តកំពង់ចាម​ ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវធ្វើលិខិត បេសកកម្ម ឱ្យអ្នកសារព័ត៌មាន​ ដេីម្បីចុះយកព័ត៌មាន ពេលដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ -សង្កាត់ តាមចំនួនមានការកំណត់ ធ្វើយ៉ាងណា ត្រូវជៀសវាងនូវភាពរញ៉េរញ៉ៃ ក៏ដូចជាការ ចូលរួមជាមួយជនឆ្លៀតឱកាសមួយចំនួននោះផងដែរ ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីពាក់ព័ន្ធត្រួតពិនិត្យលើទម្រង់ របាយការណ៍របស់ក្រសួងមហាផ្ទៃ និងរបាយការណ៍របស់រដ្ឋបាលខេត្ត ស្តីពីការគ្រប់គ្រងរដ្ឋបាល ការរៀបចំផែនការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍមូលដ្ឋានរបស់ រដ្ឋបាលខេត្តកំពង់ចាម (ចាប់ពីខែកញ្ញា ២០២៣ ដល់ថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០២៤) ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *