នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២៤នេះ មានធ្វើកិច្ចប្រជុំប្រចាំឆមាសទី១ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង កិច្ចការងារកុមារខេត្ត ក្រោមកិច្ចដឹកនាំប្រជុំដោយលោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិ ការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត នៃក្រុមប្រឹក្សាខេត្ត និងជាប្រធានកិត្តិយស ក្រុមការងារគម្រោងកិច្ចការពារ កុមារខេត្ត និង លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និង ជាអនុប្រធានក្រុមការងារគម្រោងកិច្ចការពារ កុមារខេត្ត ដោយមានសមាសភាពចូលរួមពីអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក មន្ត្រីទីចាត់ការសាលាខេត្ត និង តំណាងអង្គការដៃគូរពាក់ព័ន្ធ សរុបចំនួន ៤៨នាក់ ចូលរួម ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះដែរលោកជំទាវ ស៊ិន ណម បានលើកពីគោលបំណងនៃកិច្ចប្រជុំប្រចាំឆមាសទី១ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង កិច្ចការងារកុមារខេត្ត ដើមី្បធ្វើការត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងកិច្ចការងារកុមារ ព្រមទាំងលើកនូវបញ្ហាប្រឈម យកមកធ្វើការដោះស្រាយ ក្នុងការរកនូវដំណោះស្រាយជូនដល់កុមាររង គ្រោះទាំងនោះ ។ លោកជំទាវក៏បានលើកផងដែរថា ដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ការសម្របសម្រួលរវាងអ្នកពាក់ព័ន្ធ និងអ្នកមានកាតព្វកិច្ច ដោយពង្រីកបន្ថែមទៅលើផែនការកិច្ចការពារកុមារខេត្ត ដោយផ្តោតទៅលើផែនការប្រតិបត្តិខេត្តស្តីពីការពង្រឹងការថែទាំកុមារ និងផែនការប្រតិបត្តិខេត្តស្តីពីការពង្រឹងការថែទាំកុមារ បានផ្តោតលើការយកចិត្ត ទុកដាក់លើការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ជាមួយនឹង ការផ្សព្វផ្សាយការយកកុមារចេញពីមណ្ឌល និងជម្រើសថែទាំផ្សេងទៀតជំនួសការថែទាំកុមារនៅក្នុងមណ្ឌល ក្នុងគោលបំណងសមាហរណកម្មកុមារចំនួន ៣០ភាគរយ ។ ផែនការនេះ គឺមានរយៈពេល៣ឆ្នាំ ដោយគិតចាប់ពីខែមករា ឆ្នាំ២០២៣ រហូតដល់ ខែធ្នូ ឆ្នាំ២០២៥ ដែលស្របជាមួយនឹងផែនការយុទ្ធសាស្ត្រវិស័យកិច្ចការពារកុមារជាតិ ដែលកំពុងស្ថិតនៅក្នុងដំណើរការអនុម័តដោយ ក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងត្រូវបានផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ ខាងមុខនេះផងដែរ ។
តាមសេចក្តីរាយការណ៍របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង និតិសម្បទាខេត្ត ដោយលើនូវបញ្ហាប្រឈមមួយចំនួន ចំពោះកុមាររស់នៅជាមួយម្តាយក្នុងពន្ធនាគារ និងការធ្វើសំបុត្រកំណើតចំពោះទារក ដែលគេបោះបង់ចោល និងកង្វះថវិកាក្នុងការថែទាំកុមារពិការភាព និង គ្រួសាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ។
ឆ្លងតាមកិច្ចពិភាក្សាយ៉ាងផុលផុស ដោយមានមតិលើកឡើងពីមន្ទីរពាក់ព័ន្ធ តំណាងអង្គការជាដៃគូរ រួចមក មាន ប្រសាសន៍នោះដែរ លោក ចឹក គឹមជុន ក៏បានលើកពីការផ្តល់សេវា និងការគ្រប់គ្រងករណី លើការគាំទ្រកុមារដែលបានបែកពីគ្រួសាររបស់ពួកគេ រួមទាំងកុមារ ដែលកំពុងរស់នៅក្នុងមណ្ឌលថែទាំ ធ្វើសមាហរណកម្មទៅក្នុងការថែទាំ តាមគ្រួសារ (បន្ទាប់ពីការប៉ាន់ប្រមាណ យ៉ាងគ្រប់ជ្រុងជ្រោយ សម្រាប់លទ្ធភាពធ្វើសមាហរណកម្មហើយ) ។ ការទប់ស្កាត់ និងកសាងសមត្ថភាពសហគមន៍ -លើកកម្ពស់ការយល់ដឹងដល់ឪពុក ម្តាយ អ្នកថែទាំអំពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន ដើម្បីទប់ស្កាត់អំពើហិង្សា ការបែកបាក់គ្រួសារដោយមិនចាំបាច់អាពាហ៍ ពិពាហ៍កុមារ និងការរក្សាសុវត្ថិភាពកុមារ និង លើកកម្ពស់ការយល់ដឹងអំពីការអប់រំបែបវិជ្ជមាន និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាពនៅ ក្នុងសាលារៀន(រួមបញ្ចូលអំពើហិង្សាទាក់ទងនឹងយេនឌ័រ) ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប