ការចុះបញ្ជីដីធ្លី លក្ខណៈប្រព័ន្ធ នៅឃុំពោធិ ក្នុងដំណាក់កាលទី២ សម្រេចបាន លឿនជាងការគ្រោងទុក នឹងបន្តទៅដំណាក់កាលទី៣

ខេត្តកំពង់ឆ្នាំង ៖ យោងតាមការបញ្ជាក់របស់លោកស្រី ឈាង សុខា ជាមន្រ្តីចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឃុំពោធិ បានប្រាប់ឱ្យដឹងថា ភូមិចំនួន៤ ក្នុងចំណោមភូមិទាំង៦របស់ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រុមការងារដែលជាមន្រ្តីជំនាញបានដំណើរការដោយរលូន និងបានអនុវត្តលឿនជាងការំពឹងទុក នៅក្នុងដំណាក់កាលទី២ នេះបើកតាមការបញ្ជាក់របស់លោកស្រី ឈាង សុខា កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤នេះ ។

លោកស្រីបានបញ្ជាក់ទៀតថា ក្នុងរយៈពេលប្រមាណជាង៣ខែដែលក្រុមការងារ អនុវិស័យរដ្ឋបាលដីធ្លីខេត្តបានបំពេញបេសកកម្មរបស់ខ្លួនលើទឹកដីឃុំពោធិ៍នោះ បានអនុវត្ត ២ដំណាក់កាល ដោយបានអនុវត្តលើភូមិចំនួន៤ គឺភូមិ ភូមិពាមទន្លា ភូមិសំរោង និង ភូមិកំពង់បាចិន អនុវត្តបាន១០០ភាគរយ និង ភូមិពោធិ៍ បាន៧០ភាគរយហើយក្នុងដំណាក់កាលពីទី២ គឺដំណាក់កាលចុះវាស់វែង កំណត់ព្រំ ។

លោកស្រី ឈាង សុខា បានប្រាប់ឱ្យដឹងទៀតថា ការអនុវត្តនៃ ការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធនៅឃុំពោធិ៍នេះបានដំណើរការលឿន ទាំងនេះដោយមានកិច្ចសហការបានល្អជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋបានចូលរួមនៅគ្រប់ដំណាក់នៃការអនុវត្តកម្មវិធីចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ ។

លោកស្រីបានបន្តថា បើទោះបីជាបានដំណើរការល្អយ៉ាងណាក៍ដោយ តែក៍នៅជួប បញ្ហាមួយចំនួនផងដែរ ដែលធ្វើអោយជួបការលំបាកក្នុងការអនុវត្តដែលមិនអាចសម្រេបានតាមគោលដៅ ។

លោកស្រីបានប្រាប់ទៀតថាប្រសិនពុំមានឧបសគ្គ ក្នុងដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ក្នុងដំណាក់កាលទី២នោះទេ ក្រុមការងារនឹងបញ្ចប់ការងារវាស់វែងនិងកំណត់ព្រំ នៅភូមិទាំង៤នេះ នៅសបា្តហ៍ទី៤នៃខែកក្កដាឆ្នាំ២០២៤នេះ ។

លោក ប៊ុត សប្បាយ ដែលជាមេឃុំពោធិ៍បានប្រាប់ឱ្យដឹងថា ក្នុងនាមអាជ្ញាធរឃុំ គឺត្រៀមកិច្ចសហការនិងសម្របសម្រួល និង ត្រៀមជួយពន្លឿនធ្វើឯកសារនានាជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធនៅឃុំពោធិ៍បានលឿនជាងការគ្រោងទុក និង សម្រេចបានតាមផែនការ ។

គួរបញ្ជាក់ថា ឃុំពោធិ៍មានក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋមានចំនួន១៨នាក់ ដែលមានលោក សុខ សម្បតិ្តជាប្រធានក្រុមទី១ ក្នុងការដឹកនាំក្រុមបំពេញបេសកកម្មការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ ដោយបានចុះអនុវត្តកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ រហូតមកដល់នឹងពេលនេះ បានប្រមូលទិន្ន័យបានចំនួន ២៩៤៨ក្បាលដី វាស់វែងបាន៤០២០ក្បាលដី បញ្ចូលទិន្ន័យបាន១៧៧៧ក្បាលដី គូសក្បាលដីបាន៣៦៧០ក្បាលដី ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *