ប្រកួតកីឡាបាល់ទាត់មិត្តភាព អបអរសាទរទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤

សៀមរាប៖ ដើមី្បអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ រដ្ឋបាលខេត្តសៀមរាប បានរៀបចំធ្វើការប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងក្រុមកីឡាបាល់ទាត់សៀមរាប យូណាក្លីប និងក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ U១២និង១៦ឆ្នាំ និង ក្រុមកីឡាបាលទាត់ រដ្ឋបាលខេត្តសៀមរាប និង ក្លីបបាល់ទាត់ ផ្ការីកគ្រប់រដូវ នៅកីឡាដ្ឋាន ហនុមាន ខេត្តសៀមរាប នៅរសៀលថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោកជំទាវ ដោយមានការចូលរួមទស្សនាកម្សាន្ត ពីទស្សនិកជនក្នុងខេត្ត ប្រមាណជាង ៤ពាន់ចូលរួមគាំទ្រ ។
មានប្រសាសន៍បើកការប្រកួតបាល់ទាត់នាឱកាសនោះឯកឧត្តម ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវា អន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ រួមគ្នាវិនិយោគលើ ការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន”។ កីឡារស់ក្នុង សន្តិភាព ដើម្បីមិត្តភាព សុខភាព សប្បុរសធម៌ និងចៀសឆ្ងាយពីគ្រឿងញៀន។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ មេត្តារួមគ្នាធ្វើការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងគ្រឿងញៀន និង សហគមន៍គ្មានគ្រឿងញៀន ដោយនិយាយថាទេចំពោះគ្រឿងញៀន
ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន , ចូលរួមលុបបំបាត់គ្រឿងញៀន ,ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម ,ត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន , រួមគ្នាវិនិយោគ លើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន ។ ឯកឧត្តមបានបន្តទៀតថា ដើម្បីអនាគតកូនចៅយើង , កុំជឿ កុំជក់ កុំជួញ គ្រឿងញៀន និង ការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់ ។ ម៉្យាងទៀត ត្រូវទាមទារឲ្យមានការចូលរួមគ្រប់អ្នកពាក់ព័ន្ធទាំងអស់អនុវត្ត ៣កុំ មួយរាយការណ៍ គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងមួយរាយការណ៍អំពីបទល្មើសគ្រឿងញៀនសំដៅធ្វើឲ្យសៀមរាបផ្ទះខ្ញុំ គ្មានគ្រឿងញៀន ។ កីឡារស់ក្នុងសន្តិភាព ដើម្បីមិត្តភាព សុខភាព សប្បុរសធម៌ និង ចៀសឆ្ងាយពីគ្រឿងញៀន ចាប់ពីពេលនេះតទៅ ។
ចំពោះបញ្ហាគ្រឿងញៀនខុសច្បាប់នេះ ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដ៏មុតស្រួច តាមរយៈបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការមុឺងម៉ាត់ និងបទបញ្ជាដាច់ខាត ចំពោះមន្ត្រីរាជការសុីវិល កងកម្លាំងប្រដាប់ អាវុធ និង មន្ត្រីជាប់កិច្ចសន្យា តាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលពាក់ព័ន្ធនិងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងឡើយ ។
ជាលទ្ធផលនៃការប្រកួតបាល់ទាត់នៅគួរទី១ រវាងក្រុមកីឡាបាល់ទាត់សៀមរាប យូណាក្លីប និងក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ U១២និង១៦ឆ្នាំ ត្រូវបានក្រុមកីឡាបាល់ទាត់សៀមរាប យូណាក្លីប យកឈ្នះលើក្រុមក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ ៧ ទល់នឹង៤ ។ ចំពោះក្រុមទី២ រវាងក្រុមកីឡាបាល់ទាត់ រដ្ឋបាលខេត្តសៀមរាប និង ក្រុមក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ ជាលទ្ធផល នៅពេលទាត់បញ្ចូលទី ក្រុមក្លីបបាល់ទាត់ផ្ការីកគ្រប់រដូវ យកឈ្នះ ក្រុមកីឡាបាត់ទាត់ រដ្ឋបាលខេត្ត សៀមរាប ២ ទល់នឹង ១ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *