ខេត្តកំពង់ឆ្នាំង៖ ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង មាន១២គ្រួសារក្នុងសង្កាត់ផ្សារឆ្នាំង រងផលប៉ះពាល់ដោយសាបាក់ស្រុតដីបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន.និងសមត្ថកិច្ចនគរបាល.យោធាខេត្តបានចុះដល់កន្លែង ជួយជញ្ជូនឥវ៉ាន់យកចេញនិងបានហាមឃាត់ មិនអោយរថយន្តតូចធំចេញចូលនោះឡើយព្រោះខ្លាចបាក់ដីបន្តទៀត។
ហេតុការណ៍បាក់ស្រុតដីអែបនិងផ្លូវចាក់បេតុងថ្មីខាងលើនេះបានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលមានលំនៅឋានក្បែរនោះ និងមានការព្រួយបារម្មណ៍ភ័យខ្លាចនិងគ្រួសារខ្លះបានកំពុងរៀបចំរើឥវ៉ាន់សម្ភារៈចេញជាបណ្តើរៗ ព្រោះមានក្តីបារម្ភក្រែងមានការបាក់រលំផ្ទះកើតឡើងដោយប្រការណាមួយជាយថាហេតុ។
ប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយរៀបរាប់អោយដឹងថា ករណីបាក់ស្រុតដីបង្កការភ្ញាក់ផ្អើលនេះកើតឡើង តាំងពីម្សិលម៉ិញរហូតដល់ម៉ោង១១យប់ ហើយប្រេះៗបន្តរហូតម៉ោងប្រមាណ៧និង០០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចទ្រុងក្រពើចាស់ ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាករណីនេះវាជាគ្រោះថ្នាក់ដោយធម្មជាតិស្រុតដី បង្កឲ្យមានផលប៉ះដល់ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នងផ្ទះ ដោយមានចំនួន១២គ្រួសារ សរុបសមាជិករួមចំនួន៦៥នាក់ ស្រីចំនួន២៩ ។
គួរបញ្ជាក់ផងដែរថាហេតុការណ៍ខាងលើនេះគេឃើញមានប្រជាពលរដ្ឋនិងសមត្ថកិច្ចកងកម្លាំងនគរបាល.យោធាខេត្តខេត្ត.ក្រុង និងអាជ្ញាធរមូលដ្ឋានចុះធ្វើការទប់ស្កាត់និងជួយជញ្ជូនឥវ៉ាន់បងប្អូនប្រជាពលរដ្ឋចេញពីកន្លែងកើតហេតុ។
សូមបញ្ជាក់ផងដែរថានេះជាព័ត៌មានបឋមដែលយើងទទួលបានមុននេះបើសិនជាមាការប្រែប្រួលយ៉ាណានោះយើងនិងរាយការជូនបន្តទៀត៕សុក្ខារិន