សៀមរាប៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញចូលរួមប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨មិថុនា១៩៥១-២៨មិថុនា ២០២៤) នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដែលមានសមាជិកសមាជិការគណបក្សប្រជាជន ប្រមាណ ជាង៩០០នាក់ចូលរួម នៅព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤នេះ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្ត បានលើកឡើងពីសមទ្ធិផលធំៗ ដែលគណបក្សប្រជាជនកម្ពុជា និង ខេត្តសៀមរាប សម្រេចបានក្នុងពេលកន្លងមក ។
ក្នុងខ្លឹមសារនៃសន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសមីទ្ទីញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា អានដោយសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា ។ ចាប់តាំងពីពេលបដិសន្ធិរហូត មកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សាភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិនិងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ក្រោមម្លប់សន្តិភាព នឹងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិនឹងកាន់តែរីកចម្រើនលឿនទៅមុខ ។ ក្នុងរយៈពេលជាង៤៥ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស ជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឲ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ។ ក្នុងស្មារតីចងចាំនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់យុទ្ធជន យុទ្ធនារី និងអ្នក ស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធធ្វើពលិកម្មយ៉ាង អង់អាចបំផុតដើម្បីបុព្វហេតុជាតិនិងប្រជាជន និងក្នុងស្មារតីលើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីកសាង និង ការពារមាតុភូមិ អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ សមាជិកសមាជិកាគណបក្ស និងបងប្អូនជនរួមជាតិតែងបានចូលរួមយ៉ាងក្លៀវក្លា អធិក អធម ក្នុងពិធីរឭកខួបកំណើតគណ បក្សជារៀងរាល់ឆ្នាំ ។ ទោះបីជាក្នុងពេលកន្លងមកនេះ សភាពការណ៍ប្រទេសជាតិត្រូវប្រឈមនឹងការលំបាកថ្មីដ៏ធំ ដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩ បានរាតត្បាតជាសាកលនៅគ្រប់ប្រទេសយ៉ាងណាក៏ដោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងប្រមូលផ្តុំការខិតខំជម្នះដោះស្រាយនូវផលវិបាកនេះ រហូតទប់ស្កាត់បានទាន់ពេលវេលា និងបើកដំណើរការប្រទេសមានប្រក្រតីភាពឡើងវិញទាំងការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរមកដល់ពេលបច្ចុប្បន្ននេះ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ក៏ទទួលបានជោគជ័យលើការបោះឆ្នោតអសកល ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និង បោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ។ គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីក ហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខ ភាពប្រជាជននាពេលកន្លងមក ។ គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពី មនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការ ចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និង ពីវារីវប្បកម្ម ព្រមទាំងជម្រុញដល់វិស័យទេសចរណ៍ផងដែរ ។ ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវ ឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះនឹងមិនបង្កផលប៉ះពាល់ដល់ បរិស្ថាននិងរំហូរទឹកទន្លេមេគង្គ ឡើយ ។ ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានជម្រុញដល់អាជ្ញាធរខេត្ត លើការរៀបចំកាសងនូវសួនច្បារតេជោសន្តិ ភាព នៅទីប្រជុំជននៃក្រុងសៀមរាប ដើមី្បលើកនូវសោភណ្ឌភាពក្រុងទេសចរណ៍មួយនេះ និង បានធ្វើការផ្តាំផ្ញើ ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា រួមសាមគ្គី គ្នាក្នុងការថែរក្សា ការពារនូវសុខសន្តិភាព ឲ្យបានគង់វង្សយូអង្វែង និង ប្រឆាំងដាច់ខាតនូវរាល់ការប៉ុងប៉ងរបស់ក្រុមជន អកតិ ដើមី្បបំផ្លាញនូវសុខសន្តិភាព របស់ប្រជាជន និង ប្រទេសជាតិទាំងមូល ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប