ខេត្តកែប៖ ដើម្បីធានាបាននូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ជាពិសេសការបង្រ្កាបឱ្យខានតែបាន នូវទីតាំងល្បែងស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានខេត្តកែប ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានសំណូមពរដល់ប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់វិធានការលើទីតាំងខុសច្បាប់ទាំងនោះ។
ឯកឧត្តម មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំពិភាក្សា ស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រង ផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ” ក្រោមអធិបតីភាព ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) អមដោយប្រតិភូអមដំណើរ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បានបញ្ជាក់ដែរថា ការរៀបចំកិច្ចប្រជុំពិភាក្សានេះ គឺក្នុងគោលបំណង បង្កើតឱ្យមានវេទិកាពិភាក្សាពិគ្រោះ និងផ្លាស់ប្តូរមតិយោបល់រវាងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកែប ដើម្បីកំណត់ដោះស្រាយនូវបញ្ហាប្រឈម និងផលប៉ះពាល់ ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងបង្កើត និងលើកកម្ពស់ការយល់ដឹងឱ្យទូលំទូលាយនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្មល្បែងផ្សងសំណាង ដើម្បីជំរុញអនុលោមភាព និងការទទួលខុសត្រូវរបស់ប្រតិបត្តិករល្បែងផ្សងសំណាង។
ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវនាវដល់ប្រជាការពារត្រូវសហការគ្នាជាមួយប្រជាពលរដ្ឋ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ មានការសេពគ្រឿងញៀន ក្មេងទំនើង ការជួញដូរមនុស្ស សកម្មភាពលួចឆក់ប្លន់ ជាពិសេសបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងឡាយឱ្យបានទាន់ពេលវេលា៕ សេង ណារិទ្ធ