សៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ដោយមានការចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរជាតិអប្សារា ,គ្រឹះស្ថានអង្គរ និង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ,អាជ្ញាធរក្រុង-ស្រុក លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្តផងដែរ ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន០៣ ដូចជា ១-ផ្សព្វផ្សាយសេចក្តីណែនាំលេខ០២៤ សណន របស់ក្រសួងមហាផ្ទៃស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ។២-ពិនិត្យ ពិភាក្សាលើការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រក្រតីទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់រយៈពេល១២ខែ។៣-រាយការណ៍អំពីលទ្ឋផលការងាររតបស់រដ្ឋបាលខេត្តក្នុងអាណត្តិទី៣នៃក្រុមប្រឹក្សាខេត្តនិងទិសដៅអនវត្តងារងាររយ:ពេល០៣ខែ។
ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ដោយអនុលោមតាមប្រកាសលេខ ២៣៧៥ ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្ដីពីកិច្ចប្រជុំចូលកាន់តំណែង កិច្ចប្រជុំសាមញ្ញលើកទី១ និងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សា ត្រូវប្រារព្ធ ឡើងមិនឲ្យហួសពី១៥ថ្ងៃ បន្ទាប់ពីប្រជុំចូលកាន់តំណែងរបស់ក្រុមប្រឹក្សា ទើបក្រុមប្រឹក្សាខេត្ត រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១នៅថ្ងៃនេះមានរយៈពេល១៣ថ្ងៃ ។
ចូលរួមពិភាក្សាក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បាន ថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តដែលតែងតែជួយយកចិត្តទុកដាក់ពិនិត្យផ្តល់យោបល់ ផ្តល់អនុសាសន៍ និងឱវាទនានា ព្រមទាំងសំណូមពរផ្សេងៗសម្រាប់ ជាការតម្រង់ទិសលើការអនុវត្តគោលនយោបាយក៏ដូចជាតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត ដើម្បីអនុវត្តនិងប្រព្រឹត្តិទៅឲ្យល្អប្រសើរ ដែលនេះបង្ហាញពីភាពខ្លាំងរបស់ក្រុមប្រឹក្សាខេត្តនាពេលកន្លងមក ហើយសង្ឃឹមថាការអនុវត្តការងាររបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ នឹងបន្តភាពខ្លាំងស្របតាមយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តម អភិបាលខេត្តបានលើកនូវចំណុចគន្លឺះសំខាន់ៗមួយចំនួន ស្នើដល់រដ្ឋបាលក្រុង ស្រុក កម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពស្ថាប័ននានានិង អាជ្ញាធរក្រុង ស្រុកគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមពិនិត្យយកចិត្តទុកដាក់លើការងារមួយចំនួន ដែលជាកិច្ចការអទិភាពនិងសំខាន់សម្រាប់ខេត្តសៀមរាប ដូចជាការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្មេងទំនើង បញ្ហាគ្រឿងញៀន និងអនុវត្តឲ្យបានម៉ឺងម៉ាត់ ចាត់វិធានការឲ្យបានតឹងរឹងលើការអនុវត្តនូវគោលការណ៍ភូមិឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ឋភាពខ្ពស់ ។ បន្ថែមពីនេះត្រូវត្រៀមផែនការដោះស្រាយនិងទប់ស្កាត់បញ្ហាភ្លាមៗ ក្នុងស្ថានភាពប្រែប្រួលអាកាសធាតុដែលអាចនឹងកើតមានក្នុងរដូវេវស្សា រួមមានខ្យល់កន្ត្រាក់ ផ្គររន្ទះ ខណៈដែលថ្មីៗនេះសត្វដង្កូវហ្វូងកំពុងរាតត្បាតបំផ្លាញដំណាំស្រូវលើក្រុង ស្រុកចំនួន៨ ក្នុងចំណោមក្រុងស្រុកទាំង១៣របស់ខេត្ត ។
ថ្លែងបូកសរុបកិច្ចប្រជុំ ឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា៖សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី២ ដោយយោងតាមជំពូកទី២ មាត្រា ៧១ នៃច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ស្ដីពីការរៀបចំបទបញ្ជា ផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅមិនឱ្យមុនម្ភៃប្រាំ(២៥)ថ្ងៃ ឬលើសពីសាមសិបប្រាំ(៣៥)ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំលើកទី១ ។ ឯកឧត្តមបានបញ្ជាក់ថា ក្រោយការបង្កើតនូវរាជរដ្ឋាភិបាល នីតិកាលទី៧ រដ្ឋបាលខេត្តសៀមរាបបានអនុវត្តកិច្ចការសំខាន់ៗ លើកការងារសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយខ្យល់កន្ទ្រាក់ ជំនន់ទឹកភ្លៀង ដោយគណៈអភិបាលខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះផ្ទាល់ដល់មូលដ្ឋាន និង ដោះស្រាយបានទាន់ពេលវេលាដល់គ្រួសារជួបការលំបាក និងងាយរងគ្រោះផងដែរ ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងកោតសរសើរ ចំពោះអភិបាល នៃ គណៈអភិបាលខេត្ត រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ឋនានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងទូទាំងខេត្ត ដែលបានសហការគ្នានិងអនុវត្តបំពេញតួនាទីភារកិច្ចទៅតាមវិស័យ តាមជំនាញសម្រេចបានលទ្ឋផលបានល្អប្រសើរគួរជាទីមោទនៈ នាពេលកន្លងមក ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប