(កំពង់ធំ)÷នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤
លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីជំនាញការិយាល័យ និងដោយមានការចូលរួមការសហការពីលោក អ៊ុត វណ្ណរ៉ា អភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន មន្ត្រីទទួលបន្ទុកវិស័យសុខភាពសត្វ ប្រធានក្រុមប្រឹក្សាឃុំត្រពាំងឫស្សី និងមេភូមិសំរោង រួមជាមួយភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការចាក់ថ្នាំការពារជំងឺសារទឹកគោ ក្របី ជូនប្រជាកសិករ នៅភូមិសំរោង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានជំរុញដល់ប្រជាកសិករឲ្យយកចិត្តទុកដាក់លើសត្វគោក្របីដោយធ្វើវ៉ាក់សាំងការពារជំងឺផ្សេងៗមន្ថែមទៀត និងណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ត្រូវពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះផងដែរលោក ប៉ែន វណ្ណរិទ្ធ បានសំណេះសំណាលជាមួយបងប្អូនប្រជាកសិករដែលមានសត្វគោក្របី ដើម្បីចង់ដឹងពីស្ថានភាពជំងឺសត្វដែលកំពុងតែរីករាលដាលនៅក្នុងសហគមន៍ និងក្រើនរំលឹកដល់បងប្អូនប្រជាកសិករដែលមានសត្វគោក្របីឱ្យយកចិត្តទុកដាក់ចំពោះទីកន្លែងរស់នៅរបស់សត្វគោក្របី សម្អាតទ្រុងជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគឱ្យបានញឹកញាប់យ៉ាងហោច២ដងក្នុង១ខែ ផ្តល់ទឹក និងស្មៅព្រមទាំងចំបើងឱ្យស៊ីគ្រប់គ្រាន់ យកសត្វមកចាក់ថ្នាំការពារជំងឺឆ្លងឲ្យបានទៀងទាត់តាមការណែនាំពីមន្ត្រីជំនាញ(២លើកក្នុង១ឆ្នាំ) ប្រសិនបើមានករណីសង្ស័យថាសត្វគោក្របី មានជំងឺសូមផ្ដល់ដំណឹងដល់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីបង្កាទប់ស្កាត់ការឆ្លងរីករាលដាលពីភូមិមួយទៅភូមិមួយ។
ជាចុងក្រោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបង្ហាញពីលទ្ធផលក្រុមការងារសម្រេចបាន ក្នុងការចាក់វ៉ាក់សាំងការពារជំងឺដល់គោក្របីសរុបចំនួន២៥០ក្បាល ក្នុងនោះមានក្របី៤៧ក្បាល និងបានផ្តល់ជូននូវវ៉ាក់សាំងសារទឹកចំនួន១.០០០កម្រិត និងថ្នាំព្យាបាលមួយចំនួនជូនដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់បន្តចុះជួយអន្តរាគមន៍ជូនដល់ប្រជាកសិករក្នុងមូលដ្ឋាន ដើម្បីបង្កាទប់ស្កាត់ជំងឺឆ្លង និងកាត់ផ្តាច់ការឆ្លងរីករាលដាលនៃជំងឺ៕