ខេត្តកំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លើកឡើងថា ព្រៃលិចទឹកមានសារៈសំខាន់យ៉ាងច្រើន ក្នុងនោះជាជម្រកសត្វគ្រប់ប្រភេទដូចជាបក្សី ល្មូន សត្វល្អិតមានប្រយោជន៍រស់នៅ ជាពិសេសជម្រកត្រីពងកូនលាក់ខ្លួន ព្រៃលិចទឹកជាប្រភពចំណូលយ៉ាងសំខាន់របស់ប្រជានេសាទ កាលណាមានព្រៃលិចទឹក មានត្រីពងកូនត្រីច្រើនអាចរកប្រាក់ចំណូល ចិញ្ចឹមជីវិតបាន តាមរយៈនេសាទត្រីនេះ។
ព្រៃលិចទឹកក៏ជាតបន់ទេសចរណ៍មួយដ៏ទាក់ទាញផងដែរ មួយផ្នែកទៀតព្រៃលិចទឹកជួយទប់ការហូរច្រោះដី ធ្វើឲ្យទឹកថ្លា កាត់បន្ថយការរីងរាក់ ព្រៃលិចទឹកអាចទាក់ទាញទឹកភ្លៀង ជួយទប់ស្កាត់ខ្យល់ព្យុះ សារៈសំខាន់មួយទៀតព្រៃលិចទឹកបានជួយមនុស្សលោកក្នុងការស្រូបយកឧស្ម័នកាបូនិក Co2 ហើយបញ្ចេញមកវិញនូវឧកស៊ីសែន ម៉្យាងទៀតព្រៃលិចទឹកក៏ជាឱសថព្យាបាលរោគាបានផងដែរ។
អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម ស៊ុនសុវណ្ណារិទ្ធី បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋពេលដាំហើយនៅកូនឈើខាងលើនេះ សូមប្រជាពលរដ្ឋ ឬអាជ្ញាធរមូលដ្ឋាននៅតំបន់នេះចូលរួមថែទាំ និងហាមដាច់ខាតការចូលកាប់រុករានទន្ទ្រានព្រៃដែលនៅជាប់ទីនេះហើយនៅមិនទាន់ប៉ះពាល់ លើសពីនេះប្រជាពលរដ្ឋយើងដែលមានដីនៅតំបន់៣ ដែលជាតំបន់ហាមឃាត់ ហាមចូលធ្វើស្រែនៅទីនេះ ដែលបង្គោលតំបន់បីអាជ្ញាធរយើងបានបោះកំណត់ព្រំដីរួចរាល់ហើយ។
ការលើកឡើងដូចនេះក្នុងពិធីដាំកូនឈើប្រភេទព្រៃលិចទឹកនៅចំណុចក្រោយសាលារៀន ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៤ខែមិថុនា ឆ្នាំ២០២៤
ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត ឯកឧត្តម ខេត្តឮលោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកអភិបាល អភិបាលរងស្រុក ថ្នាក់ដឹក នាំ និងមន្ត្រីខណ្ឌរដ្ឋបាលជលផល មន្ត្រីរាជការជុំវិញស្រុក លោកមេឃុំ លោកមេភូមិ អង្គការក្រៅរដ្ឋាភិបាល និងសិស្សានុសិស្សប្រមាណជិត៥០០នាក់។
គួរបញ្ជាក់ផងដែរគម្រោងដាំស្តាកូនឈើ នៅតំបន់នេះក្នុងផ្ទៃដីនេះប្រមាណ ១៥០ហិកតា ដោយឡែកសកម្មភាពព្រឹកមិញនេះយើងរួមគ្នាដាំកូនឈើលិចទឹកចំនួន ២០០០កូន កូនដើមរាំង កូនឈើច្រកែង និងកូនឈើអូយម៉ូយលើផ្ទៃដីទំហំប្រមាណ ១០ហិកតា ក្នុងភូមិ២ ស្រុកបរិបូណ៍ ក្នុងភូមិសាស្ត្រភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង៕ សុក្ខារិន