ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអនុញ្ញាតឱ្យលោក កាត់ស៊ូហ៊ីកូ យ៉ូស៊ីដា (Katsuhiko Yoshida) នាយកប្រតិបត្តិ ក្រុមហ៊ុនមីនីបៀ(Minebea) (ជប៉ុន) ប្រចាំប្រទេសកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជុំវិញកិច្ចបន្តការគាំទ្របន្ថែមទៀត ដើម្បីឱ្យដំណើរការសាងសង រោងចក្រទី២របស់ខ្លួន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ឆាប់ៗខាងមុខ ប្រព្រឹត្តទៅដោយរលូន លើផ្ទៃដីប្រមាណ៥០ហិកតាជាមួយទុនប្រមាណ៦៥០លានដុល្លារអាមេរិក នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ នៃខេត្តពោធិ៍សាត់។
ក្នុងជំនួបសម្តែងការគួរសមនេះដែរ ត្រូវបានធ្វើឡើង នៅសាលប្រជុំវីដេអូConference ជាន់ទី២ អគាររដ្ឋបាលខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ លោកអភិបាលស្រុកក្រគរ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
លោក កាត់ស៊ូហ៊ីកូ យ៉ូស៊ីដា (Katsuhiko Yoshida) នាយកប្រតិបត្តិ ក្រុមហ៊ុនមីនីបៀ-(Minebea) (ជប៉ុន) ប្រចាំប្រទេស កម្ពុជា បានជម្រាបជូនថា ថ្ងៃនេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់យើងខ្ញុំ ដែលបានចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម អភិបាលខេត្ត រួមជាមួយស្ថាប័នពាក់ព័ន្ធក្នុងខេត្ត ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយោគយល់ ទទួលយកដំណើរទស្សនកិច្ចរបស់ក្រុមការងារក្នុងអំឡុងចុងសប្តាហ៍។
លោក បន្តថា គិតត្រឹមពេលនេះ លោកបានធ្វើការនៅ ក្រុមហ៊ុនមីនេបៀ(Minebea) អស់រយៈពេល៤០ឆ្នាំមកហើយ ពោលគឺក្នុងឆ្នាំ១៩៨៤ ក្រោយបញ្ចប់ការសិក្សា ជាមួយគ្នានោះ លោកក៏បានធ្វើការនៅកម្ពុជា អស់រយៈពេល១០ឆ្នាំបន្ថែមទៀត នៅរោងចក្រផលិតម៉ូទ័រ M&As ដែលធ្វើប្រតិបត្តិការអាជីវកម្មជាច្រើន រហូតទទួលបានការដំឡើងឋានៈ ជានាយកប្រតិបត្តិ មកដល់បច្ចុប្បន្ន។
លោកនាយប្រតិបត្តិរូបនេះបន្តថា យើងខ្ញុំទទួលបន្ទុកគ្រប់គ្រងរោងចក្រ មីនេបៀ(Minebea Cambodia) បាន១០ឆ្នាំហើយ ចាប់ពីដំណើរការ ហើយរហូតមកដល់ពេលនេះ និងបានទទួលបន្ទុកគ្រប់គ្រង ពីមួយទៅមួយ ដោយនាំយកអ្នកវិនិយោគជាច្រើន មកកាន់រោងចក្រកម្ពុជា។ ជាក់ស្តែងដូចថ្ងៃនេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រដល់ក្រុមហ៊ុនរបស់លោក ធ្វើឱ្យអាជីវកម្មមានរីកចម្រើនមកដល់សព្វថ្ងៃ ដែលគិតមកដល់ពេលនេះ មានរយៈពេល១៣ឆ្នាំហើយ។
ពិតណាស់ ក្នុងជំនួបកាលពីថ្ងៃទី៣០ ខែឧសភាកន្លងទៅ រដ្ឋបាលខេត្តពោធិ៍សាត់ បានផ្តល់កិច្ចសហប្រតិបត្តិការល្អដល់ពួកយើងខ្ញុំ ក្នុងការគាំទ្រយ៉ាងពេញលេញ សម្រាប់ការវិនិយោគ រោងចក្រទី២ ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដែលមានផ្ទៃដីប្រមាណ៥០ហិកតា ជុំវិញការវិនិយោគលើ ថាមពលកកើតឡើងវិញ (Solar Power Generator) ដែលមិនធ្វើឱ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។
លោកសង្ឃឹមជឿជាក់ថា រដ្ឋបាលខេត្តពោធិ៍សាត់ និងគ្រប់ភាគីពាក់ព័ន្ធ នឹងបន្តការគាំទ្រ រោងចក្រថ្មីរបស់យើងខ្ញុំ ឱ្យដំណើរការទៅដោយរលូន និងអាចក្លាយទៅជាករណីគំរូមួយ ក្នុងការទាក់ទាញការវិនិយោគ កាន់តែច្រើនឡើងមកកម្ពុជា។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការគាំទ្រ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅ គ្រប់ជ្រុងជ្រោយ ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ-Minebea ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា និយាយជារួមនឹងនិយាយដោយឡែក នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ គឺជារោងចក្រទី២ហើយ ដែលក្រុមហ៊ុនត្រៀមនឹងពង្រីកវិសាលភាព ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទាក់ទាញក្រុមហ៊ុនជាច្រើន មកបន្តាក់ទុកវិនិយោគនៅកម្ពុជា ដែរក្នុងនោះក៏មានក្រុមហ៊ុនជប៉ុន ក្រុមហ៊ុនអាមេរិក ក្រុមហ៊ុនចិន ក្រុមហ៊ុនថៃជាច្រើនផងដែរ នេះដោយសារកត្តាសន្តិភាព និងមានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូរវិនិយោគ ប្រកបដោយទំនុកចិត្តនៅកម្ពុជា។
គួរជម្រាបជូនថា ក្រុមហ៊ុនមីនីបៀ(Minebea) គឺជាក្រុមហ៊ុនអេឡិចត្រូនិករបស់ជប៉ុន ផលិតម៉ូទ័រគ្រប់ប្រភេទ ដែលយកទៅផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ក្រុមហ៊ុននេះបានបើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០១១ ក្នុងតម្លៃវិនិយោគ ចំនួន២៣លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង៦០០លានដុល្លារអាមេរិក។
ជាមួយគ្នានោះ ក្រុមហ៊ុននេះនឹងពង្រីកការវិនិយោគរបស់ខ្លួន ដោយនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង រោងចក្រទី២របស់ខ្លួន នៅអំឡុងខែកញ្ញា ឆ្នាំ២០២៤ឆាប់ៗខាងមុខ លើផ្ទៃដីប្រមាណ៥០ហិកតាដែលមានទុនប្រមាណ៦៥០លានដុល្លាអាមេរិក ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ នៃខេត្តពោធិ៍សាត់ ៕ សុក្ខារិន