ផ្ទះមនុស្សធម៌ទី៩១ និងទី៩២ អំណោយរបស់សាខាកាកបា ទក្រហមកម្ពុជា ខេត្តសៀមរាបប្រគល់ជូនគ្រួសារក្រីក្រ ២គ្រួសារ នៅស្រុកសូទ្រនិគម

សៀមរាប៖ នៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៤ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមជាមួយសហការីនិងប្រតិភូក្រុមការងារបានអញ្ជើញកាត់ខ្សែបូប្រគល់ផ្ទះមនុស្សធម៌ទី៩១ ជូនឈ្មោះ ជរ តុល អាយុ៣៤ឆ្នាំ ប្រពន្ធ ឈ្មោះ ផា យីម អាយុ ៣០ឆ្នាំ មានកូនក្នុងបន្ទុក ៣នាក់ ជាគ្រួសាររងគ្រោះដោយ អគ្គីភ័យនិងមានជីវភាពក្រីក្រពុំមានលទ្ឋភាពសាងសង់ផ្ទះជាថ្មីឡើងវិញ មានមុខរបរជាកម្មករលីសែង ដកដំឡូង រស់នៅភូមិ ត្រាវបាក់(ជប់ស្មាច់) ឃុំតាយ៉ែក ស្រុកសូទ្រនិគម និង ផ្ទះមនុស្សធម៌ទី៩២ ត្រូវបានប្រគល់ជូនឈ្មោះ ស៊ន់ សុខ អាយុ ៣៨ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុក ៣នាក់ មានមុខរបរបំរើសេវានៅភោជនីយដ្ឋាន រស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ។ ផ្ទះមនុស្សធម៌ទាំងពីរនេះ មួយខ្នងៗមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី០.៥ម៉ែត្រ ដែលជាអំណោយរបស់លោក Yu Lin Liao សប្បុរសជនចិនតៃវ៉ាន់ ផ្តល់តាមរយៈអង្គការរ៉ូតារីអង្គរ និង សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងទឹកប្រាក់ទាំងពីរខ្នងផ្ទះ សរុប៧ពាន់៦០០ដុល្លា ។
មានប្រសាសន៍សំណេះសំណាលជាមួយលោកតា លោកយាយ ម្ចាស់ផ្ទះទាំងពីរ និង អ៊ុំពូមីង នៅក្នុងឱកាសនេះលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលឡើយ”។ លោកជំទាវ មានប្រសាសន៍ថា៖ស្ថិតក្នុងគ្រួសារមានជីវភាពទីទ័លក្រនិងរងគ្រោះដោយឧបទ្ទវហេតុដោយអគ្គីភ័យ និងគ្រួសារមួយទៀត ជាស្ត្រីមេម៉ាយ ដែលតម្រូវឱ្យមានការជួយជ្រោមជ្រែងពីញាតិជិតខាង សហគមន៍ និងអាជ្ញាធរមូលដ្ឋានជួយទំនុកបំរុង តាមរយៈនេះជឿជាក់ថាដោយក្តីស្រឡាញ់និងការអាណិតអាសូរក្រុមគ្រួសារនេះ លោកតា លោកយាយ អ៊ុំពូមីង នឹងបន្តជួយជ្រោមជ្រែងផ្តល់នូវកម្លាំងចិត្តនិងចូលរួមត្រេកអរចំពោះផ្ទះមនុស្សធម៌នេះ ដែលផ្ទះនេះនឹងក្លាយជាជំរកដ៏កក់ក្តៅសម្រាប់គ្រួសារទាំងពីរចាប់ពីពេលនេះតទៅ។ លោកជំទាវ ក៏បានក្រើនរម្លឹកដល់លោកយាយ លោកតា អ៊ុំពូមីង សូមប្រុងប្រយ័ត្នចំពោះខ្យល់ ផ្កររន្ទះ សូមរកទីជំរកសុវត្ថិភាព ជាពិសេសសុខភាពជារឿងសំខាន់សូមយកចិត្តទុកដាក់ចំពោះ សុខភាពផ្ទាល់ខ្លួននិងកូនចៅតូចៗ ដែលពួកគាត់ងាយកើតជំងឺផ្សេងៗនៅក្នុងរដូវវស្សានេះ និងសូមទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុតបើឃើញថាអាការៈសុខភាពមិនប្រក្រតី ។
ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភអំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះ ទាំងពីរគ្រួសារក្នុងមួយគ្រួសារទទួលបាន អង្ករ ៦០គ.ក្រ ,មី ១កេស , ត្រីខ ១យួរ ,ទឹកត្រី ១យួរអំបិល ១គ.ក្រ, កន្ទេល២ ,ឃីត ២កញ្ចប់ , សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤០ម៉ឺនរៀល និង យាយតាពូមីងបងប្អូនគ្រួសារក្រីក្រចូលរួមក្នុងពិធីប្រគល់ផ្ទះទាំងពីរចំនួន៨០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ , អំបិល ១គ.ក្រ ឃីត ១កញ្ចប់ និងថវិកា៤ម៉ឺនរៀលផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *