កាកបាទក្រហមកម្ពុជា បំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ដល់សិស្ស ២០៣នាក់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

សៀមរាប៖ យុវសិស្ស ចំនួន ២០៣នាក់ មកពីវិទ្យាល័យ ចំនួន៤ ក្នុងស្រុកប្រាសាទបាគង ត្រូវបានសាខាកាកបាទក្រហមកម្ពុជា បំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ។ ពិធីបំពាក់ឯកសណ្ឋានបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។
ក្នុងកិច្ចស្វាគមន៍នោះដែរលោក សូរ ប្លាតុង ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបាគង បានលើកឡើងអំពីសកម្មភាព លទ្ធផលដែលក្រុមយុវជនកាកបាទក្រហមកម្ពុជា បានអនុវត្តកន្លងគួរឲ្យកត់សម្គាល់។ ក្នុងនោះពួកគេបានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ និង ធ្វើអនាម័យ បរិស្ថាន តាមដងផ្លូវទីសាធារណៈ តាមរយៈការចែកស្បៀងអាហារដល់គ្រួសារក្រីក្រ និងរងគ្រោះហានីភ័យផ្សេងៗ និង ចូលរួមផ្សព្វផ្សាយអប់រំ ដល់មិត្តរួមសាលា និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយផ្តោតលើការ គោរពច្បាប់ចរាចរណ៍ រួមទាំងគ្រឿងញៀងទៀតផង ។
លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ បានលើកឡើងថា កម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាលគ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត ។ លោកជំទាវបានលើកឡើងថា ការបំពាក់កន្សែងដល់យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ទាំង២០៣នាក់នាពេលនេះ បានបង្ហាញអំពីអ្នកបន្តវេន ក្នុងសកម្មភាពមនុស្សធម៌របស់យុវជន ជាទំពាំងស្នងឫស្សី ជាពិសេស ជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ។ ជាមួយគ្នានេះដែរ កាកបាទក្រហមកម្ពុជា បានទទួលស្គាល់ថា យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយ ដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាកម្មមនុស្សធម៌ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ស្របតាមប្រធានបទ “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” និង “យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបទក្នុងសង្គម” ។ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ ក៏បានលើកសរសើផងដែរ ចំពោះក្មួយៗយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សា ក្នុងការចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ជាពិសេសក្នុងពេលដែលខេត្តសៀមរាប នៅពេលជួបនូវវិបត្តិជម្ងឺកូវីដ១៩កន្លងមក ក្មួយៗបានដឹកនាំយក នូវស្បៀងអាហារ ដើមី្បផ្គត់ផ្គង់ដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត ព្រមទាំងការងារគ្រោះមហន្តរាយទៀតផង ។ លោកជំទាវ ក៏បានលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់គោរពវិន័យសាលា ខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សកម្ម ភាពក្នុងស្រទាប់យុវវ័យ ផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់កាកបាទក្រហមកម្ពុជាឲ្យបានទូលំទូលាយ ចូលរួមពលកម្មសម្អាតបរិស្ថានក្នុងវិទ្យាល័យ និង ទីសាធារណៈ ជាពិសេសត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ រួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *