ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា និង គណៈអភិបាលក្រុងរុនតាឯកតេជោសែន

សៀមរាប៖ លោក អ៊ូ ពុទ្ធសាវន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សា និង លោក អ៊ឹង សុភ័ណ ត្រូវបានប្រកាស ចូលកាន់មុខតំណែងជាអភិបាលក្រុងរុនតាឯក តេជោសែន រួមសមាជិកសមាជិកាក្រុមប្រឹក្សាក្រុងទាំង១៣រូប និង អភិបាលរងក្រុង ៦រូប ព្រមទាំងនាយករដ្ឋបាលសាលាក្រុង១រូបផងដែរ ។ ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា និង គណៈអភិបាលក្រុងរុនតាឯកតេជោសែន បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ ចៅសង្កាត់ មេភូមិ រួមទាំងក្រុម គ្រួសារប្រមាណជាង ២០០នាក់ចូលរួម ។
បន្ទាប់ពីលោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានអាននូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងរុនតាឯក តេជោសែន ក្នុងអាណត្តិទី៤ និង សេចក្តីសម្រេច និង សេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំង និង ផ្លាស់ប្តូរភារកិច្ចរបស់មន្ត្រីរាជការស៊ីវិលរួចមក គណៈអធិបតីបានប្រគល់អនុក្រឹត្យ ព្រមទាំងប្រគល់សេចក្តីសម្រេច និង ត្រា ដល់លោកអភិបាលក្រុង និងធ្វើការប្តេជ្ញាចិត្តរបស់ប្រធានក្រុមប្រឹក្សាអាណត្តិទី៤ និង ការប្តេជ្ញាចិត្តរបស់លោកអភិបាលក្រុង ដែលទើបតែងតាំងថ្មីរួចមក មានប្រសាសន៍នោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ បានអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកាក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ បានបោះឆ្នោតផ្តល់ សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំនិងបន្តការអភិវឌ្ឍន៍ក្នុងក្រុងឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្ទេរមុខងារវិញ ក៏មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ផងដែរ ។ ក្នុងនោះមុខងារ ក្នុងវិស័យសង្គមកិច្ចពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលថែទាំការរបស់រដ្ឋ និងមុខងារក្នុងវិស័យសុខាភិបាល ពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពសាធារណៈក៏ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលរាជធានី ខេត្តទូទាំងប្រទេស ។ ឯកឧត្តម ប្រាក់ សោភ័ណ បានគូសបញ្ជាក់ថា តាមរយៈការធ្វើសមាហរណកម្មការិយាល័យជំនាញនានានៅក្នុងរចនា សម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនាឆ្នាំ២០១៩កន្លងមក ក៏បានផ្ទេរភ្ជាប់ទៅជាមួយនូវមុខងារ ចំនួន៥៥ក្នុងវិស័យចំនួន២០ទៅឲ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេសផងដែរ ។ ក្រៅពីនេះ មុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង៨០០ប្រភេទក៏ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវា រដ្ឋបាលទាំងនេះជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗផងដែរ ។ ទន្ទឹមនេះ មុនងារក្នុងវិស័យអប់រំ យុវជន និងកីឡា ចាប់ពីបឋមសិក្សាចុះក្រោមទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ត្រូវបានផ្ទេរអោយរដ្ឋបាលក្រុង ស្រុក ខណ្ឌផងដែរ ។ ដើម្បីឆ្លើយតបទៅនឹងវត្ថុបំណងរបស់អង្គបោះឆ្នោត ដែលជាតំណាងប្រជាពលរដ្ឋ ដែលបានផ្តល់សេចក្តីទុកចិត្ត និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ និងដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានពេញលេញ និងគ្រប់ជ្រុង ជ្រោយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានប្រសិទ្ធភាព តម្លាភាព និងបរិយាប័ន្ន ។ ឯកឧត្តមបានផ្តល់នូវការណែនាំអនុវត្ត និង អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឲ្យក្រុមប្រឹក្សាក្រុងរុនតាឯកគេជោសែន ប្រើប្រាស់ជា មូលដ្ឋានក្នុងការអនុវត្តនូវកិច្ចការសំខាន់ៗ មួយចំនួន ពីរបបការងារ ប្រតិទិនក្នុងកិច្ចប្រជុំរបស់ខ្លួន និង កាធ្វើវេទិកាសាធារណៈ និង ផ្សព្វផ្សាយច្បាប់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន និង ចេះរួមសាមគ្គីគ្នា ទោះបីយើងមកពីគណបក្សនយោបាយផ្សេងគ្នាក៏ពិតមែន តែនេះជាផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ឯកឧត្តម ក៏បានលើកផងដែរ ពីកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកគេដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ព្រមជាមួយគ្នានេះ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណគឺ ផ្តោតលើការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីធានានិរន្តភាព តួនាទី ដំណើរការរដ្ឋបាល សាធារណៈដោយតម្កល់ផលប្រយោជន៍ប្រជាជនជាតិ ព្រមជាមួយនឹងការកសាងជាតិ និងការពង្រឹងនីតិ រដ្ឋសំដៅដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានធ្វើការផ្តាំផ្ញើ ដល់ក្រុមប្រឹក្សា អាណត្តិទី៤ និង គណៈអភិបាលក្រុង ត្រូវមានកិច្ចសហការគ្នាឲ្យបានល្អ និងរួមសាមគ្គីគ្នា ដើមី្ប បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ

ក្នុងក្រុងរុនតាឯកតេជោសែននេះ គឺត្រូវសហការចូលរួមអនុវត្តប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងក្របខណ្ឌសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ជាពិសេសរដ្ឋបាលថ្នាក់ ក្រោមជាតិត្រូវពង្រឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារ និងប្រើប្រាស់ធនធាននានា ។ កត្តាសំខាន់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ឲ្យស្របតាមនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការលប់បំបានក្រុមក្មេងទំនើង បងតូចបងធំ នៅក្នុងមូលដ្ឋាន និង បង្ក្រាបឲ្យខាងតែបាននូវករណីជួញដូរ និង ប្រើប្រាស់គ្រឿងញៀន ព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋ ពីច្បាប់ចរាចរណ៍ផ្លូវគោក និង ជម្រុញដល់កងកម្លាំងសមត្ថកិច្ច សង្កាត់ ធ្វើការផ្សព្វផ្សាយឲ្យបានជាប្រចាំ នូវគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ក្នុងការធានាឲ្យមានសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់ល្អ ” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋានរៀងៗខ្លួន ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *