ការិយាល័យកុងស៊ុល កិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប បានបើក សម្ពោធជាផ្លូវការ ខណៈ អាជ្ញាខេត្តថា ការិយា ល័យនេះ នឹងជម្រុញញដល់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ

សៀមរាប៖ ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ប្រចាំខេត្តសៀមរាប ត្រូវបានបេីកសម្ពោធជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ខណៈអាជ្ញាធរខេត្ត បង្ហាញក្ដីជឿជាក់ថា ការបើកទំព័រថ្មីនៃការិយាល័យកុងស៊ុលកិត្តិយ វានឹងបង្កើនទំនាក់ទំនងល្អបន្ថែមទៀត រវាងរដ្ឋបាលខេត្តសៀមរាប និង ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ ក៏ដូចជាការជម្រុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ។
ក្នុងនាមតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លោក យុន លីណេ អភិបាលរងខេត្ត បានបង្ហាញនូក្ដីរីករាយ ចំពោះការសម្ពោធបើកការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ងប្រចាំ នៅខេត្តសៀមរាបនាពេលនេះ ក្នុងគោលដៅអបអរសារទរភាពជាដៃគូរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ព្រោះទំនាក់ទំនងកិច្ចសហប្រត្តិការ និងសាមគ្គីភាពជាកត្តាមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ហើយក៏បានបង្ហាញពីមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរផងដែរ ។ លោកអភិបាលរងខេត្ត ថាការកសាងទំនាក់ទំនង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គឺពិតជាបានចូលរួមចំណែកយ៉ាងសកម្ម ដល់កិច្ចអភិវឌ្ឍប្រទេស និងសកលលោក ហើយខ្ញុំសូមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះ ការបើកការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង ប្រចាំខេត្តសៀមរាប ដែលបានបង្ហាញពីមិត្តភាពដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
លោក Stetan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្ដីជឿជាក់ថា ជាមួយនឹងការបើកការិយាល័យថ្មីនេះ នឹងធ្វើឲ្យកិច្ចសហការរវាងស្ថានទូតអាល្លឺម៉ង់ និងព្រះរាជាណាចក្រកម្ពុជា ក្នុងការបោះជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត ខណៈសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង បានចាត់ទុកព្រះរាជាណាចក្រកម្ពុជា ជាដៃគូរដ៏សំខាន់ក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍។ សមិទ្ធិផលនៃការិយាល័យនេះដែរ ក៏បានបង្ហាញឲ្យឃើញពីឆន្ទៈក្នុងការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ និងសេដ្ឋកិច្ច ដើម្បីបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពរវាងប្រជាជនយើង ព្រោះកម្ពុជានិងអាល្លឺម៉ង់ មានចក្ខុវិស័យដូចគ្នា ដោយផ្តោតយ៉ាងសំខាន់លើការអភិវឌ្ឍន៍អាជីវកម្ម និងសេដ្ឋកិច្ច។
លោក ម៉នធើ (Munther) ប្រធានការិយាល័យកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា ខេត្តសៀមរាប គឺជាខេត្តមួយក្នុងចំណោមខេត្តសំខាន់ៗផ្សេងទៀតនៅកម្ពុជា ជាមួយនឹងខេត្តដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ សម្រាប់បម្រើដល់វិស័យទេសចរណ៍ ហើយការបើកដំណើរការការិយាល័យកុងស៊ុលកិត្តិយស វានឹងជួយបម្រើបន្ថែមដល់ការងារផ្សេងជាមួយនឹងភ្ញៀវទេសចរ និងអ្នកវិនិយោគអាល្លឺម៉ង់ ដែលចង់មក និងកំពុងស្នាក់នៅក្នុងខេត្តសៀមរាប ។ ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់នេះដែរ វាក៏ជាការផ្ដល់នូវកិច្ចសហការជាមួយបណ្ដាខេត្តមួយចំនួនជាប់ខេត្តសៀមរាបផងដែរ ដូចជា៖ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ជាដើម៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *