ខេត្តពោធិសាត់៖ ប្រតិភូខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អិច១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីសម្តែងនូវការចងចាំឧបការៈគុណយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា និងបុព្វបុរសដែលបានពលី រំដោះប្រទេសជាតិសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។
ក្នុងស្មារតីចងចាំជានិច្ច និងរំឭកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់អាច ក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិនៃយើង គណៈកម្មការអន្តរក្រសួង បានរៀបចំពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីរយុទ្ធនារី និងប្រជាជនកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ហើយសកម្មភាពដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនេះ គឺដើម្បីសម្តែងនូវការចងចាំឧបការគុណយុទ្ធជន កងកម្លាំងប្រដាប់អាវុធសាមគ្គី សង្គ្រោះជាតិកម្ពុជា និងបុព្វបុរសដែលបានពលី រំដោះប្រទេសជាតិសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីការធ្វើទារុណកម្ម ការកាប់សម្លាប់យ៉ាងសាហាវ យង់ឃ្នងពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឱកាសរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅកាផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤។
គួររម្លឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះគឺជាខួបគម្រប់៤៧ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀតបានសម្រេចចិត្តក្នុងស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។
ដោយផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន ៕
សុក្ខារិន