ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ:លើកទី៧ឆ្នាំ២០២៤ ក្រោមប្រធានបទ” TVET រៀនអោយចប់ អោយចេះ អោយមានការងារ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីលោក សុឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក លី ចន្ទរិទ្ធ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ធាន ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនអ្នកផងដែរ ។
លោក លី ចន្ទរិទ្ធ ប្រធានវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា នៅឆ្នាំសិក្សា២០២៣-២០២៤មានសិស្ស និសិ្សតកំពុងសិក្សា៥៣៩នាក់ ដោយសិក្សាលើជំនាញការរចនាដោយក្រាហ្វិកកុំព្យូទ័រ ជួសជុលកុំព្យូទ័រ ជួសជុលម៉ាស៊ីនធុនតូច ការដំឡើងអគ្គិសនីក្នុងអគារ បច្ចេកទេសកែច្នៃបន្លែផ្លែឈើ និង វគ្គខ្លីៗជាច្រើនជំនាញទៀតដូចជាសេវាកម្មកុំព្យូទ័រ ការដំឡើងបណ្តាញអគ្គិសនី ថែទាំនិងជួសជុលរថយន្ត ព័ត៌មានវិទ្យា បរិក្ខាត្រជាក់ ។ ក្នុងនោះក៍មានសិស្សមកពីគ្រួសារក្រីក្រ និង គ្រួសារ រងហានីភ័យមានចំនួន៤២១នាក់បានដាក់ពាក្យចូលរៀនលើជំនាញបច្ចេកទេសផងដែរ ។
មានប្រសាសន៍នៅក្នុងឱកាស លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាទិវាមួយដែលប្រមុខរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ខែមិថុនាជារៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារៈសំខាន់ នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើឡើងក្រោមប្រធានបទ «TVET (ធីវេត) រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ក្នុងគោលបំណងផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីការអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ ដែលកំពុងមានតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងអនាគត។
លោក អភិបាលរងខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ក្មួយៗជាសិស្សានុសិស្សវិញក៏ដូចជាយុវជនជាទំពាំងស្នងឫស្សី ដើម្បីអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនលុះត្រាតែប្អូនៗទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រដោយយកចិត្តដាក់នូវជំនាញបច្ចេកទេសវិជ្ជាជីវៈ ។
ដូច្នេះការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមានសារៈសំខាន់ណាស់គឺជាកត្តាមិនអាចខ្នះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជម្រុញឲ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញបច្ចេកទេស ប្រកបដោយមានសមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាពលករជំនាញ អ្នកបច្ចេកទេសច្បាស់លាស់។
លោកអភិបាលរងខេត្តកំពង់ឆ្នាំងបានបញ្ចាក់ទៀតថា ក្រោមការដឹកនាំសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាមានសន្តិភាព ការអភិវឌ្ឍ និង មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលធានាដល់ការរីកចម្រើនលើគ្រប់វិស័យ និង កំពុងប្រែមុខមាត់ថ្មីនៅលើឆាកអន្តរជាតិ ។
ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ បានផលិតនូវធនធានមនុស្សគ្រប់ជំនាញ គ្រប់កម្រិត ចាប់ពីថ្នាក់វិញ្ញាបនបត្ររហូតដល់ថ្នាក់បណ្ឌិតបច្ចេកវិទ្យា ដែលមានចំណេះដឹង ចំណេះធ្វើ ប្រកបដោយ សមត្ថភាព និងគុណភាព ដើម្បីប្រកួតប្រជែងការងារពលកម្ម ក្នុងទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស ធ្វើឱ្យប្រជាពលរដ្ឋកើននូវប្រាក់ចំណូល លើកស្ទួយជីវភាពប្រចាំគ្រួសារ ស្របតាមយុទ្ធសាស្ត្រដើម្បី កាត់បន្ថយ ភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
និងបានលើកពីគុណតម្លៃនៃការរៀនបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទាក់ទាញយុវជនចុះឈ្មោះចូលរៀនជំនាញកាន់តែច្រើន ពិសេសតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ វិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ១លាន ៥សែននាក់សម្រាប់ក្រុមគ្រួសារគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិយភ័យ។
នៅក្នុងឱកាសនោះ គណអធិបតីបានអញ្ជើញពិនិត្យពិពណ៌ស្នាដៃសិស្ស និង និស្សិត ដែលបានធ្វើឡើងក្នុងអំឡុងសិក្សាផងដែរ ៕ សុក្ខារិន