ឯកឧត្តម ខូយ រីដា អញ្ជើញប្រកាសសុពលភាព ក្រុមប្រឹក្សាស្រុក តាលោសែនជ័យ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ សម្រាប់អាណត្តិទី៤

ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកតាលោសែនជ័យនិងក្រុមប្រឹក្សាស្រុកកណ្តៀង សម្រាប់អាណត្តិទី៤ នាសៀលថ្ងៃទី១៣និងព្រឹកថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤នៅសាលប្រជុំសាលាស្រុកទាំង២ ដោយបានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក ឃុំ មន្ត្រីការិយាល័យចំណុះសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

យោងតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាលលេខ៤៥២និង៤៥៣ អនក្រ/តតចុះថ្ងៃទី៦ខែមិថុនា ឆ្នាំ២០២៤ដែលអានដោយលោក ណារ៉ា ចំរើន នាយករដ្ឋបាលនិងធាង ផេង នាយករងរដ្ឋបាលសាលាខេត្តស្តីពីការទទួលស្គាល់សមាភាពក្រុមប្រឹក្សាស្រុកតាលោសែនជ័យចំនួន១៥រូបស្រី១រូប ដែលមានលោក សឺន សាក់សារ៉ាន់ជាប្រធាននិងក្រុមប្រឹក្សាស្រុកកណ្តៀង ចំនួ ១៧រូប ស្រី១រូប ដែលមានលោក សុខ លីមុត ជាធាន ។

លោក សឺន សាក់សារ៉ាន ប្រធានក្រុមប្រឹក្សាស្រុកតាលោសែនជ័យនិងលោក សុខ លីមុត ប្រធានក្រុមប្រឹក្សាស្រុកកណ្តៀង ទើបតែប្រកាសចូលកាន់មុខតំណែងថ្មីក្នុងអាណត្តិទី៤ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤សូមថ្លែងអំណរគុណចំពោះអង្គបោះឆ្នោត ជាសមាជិក សមាជិការក្រុមប្រឹក្សាឃុំបានបោះឆ្នោតគាំទ្រនិងបង្ហាញពីជំនឿជឿជាក់ក្នុងការធានាសន្តិភាព ស្ថេរភាពនិងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ដើម្បីជាការឆ្លើយតប សូមធ្វើការប្តេជ្ញាចិត្តខិតខំ ប្រឹងប្រែងធ្វើការឱ្យអស់ពីកម្លាំងកាយចិត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ពង្រឹងកិច្ចការរដ្ឋបាល ធ្វើម្ចាស់ក្នុងគ្រប់គ្រងក្នុងដែនសមត្ថកិច្ច លើកកម្ពស់គណនេយ្យភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

អនុវត្តឱ្យបានតាមច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង និងមានទំនាក់ទំនងល្អ ពង្រឹងសាមគ្គីផ្ទៃក្នុងរវាងក្រុមប្រឹក្សានិងគណៈអភិបាលខេត្តព្រមទាំងស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែកគ្រប់ថ្នាក់សំដៅធ្វើយ៉ាងណាឱ្យកាន់តែអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍អបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកតាលោសែនជ័យនិងស្រុកកណ្តៀង ដែលត្រូវបានតំណាងប្រជាពលរដ្ឋគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តដើម្បីដឹកនាំសម្រាប់អាណត្តិទី៤ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតក្នុងនោះក្រុមប្រឹក្សាដែលជាប់ឆ្នោតទោះបីមានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗគ្នាពិតមែន ប៉ុន្តែគោលការណ៍ច្បាប់បានកំណត់ថាក្រុមប្រឹក្សាគឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនទាំងមូល។

ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាផ្នែកមួយនៃអំណាចនីតិប្រតិបត្តិ ក្នុងក្របខណ្ឌដែលបានកំណត់ដោយច្បាប់ លិខិតបទដ្ឋាន គតិយុត្តជាធរមានក្នុងការគ្រប់គ្រង ចាត់ចែង កិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោ បាយណាមួយនោះឡើយ។

ឯកឧត្តម ថ្លែងថា ក្រុមប្រឹក្សានិង គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយឈរលើមូលដ្ឋានលើកកម្ពស់ ប្រសិទ្ធិភាព គោរពច្បាប់ គោលការណ៍ របៀបរបបធ្វើការងារ ភាពជាម្ចាស់ក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួន សំដៅអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើន។

ជាងនេះទៅទៀតនោះបន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការ ផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាច សាហាវផ្សេងៗ ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធិភាព។

ត្រូវយកចិត្តទុកដាក់ការពារសម្បត្តិធនធានធម្មជាតិបរិស្ថាន និង បង្កាទប់ស្កាត់ នូវរាល់បទល្មើសធនធានធម្មព្រៃឈើ ធនធានជលផល និង ជម្រុញការដាំដុះព្រៃឈើឡើងវិញនៅតាមដងផ្លូវ ទីវាលហោដ្ឋានជាដើមក្នុងគោលបំណងរួមគ្នាស្តាព្រៃឈើឡើងវិញឱ្យបានគ្រប់ទីកន្លែងជាពិសេសនៅស្រុកវាលវែងត្រង់ចំណុចផ្លូវ១៥០០ឬហៅថាផ្លូវបុផ្ផាក់ខ្លួនឬផ្លូវអន្ទង់អាំងឱ្យក្លាយទៅជាតំបន់ប៉ៃតងនិងជាតំបន់ទេសចរណ៍យ៉ាងប្រណិតសម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកំសាន្តគ្រប់រដូវកាល៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *