សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប បានប្រារព្ធធ្វើពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកអង្គរធំជាស្រុកទី៤ក្នុងខេត្តសៀមរាប ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ត្រូវបាន កាត់ខ្សែបូរជាផ្លូវការ ក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាព នៃក្រសួងអភិវឌ្ឍន៍ជនបទ និង មានការចូលរួមពីអស់លោក លោកស្រី អាជ្ញាធរស្រុកអង្គរធំ, និង ក្រុមប្រឹក្សាឃុំ ព្រមទាំងតំណាងអង្គការដៃគូរអភិវឌ្ឍន៍នានា ដែលធ្វើការងារលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ សិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ ។
ក្នុងកិច្ចស្វាគមន៍ និង សេចក្តីរាយការណ៍របស់លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានបញ្ជាក់ថា ក្រោយពីការជម្រុញនិងផ្សព្វផ្សាយ រួមជាមួយកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់ ប្រជាពល រដ្ឋនៅក្នុងស្រុកមានបង្គន់ប្រើប្រាស់គ្រប់ៗគ្នា ។
បន្ទាប់ពីចំណាប់អារម្មណ៍នោះដែរ លោក តាំង វ៉ាន់ច័ន្ទ តំណាងអង្គការយូវីដូ និង លោក ហង់ ហ៊ីប៊ុណ្ណា ប្រធានអង្គការភ្លែន រួចមក លោក សឿ សីហរិទ្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានលើកឡើងថា នៅចុងឆ្នាំ២០២៤ នេះ ខេត្តសៀមរាប នឹងត្រូវបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលរួមមានក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលស្រុក អាជ្ញាធរឃុំ ភូមិ អង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ នៅក្នុងឆ្នាំ២០២៤ អត្រាគ្របដណ្តប់ផ្នែក អនាម័យ មានក្នុងរង្វង់ ៩៦.៦៧% ខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២១៧ពាន់២១២ ស្មើនឹង ៩០.០៤% ខ្នងគ្មានបង្គន់តែបានប្រើប្រាសបង្គន់រួមមានចំនួនះ ១៥ពាន់៩៩១ ស្មើនឹង ៦.៦៣%ខ្នងផ្ទះដុះពាសវាលពាសកាលមានចំនួន៨ពាន់៤១ ស្មើនឹង៣.៣៣% ហើយភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានចំនួន ៦៦៥ភូមិ ស្មើនឹង ៧០.៣០% ឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានចំនួន ៤៤ឃុំ ស្មើនឹង ៤៤%៤៣ ស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានចំនួន ៥ស្រុក ស្មើនឹង ៤១.៦៦% (ស្រុកអង្គរជុំ ស្រុក ស្រីស្នំ ស្រុកបន្ទាយស្រី ស្រុកក្រឡាញ់ និង ស្រុកអង្គរធំ) ។ ចំពោះភូមិមិនទាន់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន ២១៨ភូមិ ។ ក្នុងចំណោមភូមិទាំង២១៨ ភូមិ មានភូមិចំនួន៩៣ភូមិ មានអត្រាគ្របដណ្តប់អនាម័យដែលអាចឈានទៅរកផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង ពាសវាលពាសកាលបាន នៅសល់តែ១១៨ភូមិដែលនៅមិនទានមានអត្រាគ្របដណ្តប់អនាម័យឈានទៅរកការ ផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលបាន ដែលក្នុងនោះមានភូមិដែលមានប្រជាជនរស់នៅលើទឹកជាប្រចាំ និងរស់នៅលើទឹក៦ខែ គោក៦ខែ ចំនួន២៣ភូមិ ហើយសម្រាប់ឃុំដែលមិនទាន់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន៥៦ឃុំ ។
លោកវេជ្ជបណ្ឌិត លន់ សាយតេង ក៏បានបញ្ជាក់ថា ការប្រកាសដាក់ស្រុកអង្គរធំ ជាស្រុកដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាលកាល នាថ្ងៃនេះជាការរីករាយមួយសម្រាប់ខេត្តសៀមរាប ។ លោកវេជ្ជបណ្ឌិតចង់ឲ្យអាជ្ញាធរ ខេត្តទេសចរណ៍ដ៏ស្រស់មួយនេះ ជម្រុញបន្ថែមទៀតដល់ថ្នាក់ក្រុង ស្រុកផ្សេងទៀត រៀបចំផែនការ និង ចូលរួមប្រឡងប្រណាំង ទាំងអស់គ្នា ដើម្បីខេត្តសៀមរាបទាំងមូលមានសោភ័ណភាព និង បរិស្ថានស្រស់ស្អាតបរិបូរណ៍ ជាការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាកម្សាន្ត ដោយបានផ្តោតទៅលើបញ្ហា អនាម័យ សុខភាព ។ ក្នុងនោះដែរលោកក៏បានលើកនូវសំណូមពរមួយចំនួន ដល់អាជ្ញាធរខេត្ត ស្រុក បន្តពង្រឹងពង្រីកនិងជម្រុញដល់ប្រជាពលរដ្ឋ ក៏ដូចតាមបណ្តាក្រុង ស្រុកផ្សេងទៀត ក្នុងការអនុវត្តអនាម័យ ទឹកស្អាត នៅក្នុងមូលដ្ឋានដែនសមត្ថកិច្ចខ្លួន សំដៅកែប្រែនូវសោភណ្ឌភាពបរិស្ថាន ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ចូលមកខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយសម្បត្តិវប្បធម៌ ធម្មជាតិ ប្រវត្ត្តិសាស្ត្រ ។ ម៉្យាងទៀតដោយមើលឃើញច្បាស់ពីផលប៉ះពាល់ អវិជ្ជមាន នៃកង្វះខាតការ ផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទ រាជរដ្ឋាភិបាលនិងបញ្ហាដៃគូអភិវឌ្ឍន៍ អង្គការជាតិ និង អន្តរជាតិទាំងអស់ បានខិតខំយ៉ាងខ្លាំងក្លារ ក្នុងការរិះរកប្រមើលមើលនូវយុទ្ធសាស្រ្តគន្លឹះនានា វិភាគ អំពីលទ្ធភាពនៃ ធនធាន ធ្វើយ៉ាងណាសម្រេចឲ្យបាននៅគោលដៅ “នៅឆ្នាំ ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមាន ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព”៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប