សៀមរាប៖ នៅសាលសន្និសិទ្ធ សណ្ឋាគារសុខាសៀមរាប នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីរួមសហការបន្តដឹកនាំគ្រប់គ្រងរដ្ឋបាលខេត្ត ឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ សំខាន់ក្នុងការថែរក្សានៅសុខសន្តិភាពសណ្តាប់ធ្នាប់ សាធារណៈ ក្នុងមូលដ្ឋានខេត្តប្រកបដោយសុខសុវត្តិភាព ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិ សាលាដំបូងខេត្ត ព្រះរាជអាជ្ញា ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ អស់លោក លោកស្រី គណៈអភិបាលខេត្ត ស្នងការ មេបញ្ជាការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ចៅសង្កាត់ មេភូមិ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត និង ក្រុមគ្រួសារប្រមាណជា ៦០០នាក់ចូលរួម ។
ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ថា រយៈពេល៥ឆ្នាំ នៃអាណត្តិទី៣ ក្រុមប្រឹក្សាខេត្តសៀមរាប រដ្ឋបាលខេត្ត បានខិតខំអនុវត្តការងាររបស់ខ្លួន សម្រេចបានលទ្ធផលជាវិជ្ជមាន និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលនយោបាយកំណែទម្រង់វិមជ្ឍការ និង វិសហមជ្ឈ ការ ប្រាំឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តធានាបាននូវការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថេរភាពនយោបាយ ការផ្តល់សេវាសាធារណៈ ព្រមទាំងបានពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន សំដៅរួមចំណែកផែនការអភិវឌ្ឍប្រាំឆ្នាំ និង កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត ធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
យោងតាមព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ដែលមាន២៧អសនៈ រួមមាន មកពីគណបក្សប្រជាជនកម្ពុជា ២៤រូប គណបក្សកម្លាំងជាតិ ៣រូប និងគណបក្សឆន្ទះខ្មែរ ១រូបផងដែរ ។ បន្ទាប់ពីធ្វើការប្ដេជ្ញាចិត្តរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តទើបទទួលតំណែង រួចមក មានប្រសាសន៍នោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក គឺជាដំណើរការសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលមានគោលបំណង ក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន រួមទាំងការផ្លាស់ប្តូររចនាសម្ព័ន្ធ និង ប្រព័ន្ធគ្រប់គ្រងរដ្ឋបាល នៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយបង្កើតឡើង នៅរដ្ឋ ¬¬បាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និង មុខងារ ធនធានសមស្រប ដែលបានផ្ទេរឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានា ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រុញឲ្យរដ្ឋបាលខេត្ត ត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ដោយត្រូវយកចិត្តទុកដាក់សម្របសម្រួល រៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ និងលើកឡើងនូវបញ្ហាប្រឈមនានា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប