ខេត្តពោធិសាត់៖ កុដ្ឋ ប្រតិស្ឋានដើមពោធិ៍ព្រឹក ពុទ្ធាភិសេកព្រះពុទ្ធរូបនិងសមិទ្ធិផលនានា ដែលមានតម្លៃជាង៤៥ម៉ឺនដុល្លាអាមេរិក វត្តសុភី ហៅវត្តបន្ទាយត្រោក ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ទើបតែកសាងបានរួចរាល់នោះ ត្រូវបានឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់និងលោកជំទាវ អាំង សុជាតា លោកឧកញ៉ា ភូ ពុយ តំណាងរាស្ត្រខេត្តបាត់ដំបងបាន អញ្ជើញកាត់ខ្សែបូសម្ពោធ ឆ្លងដាក់ឱ្យប្រើ ប្រាស់នាថ្ងៃ ទី១៣ខែមិថុនា ឆ្នាំ២០២៤ដោយពិធីនេះមានការចូលរួមពី ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ឃុំ មន្ត្រីរាជការសប្បុរសជននិងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកកណ្តៀង បានជម្រាបជូនអំពីប្រវត្តិនិងស្ថានភាពនៃការវិវត្តន៍របស់វត្ត វត្ត សូភី ហៅវត្តបន្ទាយត្រោក ដែលបានកសាងឡើងនៅឆ្នាំ១៨៨០រហូតមកដល់ពេលនេះមានអាយុកាល២០០ឆ្នាំ ឆ្លងកាត់ព្រះគ្រូចៅអធិការវត្ត ចំនួន ១០អង្គ ។
ឆ្លងតាមរយៈនៃការខិតខំប្រឹងប្រែង ពីសំណាក់ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងមានការចូលរួមពីសម្បុរសជន ទាំងក្នុងនិងក្រៅខេត្ត ជាពិសេសលោកឧកញ៉ា ពូ ពុយ តំណាងរាស្ត្រខេត្តបាត់ដំបងនិងលោកជំទាវព្រមទាំពុទ្ធបរិស័ទ ចំណុះជើងវត្ត បានកសាងសមិទ្ធិផល និងបាន ធ្វើបុណ្យឆ្លងនាពេលនេះរួមមានកុដិមួយខ្នង ប្រតិស្ឋានដើមពោធិ៍ព្រឹក ពុទ្ធាភិសេកព្រះពុទ្ធរូប ជួសជុលព្រះវិហារ សាងសង់របង ចាក់សាប ក្នុងបរិ វេណវត្ត ធ្វើដងទង់ ក្រាលការ៉ូ រៀបចំសួនផ្កា ជីកស្រះទឹក សាងសង់រោងផ្ទះបាយ សាងសង់រោងចម្រោះទឹក ចាក់ដីក្នុងទីធ្លាវត្ត និងសមិទ្ធិផល នានាជាច្រើនទៀតដោយចំណាយថវិកាអស់ជាង៤៥ម៉ឺនដុល្លារអាមេរិក។
លោកឧកញ៉ា ពូ ពុយ និងឯកឧត្តម ខូយ រីដា បានថ្លែងថា ថ្ងៃនេះវត្តសូភី ហៅវត្តបន្ទាយត្រោក ពិតជាមានមោទនៈភាព ជាមួយនឹង សមិទ្ធិផលដែលកើតចេញពីកម្លាំងសាមគ្គីរបស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសលោកឧកញ៉ាពូ ពុយ តំណាងរាស្ត្រខេត្តបាត់ដំបង ដែល មានស្រុកកំណើតនៅទីនេះ បានរួមគ្នាកសាងឡើងដើម្បីបម្រើសេចក្តីត្រូវការរបស់ពុទ្ធបរិស័យយើង។
សមិទ្ធិផលទាំងនេះដែលកើតមាន គឺមិន មែនកើតឡើងដោយឯកឯងនោះទេ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ពុទ្ធបរិស័ទនិងប្រជាពលរដ្ឋនៅក្នុងតំបន់នេះដោយបានបញ្ជាក់ច្បាស់ថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូជានិច្ចចំពោះសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសក៏ដូចទូទាំងខេត្តពោធិ៍សាត់ មិនថាអ្នករស់នៅក្នុងទីក្រុងឬក៏ទីជនបទនោះឡើយ គឺឱ្យតែមានការលំបាកសម្តេច តែងតែគិតគូជានិច្ចចំពោះវត្តសិរីគន្ធា ថ្វីត្បិតតែនៅឆ្ងាយពីទីប្រជុំជនក៏ពិតមែន ប៉ុន្តែមិនចាញ់វត្តនៅក្នុងទីប្រជុំជននោះដែរ ។
នេះបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ អំពីទឹកចិត្តជ្រះថ្លាចំពោះអ្នកកាន់ និងគោរពព្រះពុទ្ធសាសនា ពីសំណាក់ពុទ្ធបរិស័ទ និងសម្បុរសជន ទាំងក្នុងនិងក្រៅប្រទេសតែងតែ បានខិតខំប្រឹងប្រែង រួបរួមសាមគ្គីគ្នា កសាងសមិទ្ធិផលបានជាច្រើន និង សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនាពេលនេះ។
ឯកឧត្តមបានថ្លែងទៀតថា នៅរាល់សមិទ្ធិផលដែលកើតមានទាំងវិស័យ អាណាចក្រនិងពុទ្ធចក្រ នៅទូទាំងប្រទេស និយាយរួមដោយឡែកនៅក្នុងខេត្តពោធិ៍សាត់ គឺបន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះ ឈ្នះប្រកដោយប្រសិទ្ធិភាពនិងភាពឈ្លាសវៃ។
ឯកឧត្តមបានថ្លែងថា យើងពិតជាសប្បាយ រីករាយណាស់ចំពោះសមិទ្ធិផលទាំងឡាយនៅក្នុងវត្តសូភី ហៅវត្តបន្ទាយត្រោក ព្រោះជាមនុញ្ញផលបានមកពីទឹកចិត្តបរិសុទ្ធជ្រះថ្លា ដែលជាកុសល់និងការជឿជាក់ចំពោះសាសនា ហេតុនេះសូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ ចូលរួម ថែរក្សាទុក ជាគុណប្រយោជន៍ និងសម្បត្តិរួមរបស់យើងទាំងអស់គ្នាទាំងខាងផ្លូវលោកនិងផ្លូវធម៌គឺមានតែជាតិសាសន៍ខ្លួនឯងទេចេះ ថែរក្សា ការពារ មរកតរបស់ជាតិ បើកសាងសមិទ្ធិផលអ្វីមួយក្នុងទីវត្ត ត្រូវឲ្យស្របទៅតាមរចនាបថរបស់ខ្មែរពិត មិនចម្លងពីបរទេស ពីព្រោះវត្ត អារាមជា ឃ្លាំង ជាគម្ពីវប្បធម៌ អក្សរសាសន៍របស់ជាតិ ។
ជាងនេះទៅទៀតនោះសូមប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់អំពីគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សា ក្មេងទំនើង រក្សាការពារធនធានធម្មជាតិជុំវិញបឹងទន្លេសាប ព្រមទាំងបានចូលរួមបុណ្យចំនួន៤លានរៀលអញ្ជើញដាំដើមពោធិ៍ព្រឹក្សនិងរាប់បាតព្រះសង្ឃ២០០អង្គនាពេលនោះផងដែរ៕ សុក្ខារិន