សៀមរាប៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ សមាគមក្លឹបទេសចរណ៍សៀមរាប(STC) បានជម្រាបជូន សាធារណជន បណ្តា ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍នានា អំពីវឌ្ឍនភាពនៃការជ្រើសរើស សិក្ខាកាម ចំនួន២០០នាក់ ក្រោមសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍(SDF) ការប្រើកម្ម វិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញដោយសមាគមក្លឹបទេសចរណ៍ សៀមរាប(STC) ក្រោម សហហិរញ្ញប្បទានពី មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រោង រៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេល ០៨ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីរួមចំណែក ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ចំពោះការផ្តល់សេវាកម្ម ជូនភ្ញៀវទេសចរក្នុងខេត្តសៀមរាប ។ សម្រាប់ឆ្នាំ២០២៤នេះ សមាគមក្លឹប ទេសចរណ៍ សៀមរាបនឹង ធ្វើការជ្រើសរើសសិក្ខាកាមដែល មានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ ចំនួន ២០០នាក់ លើមុខជំនាញ៖ ការិយាល័យជួរមុខ ម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច និងផ្នែកចម្អិនអាហារ។
យោងតាមរយៈការបង្ហោះខិត្តប័ណ្ណលើគេហទំព័រផ្លូវការរបស់សមាគម ការចែករំលែកវីដេអូរខ្លឹមសារនៃការផ្សព្វផ្សាយដោយមានការគាំទ្រពីសាធារណជន និងការគាំទ្រ ចេញពីគេហទំព័រ៖ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប មន្ទីទេសចរណ៍ខេត្តសៀមរាប កម្មវិធីហូកានៃគម្រោងអភិវឌ្ឍន៍ជំនាញ និងតាមរយៈសកម្ម ភាពចុះជួបផ្ទាល់តាមបណ្តាស្រុកពួក អង្គរធំ ជីក្រែង បាគង បន្ទាយស្រី និងស្វាយលើ ។ ស្រុកសៀមរាបមាន សង្កាត់គោកចក សង្កាត់ក្របីរៀល ភ្នំក្រោម ចុងឃ្នៀស និងតាមទីប្រជុំជន សាលារៀនចុះតាមមណ្ឌលសិក្សា និងអង្គការ ។ មកដល់ត្រឹម ០៧ ខែមិថុនា ឆ្នាំ២០២៤ សមាគមទទួលបានបេក្ខភាពមកដាក់ពាក្យដាក់ សិក្សា៣៥%ហើយ សម្រាប់ចំនួនដែលនៅសល់សមាគមសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការសហការពី បងប្អូនបន្តការចែករំលែកព័ត៌មាននេះ និងបានដល់ទៅប្អូនៗដែលមានបំណងក្នុងការសិក្សា ។ ការចូលរួមរបស់បងប្អូនជាកត្តាជំរុញយ៉ាងសំខាន់ ក្នុងការជួយឲ្យគម្រោងទទួល បានជោគជ័យតាមផែនការ និងចូលរួមជួយដល់ក្មេង២០០នាក់ រួមទាំងគ្រួសាររបស់គេឲ្យ មានជីវភាពពីក្រមកជីវភាពមធ្យម ជួយស្ដារវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ធានាឲ្យ វិស័យមួយនេះ ប្រកបដោយបដិសណ្ឋារកិច្ចល្អ វិជ្ជាជីវៈ ស្តង់ដារ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប