ប្រជាពលរដ្ឋដែលមានក្បាលដី ឃុំកែវពណ៌ស្រុកពួកខេត្តសៀមរាប ត្រូវបានក្រុមការងារចុះបញ្ជីដីធ្លីខេត្តធ្វើការប្រកាស កំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ និងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ

សៀមរាប៖ នៅព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០២៤នេះ បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីនៅភូមិកំភេម ភូមិព្រៃដង្ហើម ភូមិថ្មី ភូមិរកាយា ភូមិគោកឬស្សី ភូមិគោកពោធិ ភូមិស្វាយចេក និងភូមិពាមតាអួរ ក្នុងឃុំកែវពណ៌ ស្រុកពួកខេត្តសៀមរាប ត្រូវបានក្រុមការងារចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តសៀមរាប បានធ្វើការប្រកាសកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យ និងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។ លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្ត សៀមរាបបានមានប្រសាសន៍បញ្ជាក់ថា គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ។ លោក បានបន្តទៀតថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជា ការចុះ កំណត់ព្រំដី វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចាស់ដីហើយធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និង ក្បាលដី ហើយផ្តល់សិទ្ធិចំពោះតែក្បាលដី ណាដែលមិនមានទំនាស់ ឬ មិនពាក់ព័ន្ធនឹងដីរដ្ឋផងដែរ ។ លោកហ៊ី សាយ ក៏បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ដែលជាម្ចាស់ដី ឬអ្នកកាន់កាប់ដី ត្រូវបោះបង្គោលព្រំដីដោយបានឯកភាពព្រំរវាងអ្នកជាប់ព្រំ និងត្រៀមរៀបចំឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងអត្តសញ្ញាណម្ចាស់ដី រួមមាន៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាពិពាហ៍ និងអត្តសញ្ញាណ ក្បាលដីដូចជា៖ ប័ណ្ណកម្មសិទ្ធិ បង្កាន់ដៃទទួលពាក្យ លិខិតលក់ទិញ លិខិតផ្ទេរសិទ្ធ សេចក្តីសំរេចរបស់តុលាការ ជាមុនសិន មុននឹងដំណើរការនៃការកំណត់ព្រំ វាស់វែង វិនិច្ឆ័យ ឈានចូលមកដល់ គឺដើម្បីឱ្យមន្រ្តីចុះបញ្ជី ធ្វើបាននូវភាពសុក្រឹត្យ ត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងទាំងលក្ខណៈច្បាប់ផងដែរ។
ក្នុងឱកាសនោះផងដែរ លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក បានមានប្រសាសន៍ថា ការប្រកាសកំណត់តំបន់វិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះគឺដើម្បីអោយមានប័ណ្ណកម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា ហើយការចុះបញ្ជីដីធ្លីនេះ គឺចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួល ខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក កំពុងអនុវត្ត ហើយមានប្រសិទ្ធភាពលើការគ្រប់ គ្រងដី ធ្លី ។ លោកបានបន្តថា បច្ចុប្បន្ននេះ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័ពិតជាអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្តហើយនិងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លីហើយនេះគឺជាប្រការដ៍សមស្របបំផុតដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីនៅក្នុងសង្គមជាតិយើង។ លោកអភិបាលស្រុកពួកក៍បានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីឱ្យក្រុមការងារចុះបញ្ជីដីធ្លីសម្រេចបានជោគជ័យទៅបានគឺទាមទារកិច្ចសហការរបស់ប្រជាពលរដ្ឋដែលម្ចាស់ដីផ្ទាល់ត្រូវចូលរួមសហការចង្អុលបង្ហាញទីតាំងដី ព្រំដីផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារ ពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុតដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យឱ្យបានគ្រប់គ្រាន់តាមទម្រង់ និងនិតិវិធីដែលបានកំណត់។ក្នុងនោះដែរ លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធីមានលក្ខណៈជាប្រព័ន្ធនេះ ឱ្យបានជោគជ័យផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *