សិស្សានុសិស្សថ្នាក់ទី ១០-១១ នៃវិទ្យាល័យពោធិ៍សាត់ចំនួន៣០០ នាក់ ចូលរួមសិក្ខាសាលាស្តីពី ប្រឹក្សាការងារ សេវាកម្ម និងព័ត៌មានសម្រាប់យុវជន

ខេត្តពោធិសាត់៖ សិស្សានុសិស្សថ្នាក់ទី១០និងថ្នាក់ទី១១នៃវិទ្យាល័យពោធិ៍សាត់ចំនួន៣០០នាក់ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីអំពីការប្រឹក្សាការងារ សេវាកម្មនិងព័ត៌មានសម្រាប់យុវជន ដែលរៀបចំឡើងដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន សហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៤នៅសាលប្រជុំបណ្ណាល័យសាមគ្គី វិទ្យាល័យពោធិ៍សាត់។

លោក ចាន់ នី អនុប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្ត បានជម្រាបជូនស្ថានភាពវិស័យអប់រំគិតត្រឹមឆ្នាំសិក្សា២០២៣- ២០២៤ទូទាំងខេត្តមានសាលាមតេ្តយ្យរដ្ឋចំនួន១៨៩សាលា សិស្ស៩៥៥២នាក់ បឋមសិក្សាមានចំនួន៣០៨សាលា សិស្សជាង៧៣ពាន់នាក់មធ្យមសិក្សាបឋមភូមិមាន៤៣សាលា សិស្សជាង១៣ពាន់ណាក់និងមធ្យមសិក្សាទុតិយភូមិមាន១៨សាលាសិស្សជាង១៨ពាន់នាក់។

ក្នុងឆ្នាំ២០២៤ខេត្តពោធិ៍សាត់ទទួលបានចំណាត់ថ្នាក់លេខ១ក្នុងការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែក គណិត វិជ្ជាថ្នាក់ទី១២និងចំណាត់ថ្នាក់លេខ៤ផ្នែករូបវិទ្យាថ្នាក់ទី៩ក្នុងឆ្នាំ២០២៣កន្លងទៅសិស្សទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែករូបវិទ្យាថ្នាក់ទី១២។

លោកបានលើកឡើងថា ការលើកកម្ពស់សមត្ថភាពយុវជន មិនត្រឹមតែធ្វើនៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ចាំបាច់ត្រូវមានការអប់រំទៅលើការអភិវឌ្ឍន៍ វិជ្ជាសម្បទាន បំណិនសម្បទាន និងចរិយាសម្បទាន ជាពិសេសការអប់រំសីលធម៌ ចរិយាធម៌ ពង្រឹង សុខ ភាព រក្សាមរតកវប្បធម៌ប្រពៃណីនិង ទំនៀមទំលាប់ ទាំងអស់នេះទាមទាឱ្យសាលានិងយុវជនត្រូវរៀបចំជាកម្មវិធីអភិវឌ្ឍន៍តាមរយៈ ការរៀបចំដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ មិត្តអប់រំមិត្ត កម្មវិធីបរិស្ថានសាលារៀនល្អនិងកម្មវិធី៣ល្អ។

លោកស្រី ទេព ស៊ីណាត អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំយុវជននិងកីឡា បានថ្លែងក្នុងពិធីបើកសិក្ខា សាលានោះថា គោលនយោបាយរបស់រាជរដ្ឋាភិបាលនិងក្រសួងអប់រំក្នុងមុំទី៥នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១គឺឌីជីថល ដូច្នេះក្រសួងអប់រំយុវជននិងកីឡា ជាសេនាធិការបានរៀបចំកម្មវិធីនិងសកម្មភាពជាច្រើនដើម្បីជម្រុញនិងលើកកម្ពស់ការអប់រំឌីជីថល សម្រាប់យុវជនឱ្យចេះប្រមូល ពិភាក្សា វិភាគ ចែកចាយព័ត៌មាននិងមានសមត្ថភាពផលិតព័ត៌មានដែលមានលក្ខណៈសមស្របព្រមទាំអភិវឌ្ឍន៍សមត្ថភាពលើកជំនាញបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល។

លោកស្រីថ្លែងថា យុវជនមមានតួនាទី និងទទួលខុសត្រូវក្នុង ការខិតខំរៀនសូត្រ ថែរក្សាសុខភាព មានទំនាក់ទំនង គោរពច្បាប់ មានទំនួលខុសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខគ្រប់ប្រភេទ។

យុវជនត្រូវគោរពដឹងគុណចំពោះ មាតាបិតា អាណាព្យាបាល ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូដែលបានខិតខំទំនុកបម្រុងនិងលះបង់គ្រប់បែបយ៉ាងធ្វើឱ្យសង្គមជាតិមានសុខសន្តិភាព និងមានសាលារៀនល្អ ។

លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋាន បានក្រើនរំលឹកនិងផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ដែលបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយត្រូវត្រង់ត្រាប់ស្តាប់ពីសំណាក់វាគ្មិនដែលបានធ្វើបទបង្ហាញ អំពីប្រព័ន្ធអប់រំចំណេះទូទៅ ការអប់រំបច្ចេកទេស ការជ្រើសរើសជំនាញឯកទេស នៅកម្រិត ឧត្តមសិក្សា និងការរៀបចំខ្លួនសម្រាប់ចូលក្នុងទីផ្សារការងារនិងបំណិតក្នុងការរៀបចំផែនការ អភិវឌ្ឍន៍ខ្លួនឱ្យទទួលបានជោគជ័យ លើជំនាញសតវត្សន៍ទី២១នៃការរីកចម្រើនបច្ចេកវិទ្យាបដិវត្តឧស្សាហកម្ម៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *