ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ ជាមួយវត្ថុតាងថ្នាំញៀនជិត១គីឡូក្រាម បញ្ជូនទៅកាន់សាលាដំបូងខេត្តនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។
លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ ដោយមានការសម្របសម្រួលនិតិវិធី ពីលោកព្រះរាជអាជ្ញានៃអយ្យការអមដាលាដំបូងខេត្ត នៅវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបគ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់។
១,ឈ្មោះថេង ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅក្នុងភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ។
២,ឈ្មោះ សុខ សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកស្នងការរង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នាពេលនោះសមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀន ចំនួន១៤កញ្ចប់ ធំ ៣កញ្ចប់ ទម្ងន់ជិត១គីឡូក្រាម ទូរសព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត៕សុក្ខារិន