ឯកឧត្តម កែវ រតនៈអញ្ជើញប្រកាស ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក្នុងអាណត្តិទី៤ចំនួន២១នាក់

ខេត្តពោធិសាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ប្រកាសក្រុមប្រឹក្សាខេត្តពោធិ៍សាត់ចំនួន២១រូម ក្នុងនោះស្រី៤រូប ដែលមានឯកឧត្តម ម៉ក់ រ៉ា ជាប្រធានសម្រាប់អាណត្តិទី៤ ធ្វើឡើងនៅថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្តដែលពិធីនេះបាន ការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងក្រុមការងារថ្នាក់ជាតិ អភិបាលរងខេត្ត រដ្ឋបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣អង្គការសង្គមស៊ីវិលនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រនិងការអភិវឌ្ឍន៍រីកចំរើនរបស់ខេត្តរយៈពេល៥ឆ្នាំរបស់គណៈអភិបាលខេត្ត បានសហការល្អជាមួយក្រុមប្រឹក្សាខេត្ត សម្រេចបាននូវសមិទ្ធិផលធំៗជាច្រើនទាំងអាណាចក្រនិងពុទ្ធចក្រទទួលបាននូវសូចនាករប្រកបដោយប្រសិទ្ធិភាពតម្លាភាពនិងគណនេយ្យភាពព្រមទាំងចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះក្រុមប្រឹក្សាខេត្តអាណត្តិទី៤នេះផងដែរ។

ក្រុមប្រឹក្សាខេត្តនិង គណៈអភិបាលខេត្តតែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់បទល្មើសនិងលុបបំបាត់នូវរាល់សកម្មភាពអណាធិបតេយ្យលើវិស័យធនធានព្រៃឈើ ធនធានជលផល ក្មេងទំនើ គ្រឿងញៀនដើម្បីធានាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ទើបតែប្រកាសចូលកាន់មុខតំណែងថ្មីក្នុងអាណត្តិទី៤ បានថ្លែងប្តេជ្ញាចិត្តខិតខំ ប្រឹងប្រែងធ្វើការឱ្យអស់ពីកម្លាំងកាយចិត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ពង្រឹងកិច្ចការរដ្ឋបាល ធ្វើម្ចាស់ក្នុងគ្រប់គ្រងក្នុងដែនសមត្ថកិច្ច លើកកម្ពស់គណ នេយ្យភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

អនុវត្តឱ្យបានតាមច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង និងមានទំនាក់ទំនងល្អ ពង្រឹងសាមគ្គីផ្ទៃក្នុងរវាងក្រុមប្រឹក្សានិងគណៈអភិបាលខេត្តព្រមទាំងស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែកគ្រប់ថ្នាក់សំដៅធ្វើយ៉ាងណាឱ្យខេត្តពោធិ៍សាត់កាន់តែអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម កែវ រតនៈ ក្នុងនាមរាជរដ្ឋាភិបាល បានមានប្រសាសន៍អបអរសាទរនិងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដែលត្រូវបានតំណាងប្រជាពលរដ្ឋគឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់បោះឆ្នោតផ្តល់សេចក្តីទុកចិត្តដើម្បីដឹកនាំសម្រាប់អាណត្តិទី៤ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍអោយមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

ក្រុមប្រឹក្សា មានអំណាចធ្វើសេចក្តីសម្រេច ខាងបញ្ញត្តិផងនិងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌដែលបានកំណត់ដោយច្បាប់ លិខិតបទដ្ឋាន គតិយុត្តជាធរមានក្នុងការគ្រប់គ្រង ចាត់ចែង កិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការនយោ បាយណាមួយនោះឡើយ។

ឯកឧត្តម ថ្លែងថា ក្រុមប្រឹក្សានិង គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្ត ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ ដោយឈរលើមូលដ្ឋានលើកកម្ពស់ ប្រសិទ្ធិភាព គោរពច្បាប់ គោលការណ៍ របៀបរបបធ្វើការងារ ភាពជាម្ចាស់ក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួន សំដៅអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើន។

ត្រូវបង្កើនការគ្រប់គ្រងនិងប្រើប្រាស់មន្ត្រីរាជការក្នុងខេត្ត ឱ្យបានត្រឹមត្រូវមានប្រសិទ្ធិភាពដោយអនុវត្តទៅតាម នូវអភិក្រមទាំង៥គឺ ១-ឆ្លុះកញ្ចក់ ២-ងួតទឹក ៣- ដុសក្អែល ៤-ព្យាបាលនិង៥-វះកាត់ ។

ជាងនេះទៅទៀតនោះបន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការ ផ្តល់សេវារដ្ឋបាល សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាតកាច សាហាវផ្សេងៗឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធិភាព។

ត្រូវយកចិត្តទុកដាក់ការពារសម្បត្តិធនធានធម្មជាតិ បរិស្ថាន និង បង្កាទប់ស្កាត់នូវរាល់បទល្មើសធនធានធម្មព្រៃឈើ ធនធានជលផល និង ជម្រុញការដាំដុះព្រៃឈើឡើងវិញនៅតាមដងផ្លូវ ទីវាលហោដ្ឋានជាដើមក្នុងគោលបំណងរួមគ្នាស្តាព្រៃឈើឡើងវិញឱ្យបានគ្រប់ទីកន្លែងជាពិសេសនៅស្រុកវាលវែងត្រង់ចំណុចផ្លូវ១៥០០ឬហៅថាផ្លូវបុផ្ផាក់ខ្លួនឱ្យក្លាយទៅជាតំបន់ប៉ៃតងនិងជាតំបន់ទេសចរណ៍យ៉ាងប្រណិតសម្រាប់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិមកលេងកំសាន្តគ្រប់រដូវកាល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *