កុដិថ្មី១ខ្នងមាន២០បន្ទប់ សម្រាប់ព្រះសង្ឃគង់នៅ ក្នុងវត្តព្រះព្រហ្មរ័ត្នក្រុងសៀមរាប ត្រូវបានធ្វើពិធីកាត់ខ្សែបូរនិងបុណ្យឆ្លងដាក់ឱ្យប្រើប្រាស់

កុដិថ្មី១ខ្នងនៅក្មុងវត្តព្រះព្រហ្មរ័ត្នក្រុងសៀមរាបដែលមានកម្ពស់២ជាន់ទំហំ៣៣ម៉ែត្រគុណនិង១៧ម៉ែត្រមានចំនួន២០បន្ទប់សម្រាប់ព្រះសង្ឃគង់នៅ ដែលផ្តួច ផ្តើមនិងចូលរួមកសាងឡើងដោយព្រះគ្រូចៅអធិការវត្តអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត រួមជាមួយនិងសប្បុរសជនក្នុងនិងក្រៅប្រទេសចូលរួមផងដែរនោះ ត្រូវបានធ្វើពិធីសម្ពោធកាត់ខ្សែបូរនិងធ្វើបុណ្យឆ្លង ដាក់ឱ្យប្រើប្រាស់ហើយ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះក្រោមព្រះវត្តមាននិមន្តជាអធិបតីពីសំណាក់សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជា ព្រះចៅអធិការវត្តរាជបូណ៌។ ព្រះសាសនសត្ថាកេសវណ្ណោ តង់ តន ព្រះគ្រូវិមលប្បញ្ញា ព្រះបាឡាត់គុណខេត្តសៀមរាបនិង ជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដិកាឱ្យដឹងថា សមិទ្ធផលដែលព្រះសង្ឃទទួលបានកុដិថ្មី១ខ្នងដែលបានសាងសង់ទុកសម្រាប់ព្រះសង្ឃគង់នៅនាពេលនេះជាគំនិតផ្តួចផ្តើមកសាងឡើងដោយឧបាសក តង់ ទឿមហើយមានការចូលរួម ជាមួយអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តនិង ឯកឧត្តម លោកជំទាវ ជាសប្បុរសជនក្នុងនិងក្រៅប្រទេសបានចូលរួមសទ្ធាដ៏ជ្រះថ្លា ផងដែរនោះគឺបានរួចរាល់ជាស្ថាពរ ដោយកុដិនេះបានចាប់ផ្តើមកសាងតាំងពីឆ្នាំ ២០១៧ ដែលគិតជាទឹកប្រាក់អស់ប្រមាណហើយត្រូវបានចំណាយថវិការអស់ចំនួន៥៣៣,៣៦៣ដុល្លារអាមេរិក ។ ព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដិការបន្ថែមទៀតថា វត្តអារាមមានតួនាទីសំខាន់ណាស់ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាទីកន្លែងសម្រាប់សន្សំបុណ្យឧទ្ទិសកុសល ជាទីកន្លែងរៀបចំពិធីបុណ្យ និងការជួបជុំរីករាយផ្សេងៗ និងសំខាន់ជាមជ្ឈមណ្ឌលប្រមូលផ្តុំ សម្រាប់ការអប់រំបណ្តុះបណ្តាលផ្នត់គំនិត ផ្លូវចិត្ត សតិអារម្មណ៍ឲ្យមានភាពស្ងប់សុខ ចេះគោរពស្រឡាញ់គ្នា ចេះរួបរួមសាមគ្គីគ្នា ដែលជាប្រភពនៃភាពសុខដុមរមនាត្រជាក់ត្រជុំ និងសន្តិភាពជាតិដើម្បីកសាងសង្គមមួយឱ្យមានភាពសុខដុមរមនា រួមរស់ជាមួយគ្នាប្រកបដោយសេចក្តីសុខ និងភាពរីកចម្រើន ។ មានសង្ឃដីការនៅក្នុងឱកាសនោះដែរសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជា ព្រះចៅអធិការវត្តរាជបូណ៌ បានមានសង្ឃដីការថាកោតសរសើរដល់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងកៀរគរបច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទពីគ្រប់ទិសទី ដើម្បី កសាងសមិទ្ធផលកុដិថ្មីនេះឱ្យលេចចេញជារូបរាងឡើងសម្រាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងទុកជូនពុទ្ធបរិស័ទគោរពបូជាហើយក៍ជាការចូលរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក្នុងការបម្រើផលប្រយោជន៍សង្គមទំាងវិស័យពុទ្ធចក្រនិងអាណាចក្រ។ សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ក៍បាន មានសង្ឃដីកាបន្តថាការសាបព្រោះពុទ្ធឱវាទ គឺដើម្បីបណ្តុះពុទ្ធិ បម្រើជាឧត្តមប្រយោជន៍ ក្នុងជីវភាពរស់នៅទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ្ធ គឺផ្តើមចេញនូវកម្លាំងមហាសាមគ្គីធម៌ ក្រោមម្លប់សន្តិភាព បើបែកបាក់ការសាមគ្គី គឺនាំមកនូវវិនាសអន្តរាយជាក់ជាមិនខានឡើយ ដូចនេះទាំងពុទ្ធចក្រ និងអាណាចក្រ គឺមាគ៌ាតែមួយ។សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម បានសំណូមពរដល់លោកឣាចារ្យ គណៈកម្មការព្រះសង្ឃគ្រប់វត្ត ត្រូវខិតខំកសាងវត្តឲ្យក្លាយជាឣារាមមេត្រីភាពតាមបែបពុទ្ធសាសនា ក្នុងយុគសម័យទំនើបនេះ ជាទីនោរម្យ និងជាមជ្ឈមណ្ឌលទេសចរណ៍តាមបែបពុទ្ធសាសនា។ លើសពីនេះសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម ក៍បានក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទ្ទ ត្រូវខិតខំបណ្តុះនិងលើកកម្ពស់វិស័យពុទ្ធសាសនា តាមរយៈការឲ្យកូនចៅបួសរៀនក្នុងពុទ្ធសាសនា ហើយត្រូវ អប់រំសីលធម៌ ចរិយាធម៌ គុណធម៌តាម បែបព្រះពុទ្ធសាសនា ដែលនាំមកនូវសេចក្តីសុខទាំងផ្លូវចិត្ត ផ្លូវកាយប្រកបដោយសន្តិភាព និងការអភិវឌ្ឍន៍ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *