នៅព្រឹកថ្ងៃទី០៥ ខែ ឧសភាឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តសៀមរាប និង លោកជំទាវ ទាង អេង ទៀសីហា បានអញ្ជើញជាអធិបតីខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ ( រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើមី្បសហគមន៍មានសុខភាពល្អ និង មានភាពធន់នឹងអាកាសធាតុ) ដែលបានរៀបចំឡើង ដោយសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅសាលសន្នីសិទ្ធ សុខា សៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី កងកម្លាំង មន្ត្រីរាជការ អនុសាខាក្រុង ស្រុក សប្បុរសជន និង អង្គការដៃគូរ ប្រមាណជា ៨០០នាក់ចូលរូម ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានបញ្ជាក់ ពីលទ្ធផលសកម្មភាពមនុស្សធម៌ របស់សាខា អនុវត្តបានក្នុងឆ្នាំ២០២៣ លើការងារមនុស្សធម៌ សាខាបានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទឹកជំនន់ អគ្គិភ័យ លង់ទឹកស្លាប់ គ្រោះថ្នាក់ដោយគ្រាប់មីន និងគ្រោះថ្នាក់ ដោយឧបទ្ទវហេតុផ្សេងៗ សរុប ២ពាន់៧៧២គ្រួសារ ដែលមានមនុស្សចំនួន ១១ពាន់៨៤២នាក់ , ចុះជួបសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន ដោយអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពមាតា ទារក និងកុមារ សរុបចំនួន ២ពាន់៦៩នាក់ និង ចែកជូនអំណោយមនុស្សធម៌ ចំនួន១១០នាក់ , ការសាងសង់ផ្ទះមនុស្សធម៌សរុបចំនួន៤ខ្នង និងកំពុងពិនិត្យស្ថានភាពគ្រោងសាងសង់ចំនួន៤ខ្នងទៀត ។ បច្ចុប្បន្នសាខាមាន អ្នកស្ម័គ្រចិត្តសរុបមាន ២ពាន់១៦១នាក់ (ស្រី ១ពាន់៩នាក់) និងយុវជនកាកបាទក្រហមកម្ពុជា ១ពាន់៥៩៥នាក់ (ស្រី១ពាន់៥៤ នាក់) ទីប្រឹក្សាយុវជន ៦៤នាក់ (ស្រី២៧នាក់) នៅតាមគ្រឹះស្ថានសិក្សាចំនួន៣២ )។
ក្នុងឱកាសនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា ថ្ងៃនេះពិតជាមានសារៈសំខាន់សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏ដូចជាសម្រាប់អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប ដើម្បីបុព្វហេតុមនុស្សធម៌ សំដៅជួយដល់ជនរងគ្រោះ និង ជនងាយរងគ្រោះ តាមរយៈការជួយសម្រាលជនរងគ្រោះដោយគ្រោះមហន្តរាយនានា និង ការថែទាំសុខភាព តាមសហគមន៍ និងសកម្មភាពមនុស្សធម៌ផ្សេងទៀត ។ ឯកឧត្តម បានអាននូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ។ ខ្លឹមសារលិខិតប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយ ការកោតសរសើរ ចំពោះគណៈកិត្តិយស គណៈកម្មាធិការសាខា-អនុសាខា ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងភាពជាម្ចាស់ទាំងសមត្ថភាព ទាំងធនធានរបស់សាខា អនុសាខា តាមទិសវិមជ្ឈការ និងវិសហ មជ្ឈការ ដោះស្រាយឆ្លើយតបបានភ្លាមៗទៅនឹងភាពងាយរងគ្រោះ និងបញ្ហាប្រឈមនានា នៅក្នុងរដ្ឋបាល ដែនដីនីមួយៗបានឆាប់រហ័ស និងទាន់ពេលវេលា សក្តិសមជាជំនួយការជូនអាជ្ញាធរសាធារណៈក្នុងវិស័យ មនុស្សធម៌។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់សម្រាប់ ឆ្នាំ២០២៤នេះ ប្រធានបទ (រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ) មានគោលបំណងសំខាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអប់រំផ្សព្វផ្សាយស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និង ពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជាត្រូវតែលើកកម្ពស់ស្មារតីក្នុងការអនុវត្ត វិធានការនានា ដែលត្រូវឆ្លើយតបជាចាំបាច់ទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ជាពិសេសសម្ពាធ នៃការកើនកម្ដៅ ដែលកំពុងបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ធម្មជាតិ សុខភាព សេដ្ឋកិច្ច ។ ឯកឧត្តមបានជម្រុញដល់សាខា អនុសាខា អាជ្ញាធរក្រុង ស្រុក គ្រប់មន្ទីរស្ថាប័ន កងកម្លាំង និង បងប្អូនសប្បុរសជន ក្នុងការលើកកម្ពស់ស្មារតីប្រែក្លាយប្រធានបទនេះឲ្យទៅជាការអនុវត្តជាក់ស្តែង តាមរយៈការលើកកម្ពស់ការទទួលខុសត្រូវរបស់សាខា អនុសាខា ឲ្យខិតខំប្រឹងប្រែងបន្តពង្រឹងការកសាងសមត្ថភាព សហគមន៍នានា ឲ្យទៅជាសហគមន៍ដែលមានសមត្ថភាពទ្រាំទ្របាន ព្រមទាំងបន្សំបានទៅនឹងបញ្ហាប្រឈម បង្កដោយការប្រែប្រួលអាកាសធាតុ ហើយខាងផ្នែកសុខភាពវិញ គឺត្រូវតែចាប់ផ្តើមបោះបង់ទម្លាប់មិនល្អ មួយចំនួនដែលបំផ្លាញសុខភាព និងអាយុជីវិតខ្លួនឯង រួចចាប់ផ្តើមពុំបង្អែបង្អង់ឡើយនូវការអនុវត្តសេចក្តីណែនាំ និងវិធានការផ្សេងៗ ដែលនាំមកនូវសុខភាពល្អ សុវត្ថិភាពសុខភាពទាំងផ្លូវកាយ-ផ្លូវចិត្តនៅក្នុងជីវិតរស់នៅ ប្រចាំថ្ងៃ តាមពាក្យស្លោក ( កាកបាទក្រហមកម្ពុជា
មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល) ។ ឯកឧត្តមក៏បានជម្រុញ ដល់សាខា អនុសាខា ខិតខំធ្វើការទំនាក់ទំនងជាមួយសប្បុរសជន សំដៅធ្វើការសាងសង់ផ្ទះមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ជនពិការ នៅតាមមូលដ្ឋានរបស់ខ្លួន សំខាន់លើសុខភាពមាតានឹងទារក និង ការផ្គត់ផ្គង់ទឹកស្អាតជាដើម ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប