ពិធីសុំទឹកភ្លៀង របស់អ្នកស្រុកអង្គរធំ ចាក់គូទរាហ៊ូ នៅប្រាសាទនាគព័ន្ធ

ដោយស្ថានភាពអាកាសធាតុក្តៅខ្លាំង ប្រជាពលរដ្ឋ ឃុំលាងដៃ ស្រុកអង្គរធំ បានប្រារព្ធពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ ក្នុងគោលបំណងបន់ឲ្យមានភ្លៀងធ្លាក់ឆាប់ៗ ស្របពេលរដូវកាលធ្វើស្រែចម្ការចូលដល់ តែនៅពុំទាន់មានភ្លៀងធ្លាក់នៅឡើយ ។ កិច្ចពិធីនេះធ្វើរយៈពេលមួយយប់ពីរថ្ងៃ ដោយរសៀលថ្ងៃទី១ មានពិធីប្រុងពាលី ពិធីបួង សួង ពិធីបញ្ជាន់រូប និង សូត្រមន្ត ។ លុះដល់ព្រឹកឡើងនៅថ្ងៃទី២ មានពិធីប្រគេនចង្ហាន់ព្រះសង្ឃ និង រាប់បាត្រ និងធ្វើពិធីប្រទក្សិណ៣ជុំ ប្រាសាទនាគព័ន្ធ ដើម្បីចាក់ទឹកចូលក្នុងទ និង បង្ហូរចេញពីអាងធំចូលទៅអាងតូចតាមទិសទាំង៤។ ក្នុងកំឡុងពេលដើរប្រទក្សិណនោះក៏មានការចាក់ និងជះទឹកដាក់គ្នាយ៉ាងអធិកអធម ដែលជាការនិមិត្តថា មានភ្លៀងធ្លាក់មកមែន ។ ចំពោះគ្រឿងរណ្ដាប់នៅក្នុងពិធីនេះដែរ រួមមាន បាយសី ស្លាធម៌ ក្បាលជ្រូក ទៀន ធូប បាយ សម្ល បង្អែម ផ្លែឈើ និងភេសជ្ជៈ ។ អ្នកភូមិខ្លះ បានវេចខ្ចប់ម្ហូបអាហារ មកជាលក្ខណៈគ្រួសារ ដើម្បីចូលរួមក្នុងពិធី ប្រពៃណីមួយនេះ ។ ក្នុងពិធីនោះ ពួកគេបង្ហាញទឹកមុខរីករាយឥតឧបមា និង រំពឹងថាភ្លៀងនឹងឆាប់បង្អុលមកឆាប់ៗ ក្រោយពិធីសុំទឹកភ្លៀងនេះចប់សព្វគ្រប់ ។
សូមបញ្ជាក់ផងដែរថា ពិធីនៅឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមច្រើន ក្នុងនោះមានអ្នកភូមិលាងដៃ ភូមិសំរោង ភូមិភ្លុង ក្នុងឃុំលាងដៃ ស្រុកអង្គរធំ និង មានអ្នកក្រៅពីតំបន់ក្បែរនោះចូលរួមផងដែរ ។ ពិធីនេះក៏សបញ្ជាក់ថា កសិកម្មនៅតែជាវិស័យយ៉ាងសំខាន់របស់អ្នកស្រុក ទោះជាវិស័យទេសចរណ៍កំពុងរីកចម្រើនក៏ដោយ ។ អ្នកស្រុកធ្វើស្រែចម្ការនៅតែរំពឹងទៅលើទឹកភ្លៀងនៅទ្បើយ ។ ជាពិសេសនាឆ្នាំនេះ ការរាំងស្ងួតមានការអូសបន្លាយ និងកម្ដៅចេះតែបន្តច្រើនអាទិត្យទៀត អ្នកស្រុករឹតតែចូលរួមប្រារព្ធពិធីសុំទឹកភ្លៀងនេះ យ៉ាងច្រើនកុះករ ។ ជាទូទៅប្រជាពលរដ្ឋរស់នៅតំបន់អង្គរ ការប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនេះ រៀងរាល់ឆ្នាំពីដូនតាតរៀងមក ធ្វើទៅតាមរបៀបមានទម្រង់ផ្សេងៗទៅតាមតំបន់ ដែលពួកគេរស់នៅ ។ ក្រៅពីប្រជាពលរដ្ឋនៅឃុំលាងដៃ ក៏មានបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាភូមិ ឃុំ ស្រុក ផ្សេងៗទៀត ក្នុងខេត្តសៀមរាប ក៏បានប្រារព្ធធ្វើពិធីបួងសួងសុំទឹកភ្លៀងនេះផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *