ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតី ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ២៨មេសានៅខេត្តពោធិ៍សាត់

ខេត្តពោធិសាត់: ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ទិវាពិភពលោកដើម្បីសុវត្ថិភាពនិង សុខភាពការងារ២៨មេសា ក្រោមប្រធានបទ «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើផ្នែកសុវត្ថិភាព និងសុខភាពការងារ» នាថ្ងៃទី២ខែឧសភាឆ្នាំ២០២៤នៅទីតាំងក្រុមហ៊ុនថូភេក អេឡិចទ្រិកឯ.ក ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលពិធីនេះបានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តព្រមទាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអាយឡូ តំណាងភាគីសហជីព អង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរដែនដី សមាគមនិយោ ជិក សហគ្រាសនិង គ្រឹះស្ថាន កម្មករ កម្មការនីជាង១០០០នាក់។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថាទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ២៨មេសាដែលបានប្រារព្ធធ្វើនាពេលនេះក្នុងគោលបំណងរំលឹកដល់វិញ្ញាណក្ខន្ធរបស់កម្មករ និយោជិតដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ការងារនិងជំងឺវិជ្ជាជីវៈ។

ដោយឆ្នាំនេះបានលើកយកប្រធានបទ «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើផ្នែកសុវត្ថិភាពនិងសុខភាពការងារ» សំដៅរំលឹកដាស់តឿនដល់ កម្មករ កម្មការនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់អំពីសុវត្ថិភាព និងសុខភាព កាត់បន្ថយគ្រោះថ្នាក់ និងហានិភ័យនៅកន្លែងធ្វើការ សម្របសម្រួលខ្លួនក្នុងបរិបទការងារអំឡុងពេលនៃការប្រែប្រួលអាកាសធាតុនាពេលនេះ។ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានឱ្យដឹងថា ខេត្តពោធិ៍សាត់មាន រោងចក្រកាត់ដេរ៤កន្លែងកម្មករនិយោជិកចំនួន៤១២៩នាក់ សហគ្រាសនិងគ្រឹះស្ថាន២៩៩កន្លែង កម្មករនិយោជិត៦៦៥៣នាក់។

បន្ទាប់ពីលោកទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអាយឡូ លោកតំណាងភាគីនិយោជកនិងតំណាងភាគីសហជីពមានចំណាប់អារម្មណ៍ជាបន្តបន្ទាប់នោះរួចមក ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថានេះគឺជាឆ្នាំលើកទី១៩ ដែលបានប្រារព្ធធ្វើទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារមានគោលបំណងឱ្យយើងទាំងអស់គ្នានៅទីនេះរួមទាំងបណ្តាញសារព័ត៌មានចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ទិវានេះសំដៅបង្កើនការយល់ដឹង ចែករំលែកពីស្ថានភាពនិងទំហំហានិភ័យនៃគ្រោះថ្នាក់ការងារនិងផលប៉ះពាល់ទៅលើកម្មករនិយោជិតនៅកន្លែងធ្វើការ។

ជម្រុញលើកកម្ពស់បន្ថែមចលនាទាក់ទាញឱ្យមានការគាំទ្រផ្នែកនយោបាយ និងថវិកាក្នុងការបង្ការនិងទប់ស្កាត់ការបាត់បង់ជីវិត គ្រោះថ្នាក់ការ ងារនិងជំងឺវិជ្ជាជីវៈនៅទូទាំងពិភពលោក។ បរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាពការងារជាគោលការណ៍ទី៥និងសិទ្ធិមូលដ្ឋានដែលបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់និងជាអាទិភាព សុខុមាលភាពប្រជាពលរដ្ឋនៅលើសកលលោក។

ឯក ឧត្តម រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានថ្លែងទៀតថា ឆ្នាំនេះការប្រែប្រួលអាកាសធាតុកាន់តែជះផលប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាពនិងសុខភាពការងារកម្មករនិយោជិតដោយសារការឡើងកម្តៅព្រះអាទិត្យ បាតុភូតអាកាសធាតុ ការបំពុល ខ្យល់និងជំងឺដែលឆ្លងតាមរយៈភ្នាក់ងារចម្លង។ កម្មករ និយោជិតដែលធ្វើការនៅវាលនិងប្រើពលកម្មខ្លាំង ប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់មិនល្អប្រឈមនឹងហានិភ័យខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា គោលបំណងសំខាន់នៃទិវានេះគឺជម្រុញចលនាទាក់ទាញជាតិ អន្តរជាតិនិងភាគីពាក់ព័ន្ធធ្វើការឆ្លើយតបចំពោះបញ្ហានៃការប្រែប្រួលអាកាសធាតុដែលពិភពលោកក៏ដូចនៅកម្ពុជាកំពុងជួប ប្រទះដែលអាចប៉ះពាល់ដល់សុខភាព។ បញ្ហានេះក្រសួងបានខិតខំជម្រុញយន្តកានៅតាមរោងចក្រ សហគ្រាសនិងចាត់វិធានការ បានទាន់ពេលវេលាក្នុងការបង្ការទប់ស្កាត់នូវបញ្ហាប្រឈមនានាជូនដល់កម្មករនិយោជិត។ មិនតែប៉ុណ្ណោះក្រសួងបាននឹងកំពុងរៀបចំគោលនយោបាយនិងច្បាប់ស្តីពីសុវត្ថិភាពនិងសុខភាពការងារដោយសហការជាមួយដៃគូពាក់ព័ន្ធដោយអនុវត្តទៅតាមសារាចរលេខ០២សរចុះថ្ងៃទី១ខែមិនាឆ្នាំ២០២៤និងសេចក្តីណែនាំលេខ០០៣ចុះថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ស្តីពីវិធានការអប់រំ បង្ការនិងពន្លត់អគ្គិភ័យនៅតាមសហគ្រាស គ្រឹះស្ថានក្នុងវិស័យឧស្សាហកម្ម របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធិភាព និងតម្លាភាព។ ជាមួយនោះក្រសួងបានដាក់ឱ្យប្រើប្រាស់ផែនការមេ លើកទី៣ឆ្នាំ២០២៣-២០២៨ដែលជាផែនទីបង្ហាញផ្លូវសម្រាប់គ្រប់ភាគីពាក់ព័ន្ធដើម្បីធ្វើ សកម្មភាពកែលម្អប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារនៅថ្នាក់ជាតិរហូតដល់ថ្នាក់សហគ្រាសនិងគ្រឹះស្ថាន។ ស្របពេលនោះដែរក្រសួងបានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពក្នុងឱកាសខួបលើកទី១៣៨ ទិវាពលកម្អន្តរជាតិ១ឧសភាដែលមានអ្នកចូលរួមជាង៥០០០នាក់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅមណ្ឌលសន្និបាតជ្រោយចង្វា។

តាមរយៈនេះដែរសូមឱ្យគ្រប់ភាគីពាក់ព័ន្ធជាពិសេសភាគីនិយោជកក្នុងវិស័យកាត់ដេរស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីប្រឡងប្រណាំងទៅជាចលនាជាតិមួយសំដៅអភិវឌ្ឍវប្បធម៌និងលើកតម្កើង ទំនួលខុសត្រូវផ្នែកសង្គមរបស់រោងចក្រ សហគ្រាសត្រូវទទួលបានវិញ្ញាបនបត្រអនុលោមភាពចំនួន៨គឺ១-អនុលោមភាពនៃលក្ខ ខណ្ដការងារ ២-ភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង ៣-ភាពនៃទំនាក់ទំនងវិជ្ជាជីវៈ ៤-ភាពនៃលក្ខខណ្ឌស្តីពីសុវត្ថិភាពនិង សុខភាពការងារ ៥-ភាពនៃរបបសន្តិសុខសង្គម៦-ភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនមានពិការ ៧-ភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារ និង៨-អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម។ ក្នុងកម្មវិធីនេះបាន ផ្តល់ជូនថវិកាដល់អ្នកចូលរួម ១០០០នាក់ក្នុងម្នាក់ៗ២ម៉ឺនរៀលគ្រូពេទ្យ១លានរៀលនិងក្រុមសិល្ប១លានរៀលផងដែរ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *