ខេត្តពោធិសាត់៖ កាកបាទក្រហមកម្ពុជាដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាននិងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការខេត្ត នាពេលថ្មីៗនេះ បានចាត់ឲ្យលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា ដឹកនាំក្រុមការងារ នាំយកអំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនប្រជាពលរដ្ឋដែលទទួលរងការខូចខាតផ្ទះសម្បែងបង្កឡើងដោយភ្លៀងផ្គនិងខ្យល់កន្ត្រាក់ កាលពីថ្ងៃ ទី២៨ ខែ មេសាចំនួន ២៥គ្រួសារ គឺនៅស្រុកវាលវែងចំនួន ១០គ្រួសារនិងក្រុងពោធិ៍សាត់ចំនួន១៥គ្រួសារដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសត្រីខ១០កំប៉ុងនិងថវិកា៥ម៉ឺនរៀល។
លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ខេត្តបានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី បាស៊ីហ្វិក ឆ្លើយតប មេរោគ អេដស៍ ជម្ងឺអេដស៍និងការអភិវឌ្ឍន៍នៅកម្ពុជា ជាឥស្សរជនឆ្នើម ថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារនិងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា តែងតែយកចិត្តទុកដាក់ គិតគូ អំពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះ និង ងាយរងគ្រោះដែលកើតមានឡើងនៅគ្រប់ទីកន្លែង ដូចជា ជនចាស់ជរាគ្មានទីពឹង ស្ត្រីទីទ័ល និងគ្រួសាររងគ្រោះដោយអគ្គិភ័យ គ្រោះថ្នាក់ ចរាចរណ៍និងគ្រោះថ្នាក់ដោយសារគ្រាប់មីនជាដើម ។
ជាក់ស្តែងពេលនេះក្រោយទទួលបាននូវរបាយការណ៍ពីអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកវាលវែងនិងក្រុងពោធិ៍សាត់ដែលរងការប៉ះពាល់បណ្តាលមកពីផ្គ ភ្លៀង ខ្យល់កន្ត្រាក់នាពេលថ្មីៗនោះរួចមក ក្រុមការងារនិងមានការចូលរួមពីអាជ្ញាធរមូល ដ្ឋានបាននាំយកអំណោយ មនុស្សធម៌ ផ្តល់ជូនដល់ទីកន្លែង ។
លោកបានលើកឡើងថា អំណោយដែលផ្តល់ជូនចំពោះតែគ្រួសារ រងគ្រោះធ្ងន់ធ្ងជាងគេជាមុនសិន ហើយក៏មិនភ្លេច ពីការលំបាកខ្វះខាត របស់បងប្អូន ដែលរងការប៉ះពាល់ ដោយកត្តាផ្សេងៗ នោះដែរ ពោលគឺ បានចែកជូនជាបន្តបន្ទាប់ ទៅតាមប្រភេទនៃការរងគ្រោះទាំងអស់ដោយមិនបានប្រកាន់ ឬរើសអើង ពីនិន្នាការ នយោបាយ បក្ខពួក ជាតិ សាសន៍ វណ្ណៈ ព៌ណសម្បុរ អ្វីឡើយ ឱ្យតែប្រជាពលរដ្ឋរងគ្រោះ សុទ្ធតែត្រូវបានទទួល នូវការឧបត្ថម្ភ ស្មើៗគ្នា គ្រប់ក្រុមគ្រួសារ ។
នូវរាល់អំណោយ គឺសុទ្ធតែជាការបរិច្ចាករបស់សប្បុរសជន ក្នុងនិងក្រៅប្រទេស ដែលមានជំនឿទុកចិត្តចំពោះសកម្មភាពមនុស្សធម៌ទើបធ្វើឲ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការ បន្តជួយដល់ជនរងគ្រោះនៅគ្រប់មូល ដ្ឋាន បានទាន់ពេលវេលា និងប្រកប ដោយប្រសិទ្ធិភាព ។
លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅក្នុងស្រុកវាលវែង និងក្រុងពោធិ៍សាត់ត្រូវត្រៀមខ្លួនជានិច្ច អំពីការបម្រែបម្រួលអាកាសធាតុដែលមានកម្តៅខ្លាំង ជាហេតុនាំឱ្យកើតមាននូវអគ្គិភ័យគ្រប់ពេលវេលា ត្រូវតែថែរក្សាសុខភាព ទទួលទានអាហារឲ្យបានត្រឹមត្រូវ បរិភោគទឹកឆ្អិន រស់នៅក្នុងបរិស្ថានល្អស្អាត គេងក្នុងមុង ចេញទៅប្រកបមុខរបរធ្វើស្រែចំការ ត្រូវប្រុងប្រយ័ត្ន ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ សត្វអសិរពិស និងគ្រាប់មីនជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតនិងខូចខាតទ្រព្យសម្បត្តិជាដើម ៕ សុក្ខារិន