ខេត្តពោធិ៍សាត់៖ លោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តនិងជាប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តពោធិ៍សាត់និងសហការីបានចុះសួរសុខទុក្ខ សំណេះសំណាលអតីតយុវជនចំនួន ១៨ គ្រួសារ ដែលបច្ចុប្បន្នកំពុងរស់នៅភូមិអភិវឌ្ឍន៍ប៊ុនរ៉ានីហ៊ុនសែនដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ទោ ស ថេង បានមានប្រសាសន៍ថា អ្វីៗដែលបានកើតមានឡើងក្នុងបច្ចុប្បន្ននេះ ពិសេសគឺសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះធ្វើប្រជាពលរដ្ឋនិងប្រទេសជាតិទាំងមូល ពោរពេញដោយស្នាមញញឹមនិងការអភិវឌ្ឍ ចាប់ពីទីក្រុងដល់ជនបទទាំងនេះ គឺជាគុណបំណាច់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានរបស់អតីតយុទ្ធជនទាំងអស់ ក្នុងការធ្វើពលិកម្មគ្រប់សព្វឧបសគ្គស្ទើរពេញមួយជីវិត។
ពេលនេះអតីតយុទ្ធជនយើងត្រូវបានឈប់សម្រាប់ពីការងារបម្រើប្រជាជន និងប្រទេសជាតិដោយច្បាប់កំណត់ ហើយបានវិលត្រឡប់ទៅកសាងជីវភាពជាមួក្រុមគ្រួសារវិញ។ ក្នុងនោះដែរប្រមុខរាជរដ្ឋាភិបាល បានផ្តល់ដីសម្រាប់ធ្វើកសិកម្មនិងជួយសាងសង់លំនៅឋាន ជូនចំពោះគ្រួសារអតីតយុទ្ធជនក្រីក្រមានប្រាក់សោធន៍និវត្តន៍ និងទទួលបាននូវការគាំពារសង្គមគ្រប់ៗគ្នាផងដែរ។
លោកស្នងការបានក្រើនរំលឹកបន្ថែម សូមឲ្យគ្រួសារអតីតយុទ្ធជនទាំងអស់នាំគ្នាចូលរួមថែរក្សាការពារនូវសន្តិភាព ដែលបានមកពីញើសនិងឈាមរបស់យើងគ្រប់ៗគ្នា ឲ្យបានគង់វង្សដើមភាពសុខសាន្តដល់កូនចៅជំនន់ានេះនិងជំនាន់ក្រោយ។ ទន្ទឹមនេះខិតខំចូលរួមសហការណ៍ជាអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីទទួលបានប្រសិទ្ធភាពពិតប្រាកដផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស ថេង និងសហការី ក៏បាននាំនៅអំណោយជូនទាំង ១៨គ្រួសារដោយក្នុងនោះមួយគ្រួសារទទួនបានរួមមាន: មី ០១កេស ទឹកស៊ីអ៉ីវ ០១យូរ ត្រីខ ០១យូរ ទឹកសុទ្ធ ០១កេស អង្ករ ២០គីឡូក្រាម ថវិកាចំនួន ៥ម៉ឺនរៀល និងបានផ្តល់ថវិកាដល់កម្លាំងនៅប្រចាំការ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ចំនួន ១០នាក់ ក្នុងម្នាក់ ០៥ម៉ឺនរៀលផងដែរ ៕ សុក្ខារិន