ឯកឧត្តម ម៉ក់ សម្បត្តិ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបើក សវនកម្មផ្ទៃក្នុង នៅខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ

ខេត្តពោធិសាត់៖ ឯកឧត្តម ម៉ក់ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង នៅខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធនាព្រឹកថ្ងៃ៣០ខែមេសាឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ លោកអភិបាលរង ខេត្ត លោក នាយក នាយករងរដ្ឋបាលសាលាខេត្ត រដ្ឋបាលក្រុង ស្រុក ស្នងការរងនករបាលខេត្ត អធិការនគរបាលស្រុក ក្រុង និងឃុំ/សង្កាត់ ក្រោមចំណុះរដ្ឋបាលខេត្តចំនួន២៣០នាក់ ។

លោក គិត សុផា អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី និងប្រធានគណៈប្រតិភូ ដែលចំណាយពេលដ៏មានតម្លៃសម្រាប់ការអញ្ជើញចុះធ្វើសវនកម្មផ្ទៃក្នុង និងបានបញ្ចប់ការងារបិទកិច្ចសវនកម្មផ្ទៃក្នុង នៅរដ្ឋបាលខេត្តពោធិ៍សាត់។ជាបន្តលោក អភិបាលរងខេត្តបានអានរបាយការណ៍ដែលសម្រេចបានរបស់រដ្ឋបាលខេត្ត ព្រមទាំងឯកភាពទាំងស្រុងនូវរបាយការណ៍របស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង និងបានជំរុញដល់មន្រ្តីផ្នែកជំនាញពាក់ព័ន្ធនៅរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ឱ្យយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ណែនាំរបស់គណៈប្រតិភូសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ឱ្យមានប្រសិទ្ធភាពនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត។

ឯកឧត្តម ម៉ក់ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រាបជូននិង នាំយកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងរដ្ឋបាលខេត្តដែលខិតខំប្រឹងប្រែងចំពោះការអនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានជម្រាបជូនថា យោងតាមលិខិតបង្គាប់ការ របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ប្រតិភូ សវនកម្ម ផ្ទៃក្នុងផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារឱ្យចុះបំពេញបេសកកម្ម នៅតាមបណ្តាខេត្តក្នុងនោះក៏មានខេត្តពោធិ៍សាត់សម្រាប់ ការិយបរិច្ឆេទ២០២៣និងបណ្តាឆ្នាំពាក់ព័ន្ធ។

កិច្ចការនេះដោយផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិកមន្រ្តីរាជការ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការអភិវឌ្ឍសមត្ថភាពអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការត្រួតពិនិត្យហានិភ័យដែលកើតឡើងក្នុងកិច្ចប្រតិបត្តិការរបស់សវនដ្ឋាននីមួយៗ និងដើម្បីចុះធ្វើសវនកម្មតាមផែនការប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ និងត្រួតពិនិត្យឡើងវិញនូវការតាមដាន ការអនុវត្តអនុសាសន៍កែលម្អ ដើម្បីឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ចំពោះការងារហិរញ្ញវត្ថុរដ្ឋបាលខេត្តត្រូវចេះចាយវាយថវិការដ្ឋ ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ដើម្បីជៀសវាងការបាត់បង់ថវិការដ្ឋ ។

ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំដល់គ្រប់មន្ត្រីរាជការគ្រប់មូលដ្ឋានចំពោះភូមិឃុំមានសុវត្តិភាព សូមឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើល្បែងស៊ីសង គ្រឿងញៀន និងបទល្មើសផ្សេងៗ ដោយថ្មីៗនេះ ថ្នាក់ដឹកនាំក៏បានបង្កើតគណៈ កម្មាធិការ ដើម្បីបង្រាបប្រយុទ្ធប្រឆាំង និងទប់ស្កាត់អំពីបញ្ហាទាំងនេះផងដែរ។

ដោយមានការចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសូមឱ្យជម្រុញដល់គ្រប់សវនដ្ឋាននិងអង្គភាពពាក់ព័ន្ធត្រូវបន្តខិតខំយកចិត្តទុកដាក់និងកាត់បន្ថយកម្រិតហានិភ័យគ្រប់ប្រភេទ លើកិច្ចប្រតិបត្តិការនានាឱ្យកាន់តែប្រសើរនិងមានប្រសិទ្ធិភាពប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់និងអនុវត្តតាមគោនយោបាយរបស់រាជរដ្ឋាភិបាលនូវអភិក្រមទាំង៥គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាលបាល និងវះកាត់៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *