ខេត្តពោធិ៍សាត់៖ សហគមន៍នេសាទស្រីចឹក ជាសហគមន៍មួយក្នុងចំណោមសហគមន៍នេសាទទាំង១០ នៅលើផ្ទៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់សហគមន៍នេសាទស្រីចឹកនេះគឺស្ថិតនៅក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក ឌុក សុខា ប្រធានសហគមន៍នេសាទស្រីចឹក បានឲ្យដឹងនៅថ្ងៃទី២៩មេសា២០២៤នេះថា សហគមន៍នេះបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០៦ បច្ចុប្បន្នមានគណ:កម្មការគ្រប់គ្រងតំបន់អភិរក្សត្រីមេពូជព្រែកតាចាន់ចំនួន១៣រូប ដោយធ្វើការចេញល្បាតការពារដោយបណ្តាក់ៗគ្នា។
សហគមន៍នេសាទស្រីចឹក បានលាតសន្ធឹងតាមដងព្រែកតាចាន់ មានប្រវែវជាង១គីឡូម៉ែត្រ លើផ្ទៃដីសរុបប្រមាណជាង៨ហិកតា ថែរក្សាអភិរក្សត្រីមេពូជគ្រប់ប្រភេទប្រមាណ៣០ទៅ៣៥តោន ក្នុង១ឆ្នាំៗ នៅរដូវត្រីពងត្រីមេពូជទាំងនោះបានកូនចៅរាប់ពាន់លានក្បាល ក្នុងបឹងទន្លេសាបទាំងមូល ព្រមទាំងមានប្រភេទសត្វល្មូននិងថនិកសត្វផ្សេងៗរសនៅជាច្រើនប្រភេទក្នុងតំបន់អភិរក្សផងដែរ។
លោក ឌុក សុខា ប្រធានសហគមន៍បានបន្តថា ដោយសារការបម្រែបម្រួលអាកាសធាតុក្តៅខ្លាំងធ្វើឲ្យកម្ពស់ទឹកស្រកចុះលឿនអាចបង្ករផលប៉ះពាល់ ដល់ជម្រកត្រីក្នុងតំបន់អភិរក្ស ហើយម្យ៉ាងវិញទៀត តំបន់អភិរក្សត្រីមេពូជព្រែកតាចាន់សព្វថ្ងៃគោករាក់ជាអន្លើរៗផងដែរ ប្រសិនបើយើងពុំមានវិធានការជីកឬស្តារឲ្យបានជ្រៅទេនោះ។
លោកប្រធានសហគមន៍នេសាទខាងលើបានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធព្រមទាំងអង្កការដៃគួនានា សូមគៀងគរគម្រោងដើម្បីជីកស្តារតំបន់អភិរក្សត្រីមេពូជព្រែកតាចាន់នេះឲ្យបានជ្រៅ ដើម្បីធានានូវនិរន្តភាពត្រីមេពូជបង្កើតកូនចៅបានច្រើនក្នុងបឹងទន្លេសាបបន្តទៀតផងដែរ ។
ហើយលោកក៏បានធ្វើការសូមណូមពរដល់ប្រជានេសាទទាំងអស់សូមចូលរួមគោរពច្បាប់ស្តីពីជលផល និងមិនត្រូវប្រើឧបករណ៍ដែលច្បាប់ស្តីពីជលផល និងចូលរួមថែរក្សាការពារតំបន់អភិរក្សត្រីមេពូជព្រែកតាចាន់ និងតំបន់អភិរក្សត្រីមេពូជកន្លែងដ៏ទៃៗទៀត ដើម្បីរួមឡ្នាបង្កើនធនធានជលផលក្នុងបឹងទន្លេសាបអោយបានកាន់តែសម្បូរឡើងវិញ៕ សុក្ខារិន