ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់ព្រឹកថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ កន្លងទៅបានអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ នៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដើម្បីស្វះស្វែងរកវិធីដោះស្រាយអំពីបញ្ហាប្រឈមនិងការខ្វះខាតទឹកប្រើប្រាស់នៅពេលនេះ។
នៅក្នុងការចុះត្រួតពិនិត្យជាក់ស្ដែង នៅទីតាំងខាងលើនោះឯកឧត្តម ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្ត បានលើកឡើងចំនួន ៥ចំណុចដូចខាងក្រោម៖ ១- អ្នកដែលមានអាជ្ញាប័ណ្ណអូសទឹកស្អាតឱ្យបានលឿន ត្រូវចាត់មន្ត្រីជំនាញ ដើម្បីចុះពិនិត្យមើល បន្ថែមលើទីតាំងដែលត្រូវប្រឈម បុកអណ្ដូងទឹកបន្ថែមជូនគាត់មួយចំនួនទៀត ស្រះទឹក និងមានវិធានការចាំបាច់ ព្រមទាំងផ្តល់ កិច្ចអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត ។ល។ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាត ទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រាដែលរលកកម្តៅអូសបណ្លាយពេលយូរ។
២- ត្រូវធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដែលងាយ រងគ្រោះដោយសារកង្វះខាតទឹក ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹក និងការ ប្រើប្រាស់ទឹកដោយសន្សំសំចៃ។
៣- ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា អង្គការបរទេសនិងក្នុងស្រុក ដើម្បីជួយមានវិធានការ និងផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ។
៤- អាជ្ញាធរត្រូវឲ្យប្រជាពលរដ្ឋដែលចាក់ដីលប់ផ្លូវទឹកធ្វើលំនៅដ្ឋានត្រូវចាត់វិធានការឲ្យកាយផ្លូវទឹកវិញជាបន្ទាន់ និងពិនិត្យការផ្គត់ផ្គង់ទឹក និងចាត់វិធានការអន្តរាគមន៍បន្ទាន់ក្នុងករណីប្រជាពលរដ្ឋ នៅជនបទត្រូវការ។
៥- មធ្យោបាយតែមួយគត់ត្រូវប្រើម៉ាសុីនប៉ូមទឹកចេញពីស្ទឹងពោធិ៍សាត់ដាក់ចូលមេប្រឡាយរូចហើយបើកទ្វាទឹកបញ្ជូនឲ្យមកដល់គ្រប់ទីតាំងដែលកំពុងខ្វះខាតទឹកប្រើប្រាស់នេះតែម្ដង ហើយត្រូវធ្វើ របាយការណ៍ និងរាយការណ៍ជាប្រចាំមកអាជ្ញាធរស្រុកនិងខេត្តដើម្បីមានវិធានការបន្ទាន់។
ជាការកត់សម្គាល់ ការខ្វះខាតទឹកប្រើប្រាស់ និងបរិភោគ នៅខេត្តពោធិ៍សាត់មិនមែនជាលើកទីមួយនោះទេ កន្លងមកឱ្យតែដល់រដូវប្រាំងម្តងៗ ជាពិសេសនៅក្នុងខែមេសា ឆ្នាំ២០២៤ ហើយសម្រាប់ឆ្នាំ២០២៤ អាកាសធាតុនារដូវប្រាំងឆ្នាំនេះ មានការឡើងកម្ដៅខ្លាំងជាងឆ្នាំមុនៗ ហើយកម្ពុជា និងប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរក្នុងក្របខណ្ឌនៅទូទាំងប្រទេស ដោយសារបរិមាណទឹកភ្លៀងក្រោមមធ្យមភាគប្រចាំឆ្នាំ។
ជាចុងក្រោយ លោក យាំ យ៉េន មេឃុំតាលោរូមទាំងប្រជាពលរដ្ឋទាំង៧.៥៧៦គ្រួសារ និងអាជ្ញាធរស្រុកបានសម្ដែងការត្រេកអរយ៉ាងខ្លាំងដល់លោកអភិបាលខេត្តនិងមន្ទីរពាក់ព័ន្ធទាំងអស់ដែលបានមកជួយអន្តរាគមន៍នៅក្នុងឃុំតាលោចំនួន២២ភូមិកំពុងប្រឈមនិងកង្វះខាតទឹកសម្រាប់ការប្រើប្រាស់និងបរិភោគ ព្រោះបើសិនជាមេឃនៅតែបន្តរាំងស្ងួតមិនមានភ្លៀងរយៈពេល ១៥ថ្ងៃឬ២០ ថ្ងៃខាងមុខទៀតពលរដ្ឋនៅទីនេះនឹងជួបការលំបាកកាន់តែខ្លាំង៕ សុក្ខារិន