ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ មានអាការៈ ឈឺចុកចាប់ជើងទាំងពីរ ក៏បានជិះម៉ូតូឌុបប្រពន្ធអោយនាំទៅពេទ្យឯកជនមួយកន្លែងដើម្បី ចាក់ថ្នាំពីរម្ជុល និងផ្សំថ្នាំលេប ពេលមកដល់ផ្ទះវិញ ជើងក៏ចាប់ផ្តើមចុកចាប់បន្តទៀត ប្រពន្ធក៏យកថ្នាំអោយលេប បណ្តាលអោយរឹងដៃរឹងជើងស្លាប់ ហេតុការណ៍នេះ កើតឡើងតាំងពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ម្ល៉េះ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានអោយដឹងថា បុរសរងគ្រោះឈ្មោះ អ៊ុំ សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពាមលង្វែកឃុំកំពង់ហ្លួងស្រុកពញាឮ ខេត្តកណ្ដាល ប្រពន្ធឈ្មោះ សាប ចាន់ថាវី អាយុ៣៣ឆ្នាំ។
នៅក្នុងរបាយការណ៍ដដែលនបន្តថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង៣រសៀល ឈ្មោះ អ៊ុំ សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិពាមលង្វែកឃុំកំពង់ហ្លួងស្រុកពញាឮ ខេត្តកណ្ដាល បានឌុបប្រពន្ធឈ្មោះ សាប ចាន់ថាវី អាយុ៣៣ឆ្នាំ មកលក់ត្រីនៅមុខរោងចក្រស្ពានទី៣ ស្ថិតក្នុងភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង រហូតដល់ម៉ោង៥និង១០ នាទីល្ងាច ពួកនាងខ្ញុំត្រឡប់ទៅផ្ទះវិញ ពេលទៅដល់ផ្ទះ ប្ដីរបស់នាងខ្ញុំ បានប្រាប់ខ្ញុំថា គាត់មានការឈឺចុកចាប់ជើងទាំងពីរ ប្រាប់រួចខ្ញុំនឹងប្ដីក៏បានជិះម៉ូតូឌុបគ្នា មកទិញថ្នាំនៅពេទ្យឯកជនមួយកន្លែង ឈ្មោះបូរិន្ទលីតូ ស្ថិតក្នុងភូមិពោរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ពេលមកដល់កន្លែងពេទ្យខាងលើ បានជួបជាមួយ អ្នកគ្រូពេទ្យ ឈ្មោះ យ៉ាន់ និមល អាយុ៣០ឆ្នាំ ជាបុគ្គលិកពេទ្យនៅពេទ្យឯកជនខាងលើ មានទីលំនៅភូមិត្រពាំងវែង សង្កាត់ភ្នំតូច ខណ្ឌអង្គរជ័យ ខេត្តកំពត។
នៅពេលនោះគ្រូពេទ្យក៏ចាក់ថ្នាំចំនួន២ម្ជុល និងបានផ្សំថ្នាំអោយលេប ចំនួន៣ថ្ងៃទៀត ក្រោយពេលចាក់ថ្នាំរួច អ្នកទាំងពីរ ក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ លុះដល់ម៉ោង៩ និង២០នាទី យប់ ឈ្មោះ អ៊ុំ សុវណ្ណារិទ្ធ ក៏ចាប់ផ្ដើមឈឺជើងឡើងវិញ ប្រពន្ធក៏យកថ្នាំអោយលេប មួយសន្ទុះក៏រឹងដៃជើង ប្រពន្ធក៏ដឹកប្ដី តាមរថយន្ដទៅពេទ្យជប៉ុន ស្រុកពញាឮ ខេត្តកណ្ដាល ពេលទៅដល់បានស្លាប់តែម្ដង។
ចម្លើយរបស់អ្នកគ្រូពេទ្យឈ្មោះ យ៉ាន់ នីមិល បានឆ្លើយថា ខ្លួនពិតជាបានចាក់ថ្នាំឲ្យ ឈ្មោះ អ៊ុំ សុវណ្ណារិទ្ធ ចំនួនពីរម្ជុល ត្រង់ត្រគៀកទាំងសង្ខាងនឹងបានផ្សំថ្នាំលេប ចំនួន៣ថ្ងៃថែមទៀត។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះថា លោកបានទទួលព័ត៌មាននេះហើយ ចំពោះបញ្ហានេះ យើងមិនទាន់សន្និដ្ឋានថាបណ្តាលមកពីការប្រើថ្នាំ ឬ យ៉ាងណានោះទេ ជាព័ត៌មានបឋមយើងបានសិក្សារួចហើយ ជាបន្តខាងក្រសួងសុខាភិបាល នឹងចុះធ្វើអធិការកិច្ចនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះហើយ៕សុក្ខារិន