កំពង់ឆ្នាំង៖ ជុំវិញការចោទប្រកាន់ព្រះគ្រូចៅអធិការវត្តច័ន្ទសូរិយា ហៅវត្តក្រឡាញ់ ស្ថិតនៅក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ថាបានវាស់ដីមុខវត្តពុះឡូត៍លក់ នៅព្រឹកថ្ងៃទី ២៩ ខែមេសាឆ្នាំ២០២៤ ត្រូវបានគណៈកម្មាធិការវត្ត ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានចេញមុខបដិសេធជុំវិញបញ្ហានេះ។
លោក ណុប សឿន ប្រធានគណៈកម្មាធិការវត្ត បានផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា៖ តាមពិតដើមឡើយមុខវត្តគឺមានព្រៃដុះហើយក៏មានអ្នកកាប់ឆ្ការដើម្បីបង្កបង្កើនផល ព្រោះជាដីជាប់មាត់បឹង ប៉ុន្តែពុំមានការលក់ដូរឬទិញនោះទេ ។
ជំុវិញការចោទប្រកាន់ ចៅអធិការវត្ត ថា បានលក់ដីគឺជារឿងមិនពិតព្រោះធម្មតាពុទ្ធបរិស័ទចំណុះជើងវត្តតែងតែមកសុំដីមុខវត្ត ដើម្បីធ្វើចេតិយ ឬក៏ធ្វើម៉ុងបញ្ចុះសព ចៅ អធិការវត្ត តែងតែឲ្យ ហើយខ្លះក៏មានសទ្ធាជ្រះថ្លាជួយជាស៊ីម៉ង់១ឬ២តោន ខ្លះក៍ជួយកសាងកុដិ និងបន្ទប់ទឹកជាដើម ។
លោក ជា វណ្ណា មេឃុំអូរឬស្សី ក៏បានបញ្ជាក់ដែរថាពុំមានការលក់ដីមុខវត្តដើម្បីកសាងចេតិយឬម៉ុងបញ្ចុះសពនោះទេ ព្រោះដីគឺស្ថិតនៅក្នុងកម្មសិទ្ធិរបស់វត្ត ក្នុងនាមលោកជាអាជ្ញាធរឃុំពុំដែលឃើញមាន អ្នកទិញនិងអ្នកលក់មកសុំចុះហត្ថលេខា ទិញលក់ដីអ្វីនោះដែរលោកសូមបដិសេធការ ចោទប្រកាន់ថាលោកបានលក់ដីវត្តនេះ ហើយនិងសូមឲ្យ អ្នកសារព័ត៌មានជួយសរសេរការពិតពីរឿងនេះផង។
សូម បញ្ជាក់ថាៈ ថ្ងៃទី នេះ២៩ ខែមេសានេះដែរ តាមការគ្រោងទុក មន្ត្រីសង្ឃ និងមន្ទីរធម្មការនបានបើកអធិការកិច្ចចុះទៅស៊ើបអង្កេតក្នុងរឿងនេះប៉ុន្តែផ្ទុយទៅវិញ ពេលដល់ន្ត្រីទាំងនោះបានដល់វត្តមិនទាំងចុះពីលើរថយន្ត បែរជានាំគ្នាបត់រថយន្តចេញមកវិញអស់ ដែលធ្វើឲ្យព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទដែលទន្ទឹងរង់ចាំមួយព្រឹកគ្មានបានលទ្ធផលអ្វីឡើយ។
សូមរំឮកថា កន្លងមកមានការចោទប្រកាន់ទៅលើចៅអធិការវត្ត ព្រះនាម ឆៃ សៅ ថាបានវាស់ដីពុះឡូតិ៍ទំហំ ៥ គុណនឹង១០ ម៉ែត្រតម្លៃ ដុល្លា៧ពាន់ដុល្លា ក្នុងមួយប្លង់សម្រាប់ធ្វើ ចេតិយនិងធ្វើម៉ុង ទើបនៅព្រឹកថ្ងៃទី២៩ ខែមេសា នេះមានការរៀបចំធ្វើអធិការកិច្ចរបស់មន្ត្រីសង្ឃនិងមន្ទីរពាក់ព័ន្ឋ ប៉ុន្តែអ្វីដែលជាប្រការគួរសោកស្តាយនោះ មន្ត្រីនៃមន្ទីធម្មការ គ្រាន់តែដល់ក្នុងវត្តក៍ត្រឡប់ចេញមកវិញ មិនបានជួបព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋនោះឡើយ៕