ខេត្តពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងសមត្ថភាព ដល់អនុគណៈកម្មការ បង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញនិងស្រុកវាលវែងសម្រាប់ជំហានទី៣ នាព្រឹកថ្ងៃទី២៧ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ទី១សាលាខេត្តដោយមានការចូលរួមពី អភិបាលរងខេត្ត អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងការកោតសរសើរដល់មន្ត្រីក្រុមការងារទាំងថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិបានខិតខំប្រឹងប្រែងក្នុងការបង្កាបង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ទទួលបានលទ្ធផលល្អប្រសើរ។
កិច្ចប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសព្រៃឈើក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់មានលក្ខណៈទ្រង់ទ្រាយធំនិងបានរៀបចំឡើងបន្ទាប់ពីមានបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអនុវត្តច្បាប់ ឱ្យបានតឹងរឹងនិងមានប្រសិទ្ធិភាពចំពោះអ្នកប្រព្រឹត្តបទល្មើសដោយមិនលើកលែងឡើយ។
ឯកឧត្តមបាន ជម្រាបជូនថា មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ បានចុះបង្ក្រាបទប់ស្កាត់ដោយបានធ្វើការឃ្លុំដីចំនួន ២៣៥៩២ហិកតា ។
នៅដើមឆ្នាំ២០២៤សកម្មភាពបទល្មើសធនធានព្រៃឈើនៅតែកើតមានលក្ខណៈទ្រង់ទ្រាយធំនោះរដ្ឋបាលខេត្តបានស្នើសុំជួយអន្តរាគមន៍ពីថ្នាក់ជាតិ ដោយសម្រេចបន្ថែមកម្លាំង៥០០នាក់ ក្នុងនោះកម្លាំងកងរាជអាវុធហត្ថចំនួន២៥០នាក់និងកម្លាំងនគរបាលជាតិ២៥០នាក់រួមជាមួយកម្លាំងថ្នាក់ក្រោមជាតិចំនួន២៨៩នាក់ដែលមានចំនួន១៣ទីតាំងជាលទ្ធផលឃ្លុំដីបានចំនួន១៥៩១៥ហិកតា សរុបឃ្លុំដីទាំង២លើកបានចំនួន៣៩៥០៧ហិកតា និងបានកសាងផែនទីជូនទៅក្រសួងបរិស្ថានដើម្បីកំណត់ការស្តាព្រៃឈើឡើងវិញ។
ជាមួយគ្នានោះកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ១៣ករណី និងស្ថិតក្នុងការឃ្លាំមើលនិងតាមដានពីសមត្ថកិច្ចចំនួន២នាក់ ធ្វើកិច្ចសន្យា២នាក់ និងអប់រំណែណាំ៥១នាក់។
ក្រៅពីនោះបានធ្វើការដកហូតវត្ថុតាងមករក្សាទុកជាច្រើនទៀតដូចជាត្រាក់ទ័រ២គ្រឿង ម៉ូត៉ូ១៨គ្រឿង អាវុធកែឆ្នៃ១២គ្រឿង រណាយន្ត៤៧គ្រឿង ម៉ាស៊ីនកាត់ស្មៅ២១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ១៣គ្រឿងនិង រុះរើខ្ទម៦៦កន្លែង។
តាមរយៈនៃកិច្ចប្រជុំនេះ ឯកឧត្តម ខូយ រីដា សូមឱ្យមន្ត្រីសមត្ថកិច្ចប្រចាំការចំណុចគោលដៅទាំងអស់បន្តនិងជម្រុញការអនុវត្តច្បាប់១០០%មិនមានការលើកលែង និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យារួចដោះលែងអ្នកប្រព្រឹត្តបទល្មើស ។ ត្រូវមានកិច្ចសហប្រតិបត្តិការល្អជាមួយ អាជ្ញាធរមូលដ្ឋានក្នុងការស្រាវជ្រាវមុខសញ្ញាជនល្មើស និងជម្រុញការដាំស្តាព្រៃឈើនិងឈើហូបផ្លែដែលបានដកហូតនិងឃ្លុំទុកនាពេលកន្លងមកនេះ។
ឯកឧត្តមបានបញ្ជាក់ថាចំពោះទិសដៅអនុវត្តបន្តសម្រាប់ជំហានទី៣ត្រូវបង្រួមក្រុមការងារមកត្រឹម៦ក្រុម ឈរជើងនិងល្បាតការពារជាប្រចាំតាមគោលដៅ និងពង្រឹងកិច្ចសហការណ៍នៅមូលដ្ឋាន។
រៀបចំតំឡើងផ្ទាំងប៉ាណូ សម្គាល់ទីតាំងដីដែលបានឃ្លុំរួច ។សហការណ៍ជាមួយក្រសួងបរិស្ថានកសាងផែនទីឡើងវិញ និងបង្កើនក្រុមការងារចម្រុះក្នុងការរៀបចំផែនការរយៈពេល៥ឆ្នាំដើម្បីដាំស្តាព្រៃឈើចំពោះដីដែលបានឃ្លុំការពារ ។
ដោយឯកឧត្តមបានបញ្ជាក់ថា សក្តានុពលធនធានព្រៃឈើមានមុខងារយ៉ាងសំ ខាន់សម្រាប់មនុស្ស សត្វនិងរុក្ខជាតិនៅលើភពផែនដី សម្រាប់ផ្តល់ការប្រើប្រាស់ បើគ្មានគម្របព្រៃឈើទេនោះ ពិតជាជួបហានិភ័យដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះ ហូរច្រោះបាក់ដីខូចខាតផលដំណាំ ផ្ទះសម្បែងនិងបង្កការប៉ះពាល់ទៅដល់បឹងទន្លេសាបយើងទាំងមូលកាន់តែរាក់ទៅៗជាក់ជាមិនខាន ។
ដោយសារមានឆន្ទះនិងស្រឡាញ់ព្រៃឈើពីអភិបាលខេត្តនិងក្រុមការងារគ្រប់ផ្នែកគ្រប់ថ្នាក់នោះសង្ឃឹមថា ទទួលបានជោគជ័យនិងរក្សាការពារដីព្រៃដែលឃ្លុំនេះឱ្យបានគង់វង្ស ប្រើប្រាស់ ដាំដុះឡើងវិញទៅតាមគោលការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕ សុក្ខារិន