ខេត្តកំពង់ឆ្នាំង៖ ពិធីសម្ពោធប្រគល់-ទទួលផ្ទះ ថ្មថ្មី ១ខ្នង ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី យុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤ នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
កុមារកំព្រា២នាក់បងប្អូន ដោយបងប្រុសឈ្មោះ ពឹម សំណាង អាយុ ១៧ឆ្នាំ មានមុខរបរជាកម្មករនៅក្នុងកសិដ្ឋានចិញ្ចឹមជ្រូក និងប្អូនស្រីឈ្មោះ ពឹម ណេង អាយុ ១២ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ កំព្រាឪពុកម្តាយ និងរស់នៅបណ្តោះអាសន្នជាមួយឪពុកធំម្តាយធំ ហើយនៅថ្ងៃនេះ កុមារកំព្រា២នាក់បងប្អូន បានទទួលផ្ទះថ្មថ្មីមួយខ្នង ដែលមានទំហំ ៧មx៦ម សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, មានចាក់សាបជុំវិញផ្ទះ និងសួនបន្លែ១ សរុបតម្លៃចំនួន ៧.៥០០ដុល្លារ និងទទួលបានសម្ភារៈនិងគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន៥លានរៀល។
ឆ្លៀតក្នុងពិធីសម្ពោធប្រគល់-ទទួលផ្ទះថ្មថ្មីនេះ កាកបាទក្រហមកម្ពុជា ក៏បានឧបត្ថម្ភជូនដល់ចាស់ៗដែលរស់នៅក្បែរខាងចំនួន ៣៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ឃីត១ (សារុង១ មុង១ ភួយ១ និងក្រមា១) និងថវិកា២ម៉ឺនរៀល។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោកជំទាវអគ្គលេខាធិការរងទី១ បាននាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។
លោកជំទាវ បានប្រសាសន៍បន្ថែមថា “ការសាងសង់ផ្ទះបានសមរម្យមួយនេះ គឺជាការគិតគូវែងឆ្ងាយរបស់សម្តេចកិត្តិបណ្ឌិតប្រធាន ចំពោះកុមារកំព្រា២នាក់បងប្អូន ព្រោះក្មួយប្រុស ពឹម សំណាង ត្រូវបានព្យាបាលជំងឺមិនប្រក្រតីទ្វារធំដោយចំណាយថវិកាទាំងស្រុងរបស់សម្តេចប្រធាន ត្រូវរស់នៅឱ្យមានអនាម័យដើម្បីឱ្យមានសុខភាពល្អ ដូច្នេះត្រូវមានបន្ទប់ទឹកស្អាតមួយសមរម្យ ចំណែកក្មួយស្រី ពឹម ណេង ត្រូវមានបន្ទប់មានសុវត្ថិភាព ហើយសម្រាប់អំណោយដែលបានចែកជូនបងប្អូននាពេលនេះ គឺបានមកសប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគថវិកាដោយសទ្ធាជ្រះថ្លាដល់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកាកបាទក្រហមកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត ជាក់ស្តែងនៅថ្ងៃនេះកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមកចែកជូនបងប្អូននាពេលនេះ”។
លោកជំទាវបានបន្តទៀតថា “បច្ចុប្បន្នប្រទេសកម្ពុជាកំពុងរងគ្រោះពីការប្រែប្រួលអាកាសធាតុគឺការឡើងកម្តៅខ្លាំងនិងមានការខ្វះខាត់ទឹកស្ទើរតែគ្រប់ទីកន្លែង សូមបងប្អូនទាំងអស់ប្រើទឹកដោយសន្សំសំចៃ ហើយបន្ទាប់ការឡើងកម្តៅនេះប្រទេសកម្ពុជានឹងមានរន្ទះច្រើន ដូច្នេះនៅរដូវវស្សាខាងមុខនេះ សូមបងប្រុងប្រយ័ត្នពេលមានភ្លៀងធ្លាក់ និងសូមប្រុងប្រយ័ត្នជំងឺគ្រុនឈាម សូមបងប្អូនសម្អាតបរិស្ថានជុំវិញផ្ទះ កម្ចាត់ជម្រកមូស ដូចពាក្យចាស់ពោលថា “ការពារប្រសើរជាងព្យាបាល”។
ជាចុងក្រោយនេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការជូនបងប្អូនប្រជាពលរដ្ឋទាំងអស់៕ យោងតាមប្រភពពីកាកបាទក្រហមកម្ពុជា