ខេត្តកំពង់ឆ្នាំង៖ កុមារីម្នាក់បានលង់ទឹកស្លាប់ នៅក្នុងរណ្តៅដីមួយកន្លែង សង្ស័យថាគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ។ ករណីខាងលើនេះកើតឡើងនៅម៉ោងប្រមាណ ១៧និង១៥នាទីល្ងាច ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅចំណុចរណ្ដៅដីរបស់ឈ្មោះ កែ សារឿន ក្នុងភូមិសាស្ត្រភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆាម ស្រីនិច ភេទស្រី អាយុ ៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ មូលហេតុបណ្តាលមកពីឪពុកម្តាយធ្វេសប្រហែស មិនបានដឹងថាកូនទៅលេងនៅទីកន្លែងកើតហេតុ។
ក្រោយពេលទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃគ្រី បានចុះទៅពិនិត្យសាកសព ឃើញថា កុមារីរងគ្រោះពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងប្រាកដមែន បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ពាក់ព័ន្ធករណីនេះ លោកកែ សារឿន បញ្ជាក់ថាករណីលង់នោះមិនមែននៅទីតាំងរណ្តៅដីនោះទេ គឺជាកន្លែងដែលគាត់រៀបចំទាក់ទាញ លំអទុកឲ្យអ្នកទៅលែងថតរូបអនុស្សារីយ៍ និងដាក់ទាទឹកធាក់លេងកំសាន្ត មានជម្រៅត្រឹម.ក. ប៉ុណ្ណោះ! ប៉ុន្តែមិនទាន់បានដាក់អីផងក៏មានរឿងអកុសលបែបនេះកើតឡើង។
ទោះជាមានការលើកឡើងដូចនេះក្តីប្រជាពលរដ្ឋដាក់ការសង្ស័យថារណ្តៅដីរបស់លោកកែ សារឿន មិនបានអនុវត្តស្របតាមច្បាប់នោះទេ ដូចនេះស្នើអាជ្ញាធរពាក់ព័ន្ធផ្អាកអាជីវកម្មខាងលើ ចុះពិនិត្យស្រាវជ្រាវជាក់ស្តែង ដើម្បីបង្កាកុំមានការបាត់បង់ជីវិតប្រជាពលរដ្ឋ ជាពិសេសកូនតូចៗជាទីស្រឡាញ់របស់ពួកគាត់បន្តទៀត ៕សុក្ខារិន