ខេត្តកំពង់ឆ្នាំង៖ មនុស្សចំនួន៣នាក់ រួមជាមួយគ្រឿងចក្រ១គ្រឿងប្រភេទអុិចស្កាវ៉េទ័រ និងរថយន្តដឹកគ្រឿងចក្រ១គ្រឿងទៀតត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាជេស ស្រុកកំពង់ត្រឡាច សហការជាមួយមន្ត្រីជំនាញផ្នែករដ្ឋបាលជលផល ធ្វើការចាប់ឃាត់ ខណៈកំពុងធ្វើសកម្មភាពឈូសឆាយវាតយកដីបឹងរបស់រដ្ឋមួយកន្លែង ស្ថិតនៅចំណុចបឹងធំ ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ។
លោកនួនរិទ្ធីនាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះថា ការណ៍ដែលសមត្ថកិច្ចធ្វើការឃាត់គ្រឿងចក្រ និងមនុស្ស៣នាក់ ខាងលើនេះ គឺដោយសារតែពួកគេបានយកគ្រឿងចក្រទៅឈូសឆាយពង្រីកដីបឹងរបស់រដ្ឋ ដែលជាដែននេសាទការពាររបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិ ដើម្បីអាស្រ័យផល ជាប្រយោជន៍ផ្ទាល់ខ្លួន។
លោកនាយផ្នែករដ្ឋបាលបានឲ្យដឹងទៀតថា ករណីខាងលើនេះគឺ ជាករណីខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ដូច្នេះត្រូវតែកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ដែលមិនអាចលើកលែង និងអនុគ្រោះឲ្យបានឡើយ។
លោកបញ្ជាក់អោយដឹងទៀតថា បច្ចុប្បន្នគ្រឿងចក្រត្រូវបានរក្សាទុក នៅកំពង់ត្រឡាចក្រោម ចំណែកមនុស្សទាំង៣នាក់ខាងលើនេះ ផ្ញើទុកនៅនិងសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ជាបណ្ដោះអាសន្នសិននៅពេលមន្ត្រីជំនាញ រៀបចំឯកសារចប់ នឹងត្រូវបញ្ជូនទៅកានតុលាការ ដើម្បីចាត់ការតាមនិតិវិធីផងដែរ ៕សុក្ខារិន